សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត
“កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ” ដែលនឹងជួយបណ្តុះជំនាញដោះស្រាយបញ្ហាប្រកបដោយតក្កវិជ្ជា ការគិតបែបវិភាគ និងភាពច្នៃប្រឌិតខ្ពស់ នឹងផ្តើមអនុវត្តសាកល្បងនៅតាមសាលារៀនគោលដៅក្នុងរាជធានីខេត្តចំនួន៤០ នៅក្នុងខែមីនានេះ ក្នុងចំណោម១០០សាលារៀនដែលនឹងអនុវត្តបន្ទាប់។
កាលពីចុងសប្ដាហ៍កន្លងទៅ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូដឹកនាំនៅតាមបណ្តាសាលាបឋមសិក្សាគោលដៅបានជួបប្រជុំគ្នា ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការអនុវត្ត “កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ” ឱ្យមានប្រសិទ្ធភាពនៅតាមសាលារបស់ខ្លួន ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថសិស្សពីត្រឹមជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ឱ្យក្លាយទៅជា អ្នកបង្កើត និងអ្នកដោះស្រាយបញ្ហាតាមរយៈបច្ចេកវិទ្យាវិញ។
លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ការអនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ ដែលផ្តើមអនុវត្តនៅខែមីនានេះ គឺជាការចាប់ផ្តើមពីកម្រិតទី១ ដោយប្រើប្រាស់កម្មវិធីបង្កើតហ្គេម និងរឿងនិទាន។ លោកបន្ថែមថា វិធីសាស្ត្របង្រៀននៅកម្រិតទី១នេះ គឺផ្តោតលើគោលគំនិតសំខាន់ ៤ រួមមាន លេង (To Play), គិត (To Think) សរសេរកូដ (To Code) និងឆ្លុះបញ្ចាំង (To Reflect)។
បើតាមក្រសួងអប់រំ កម្មវិធីអប់រំការគិតបែបកុំព្យូទ័រនេះ នឹងជួយពង្រឹងសមត្ថភាពសិស្សឱ្យចេះដោះស្រាយបញ្ហាដោយមានជំហានច្បាស់លាស់ គិតបែបវិភាគ និងតក្កវិជ្ជា មានភាពអត់ធ្មត់ និងចេះរៀនពីកំហុស មានភាពច្នៃប្រឌិត និងហ៊ានបង្កើតគំនិតថ្មីៗ ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគតលើគ្រប់វិស័យ មិនថាវិស័យកសិកម្ម សុខាភិបាល ឬហិរញ្ញវត្ថុ សុទ្ធតែត្រូវការអ្នកដែលមានជំនាញបច្ចេកវិទ្យា៕