ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីគ្រោះថ្នាក់ នៃការសេពគ្រឿងស្រវឹង និងជំរុញឱ្យមានការចូលរួមបង្ការបញ្ហាសុខភាពសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានប្រកាសបើកការប្រកួតផលិតវីដេអូអប់រំខ្លីថ្នាក់ជាតិ ក្រោមប្រធានបទ «ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង»។
ការប្រកួតនេះផ្តោតលើការផលិតវីដេអូអប់រំដែលបង្ហាញពីផលវិបាកនៃការផឹកស្រា ទាំងចំពោះសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គម ខណៈការសេពគ្រឿងស្រវឹងនៅតែជាកត្តាហានិភ័យសំខាន់មួយ ដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់យុវជន។
អ្នកជំនាញយល់ឃើញថា កម្មវិធីនេះមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីដណ្តើមរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់យុវជនបញ្ចេញសមត្ថភាពក្នុងការផលិតមាតិកាឌីជីថល និងចូលរួមផ្សព្វផ្សាយសារសង្គមដ៏មានសារៈសំខាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការសេពគ្រឿងស្រវឹងនៅកម្ពុជា។
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាប្រាប់ AMS ថា គ្រឿងស្រវឹងអាចបណ្ដាលឱ្យកើតជំងឺជាង២០០ប្រភេទ ហើយក៏ជាមូលហេតុសំខាន់ នៃគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្លូវភេទ និងបញ្ហាសណ្ដាប់ធ្នាប់សង្គមផ្សេងៗ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ការចំណាយលើគ្រឿងស្រវឹង មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែការចំណាយលើការព្យាបាលជំងឺ និងការដោះស្រាយការខូចខាតពីគ្រោះថ្នាក់ចរាចរណ៍ មានទំហំធំជាងការចំណាយទិញគ្រឿងស្រវឹងយ៉ាងច្រើន។
បេក្ខជនចូលរួមត្រូវជាសិស្ស ឬនិស្សិត ដែលកំពុងសិក្សានៅគ្រឹះស្ថានមធ្យមសិក្សា និងឧត្តមសិក្សា សាធារណៈ ឬឯកជន នៅទូទាំងប្រទេស។ វីដេអូដែលដាក់ប្រកួតត្រូវមានរយៈពេលចន្លោះពី ៩០ ទៅ ១៨០ វិនាទី និងត្រូវមានខ្លឹមសារច្បាស់លាស់ ស្របតាមប្រធានបទ មានគុណភាពរូបភាព និងសំឡេងល្អ ព្រមទាំងបង្ហាញពីភាពច្នៃប្រឌិត។
ក្រសួងបានបញ្ជាក់ថា វីដេអូទាំងអស់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យជាមុន មុនអនុញ្ញាតឱ្យផ្សព្វផ្សាយលើបណ្តាញសង្គមនានា ដូចជា Facebook, TikTok និង YouTube។
ដើម្បីលើកទឹកចិត្តដល់ស្នាដៃរបស់យុវជន គណៈកម្មការបានកំណត់រង្វាន់ជាច្រើនសម្រាប់ជ័យលាភី ដោយ លេខ១ ទទួលបានប្រាក់រង្វាន់ ៣,២០០,០០០រៀល, លេខ២ ទទួលបាន ២,៤០០,០០០រៀល និង លេខ៣ ទទួលបាន ១,៦០០,០០០រៀល។ ក្រៅពីនេះ ក៏មានរង្វាន់លើកទឹកចិត្តចំនួនពីរផងដែរ ដែលម្នាក់ៗទទួលបាន ៤០០,០០០រៀល។
ក្រសួងអប់រំបានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ជួយផ្សព្វផ្សាយកម្មវិធីនេះ និងលើកទឹកចិត្តសិស្ស-និស្សិតឱ្យចូលរួម ដោយចាត់តាំងគ្រូបង្គោលផ្តល់ការណែនាំ និងគាំទ្រដល់ការផលិតស្នាដៃវីដេអូអប់រំប្រកបដោយគុណភាព។
សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់បំរាមក្នុងការហាមឃាត់ការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផលលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ ដែលត្រូវបានគេចាត់ទុកថាគឺជាការចាប់ផ្តើមដ៏ល្អក្នុងការការពារធនធានមនុស្សរបស់កម្ពុជា ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕