ក្រសួងអប់រំ យុវជន និងកីឡា កំពុងដំណើរការស្តារ និងជួសជុលអគារសិក្សាចំនួន៤២ខ្នងឡើងវិញ នៅតាមខេត្តជាប់ព្រំដែនចំនួន ៥ ដែលទទួលរងការវាយប្រហារដោយសង្គ្រាមដែលបង្កឡើងដោយប្រទេសថៃ។

ក្រសួងអប់រំ យុវជន និងកីឡា កំពុងដំណើរការស្តារ និងជួសជុលអគារសិក្សាចំនួន៤២ខ្នងឡើងវិញ នៅតាមខេត្តជាប់ព្រំដែនចំនួន ៥ ដែលទទួលរងការវាយប្រហារដោយសង្គ្រាមដែលបង្កឡើងដោយប្រទេសថៃ។
អគារសិក្សាទាំងនេះស្ថិតនៅក្នុងសាលារៀន២៧ទីតាំងនៃខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងអប់រំនៅថ្ងៃទី២៩ ខែមេសា បានបញ្ជាក់ថា អគារសាលាដែលរងការខូចខាតទាំងនេះ កំពុងត្រូវបានជួសជុលជាបន្តបន្ទាប់ ខណៈអគារខ្លះនៅមិនទាន់មានគម្រោងស្តារឡើងវិញនៅឡើយព្រោះតំបន់ខ្លះកំពុងកាន់កាប់ដោយយោធាថៃ។
លោក កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា និងជាអ្នកនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា ការជួសជុលកំពុងដំណើរការជាបណ្តើរៗ ហើយមកទល់ពេលនេះ មានសាលាចំនួន២ បានបញ្ចុះបឋមសិលាសាងសង់អគារថ្មី។
កាលពីថ្ងៃទី២៨ ខែមេសា អគារសិក្សាថ្មីមួយខ្នង មាន៦បន្ទប់ នៅសាលាបឋមសិក្សាអំពិល ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានចុះបឋសីលាដើម្បីដំណើរការសាងសង់។

មានសាលារៀនប្រមាណ២៦០ ត្រូវបិទទ្វារដោយសារសង្គ្រាមបង្កឡើងដោយប្រទេសថៃកាលពីឆ្នាំ ២០២៥។ បច្ចុប្បន្ន សាលាភាគច្រើនបានបើកដំណើរការឡើងវិញ នៅសល់តែ៩សាលាប៉ុណ្ណោះបន្តបិទទ្វារដោយសារសាលារៀនទាំងនោះស្ថិតនៅក្នុងតំបន់ហានិភ័យ។
លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាស្តារ និងជួសជុលសាលារៀន ព្រមទាំងបង្កើតកន្លែងសិក្សាបណ្តោះអាសន្ន ដើម្បីធានាថាកុមារដែលរងផលប៉ះពាល់ពីជម្លោះ អាចបន្តការសិក្សាបាន។
លោកមានប្រសាសន៍ថា៖ « ការសិក្សានៅតំបន់ជំរំភៀសខ្លួនអាចមិនមានគុណភាព និងភាពជាប់លាប់ដូចការសិក្សានៅសាលាធម្មតា ដូច្នេះការគាំទ្របន្ថែមសម្រាប់កុមារ នៅពេលពួកគេត្រឡប់ទៅសាលាវិញ គឺមានសារៈសំខាន់ ដើម្បីបំពេញការខកខានក្នុងការសិក្សា»។
សូមជម្រាបថា ជម្លោះព្រំដែនកម្ពុជា-ថៃ នៅមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ ខណៈប្រទេសទាំងពីរ កំពុងបន្តដំណើរការចរចាតាមផ្លូវការទូត និងច្បាប់អន្តរជាតិ៕
