បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ កំពុងធ្វើបរិវត្តកម្មជំនាញ តាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធ TVET នៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងទីផ្សារការងារ

ក្រសួងអប់រំ កំពុងធ្វើបរិវត្តកម្មជំនាញ តាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធ TVET នៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងទីផ្សារការងារ

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Tennealle O’Shannessy អគ្គនាយិកា នៃ IDP Education កាលពីដើមសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំកំពុងជំរុញយ៉ាងសកម្មនូវរបៀបវារៈបរិវត្តកម្មជំនាញ តាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្រិតមធ្យមសិក្សា ដើម្បីប្រែក្លាយយុវជនកម្ពុជាឱ្យទៅជាកម្លាំងពលកម្មជំនាញ ឆ្លើយបតទៅនឹងទីផ្សារការងារនាពេលអនាគត។

Advertisement

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ក្នុង​ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្រិតមធ្យមសិក្សា ក្រសួងបានដាក់ឱ្យអនុវត្ត “គន្លងអប់រំថ្មី” ដែលអនុញ្ញាតឱ្យសិស្សរៀនជំនាញបច្ចេកទេសតាំងពីថ្នាក់វិទ្យាល័យ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ ឬបន្តសិក្សាជាន់ខ្ពស់។ ទន្ទឹមនឹងនេះ ក្រសួងបន្តពង្រឹង និងពង្រីកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដែលបច្ចុប្បន្នមានជំនាញសំខាន់ៗដូចជា ផ្នែកបច្ចេកវិទ្យា មាន អគ្គិសនី, អេឡិចត្រូនិក, បច្ចេកវិទ្យាកុំព្យូទ័រ, ការរចនាឌីជីថល, ផ្នែកកសិកម្ម មាន កសិកម្មឆ្លាតវៃ, ការចិញ្ចឹមសត្វ, វិទ្យាសាស្ត្រកសិកម្ម និង ផ្នែកសេវាកម្ម មាន គណនេយ្យ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច។

បន្ថែមពីនេះ ក្រសួងអប់រំក៏បាននិងកំពុងជំរុញគម្រោងអប់រំយុវជនសម្រាប់សហគ្រិនភាព និងការងារ (EYE Project), កម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងការធ្វើទំនើបកម្ម និងឌីជីថលរូបនីយកម្ម (Digital TVET)។

លោកស្រី Tennealle O’Shannessy មានប្រសាសន៍ថា នុងតួនាទីជា “Business Champion” លោកស្រី មានគោលដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងអប់រំ ជំរុញឱ្យធុរកិច្ចអូស្ត្រាលីមកវិនិយោគនៅកម្ពុជា និងបង្កើនកិច្ចសហការលើវិស័យបណ្តុះបណ្តាលជំនាញ ផ្តល់ឱកាសអាហារូបករណ៍ ជួយសិស្សានុសិស្សកម្ពុជាឱ្យទទួលបានព័ត៌មានអំពីអាហារូបករណ៍ និងការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី កាណាដា អង់គ្លេស និងអាមេរិក ព្រមទាំងកសាងធនធានដឹកនាំ តាមរយៈការបណ្តុះបណ្តាលភាសាអង់គ្លេស។

ជាមួយគ្នានេះ លោកស្រីអគ្គនាយិកា IDP Education បានបង្ហាញការចាប់អារម្មណ៍ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយជំនាញឆ្លើយតបនឹងទីផ្សារការងារ ក៏ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI)។

យ៉ាងណាក៏ដោយ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត របស់ IDP Education ជាពិសេសចំណាប់អារម្មណ៍វិនិយោគលើការអប់រំបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) ដោយជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែងរវាងក្រសួងអប់រំ និង IDP Cambodia ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា