វិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងជួបប្រទះបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលប៉ះពាល់ដល់គុណភាពអប់រំ រួមមានអត្រាអវត្តមានសិស្សខ្ពស់ លទ្ធផលសិក្សាទាប និងកម្រិតអនុវត្តស្តង់ដាសាលារៀនមិនទាន់ឈានដល់កម្រិតអប្បបរមា។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញផែនការពង្រឹងគុណភាពសាលារៀនឡើងវិញជាបន្ទាន់។
លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី១១ ខែមិថុនា ជាមួយគណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃវិទ្យាល័យទួលប្រាសាទសែនសុខ ដើម្បីពិនិត្យវាយតម្លៃស្ថានភាពជាក់ស្តែង ស្វែងរកមូលហេតុនៃបញ្ហាប្រឈម និងកំណត់វិធានការកែលម្អប្រសិទ្ធភាពការងារ។
យោងតាមរបាយការណ៍វាយតម្លៃរបស់សាលា បញ្ហាសំខាន់ៗដែលកំពុងកើតមាន រួមមានអត្រាអវត្តមានសិស្សនៅខ្ពស់ បញ្ហាវិន័យ និងសីលធម៌របស់សិស្សមួយចំនួន ព្រមទាំងលទ្ធផលសិក្សាដែលនៅទាបជាងមធ្យមភាគថ្នាក់ជាតិ។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំ២០២៥ សាលាមានអត្រាជាប់ត្រឹម ៥៧,៦៧ភាគរយ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ មានអត្រាជាប់ ៧៣,៤៧ភាគរយ ដែលសុទ្ធសឹងតែទាបជាងមធ្យមភាគថ្នាក់ជាតិ។ ក្នុងនោះ សាលាមានសិស្សទទួលបាននិទ្ទេស A ចំនួនតែ ២នាក់ប៉ុណ្ណោះ។
ក្រៅពីលទ្ធផលសិក្សា ការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាគំរូក៏នៅមានកម្រិតទាបផងដែរ ដោយសាលាទទួលបានពិន្ទុសរុប ១៩៥ពិន្ទុ ដែលនៅក្រោមស្តង់ដាអប្បបរមាកំណត់។
របាយការណ៍ដដែលក៏បានបង្ហាញថា កត្តាដែលរួមចំណែកធ្វើឱ្យគុណភាពអប់រំធ្លាក់ចុះ រួមមានការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗរបស់លោកគ្រូ អ្នកគ្រូនៅមានកម្រិត និងការចូលរួមគាំទ្រពីសហគមន៍នៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់។
ក្នុងកិច្ចប្រជុំនោះ លោក អ៊ុម រម្យណី បានសង្កត់ធ្ងន់ថា សមត្ថភាពដឹកនាំរបស់គណៈគ្រប់គ្រងសាលា គឺជាកត្តាស្នូលក្នុងការជំរុញការផ្លាស់ប្តូរ និងលើកកម្ពស់គុណភាពអប់រំ។
លោកលើកឡើងថា «សមត្ថភាពដឹកនាំរបស់គណៈគ្រប់គ្រងសាលា គឺជាគន្លឹះដោះស្រាយដ៏សំខាន់បំផុត។ បើសាលារៀនមានគណៈគ្រប់គ្រងពូកែ មានសមត្ថភាពខ្ពស់ នោះការអភិវឌ្ឍនឹងមានការរីកចម្រើន ហើយសហគមន៍នឹងផ្តល់ការទទួលស្គាល់ ដោយមិនប្រកាន់ថាសាលានោះស្ថិតនៅទីប្រជុំជន ឬជនបទឡើយ»។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងអប់រំបានដាក់ចេញនូវផែនការសកម្មភាពគាំទ្រមួយចំនួន រួមមានការរៀបចំប្រឡងសាកល្បង ការបណ្តុះបណ្តាលគ្រូបង្រៀន ការតាមដានលទ្ធផលសិក្សាតាមរយៈការធ្វើតេស្តជាប្រចាំ និងការពង្រឹងការគ្រប់គ្រងសាលារៀន។
ជាមួយគ្នានេះ សាលាត្រូវពង្រឹងការបង្រៀន និងរៀនម៉ោងបន្ថែម រៀបចំផែនការជួយសិស្សដែលមានលទ្ធផលខ្សោយ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន ដើម្បីលើកកម្ពស់គុណភាពសិក្សាឱ្យកាន់តែប្រសើរ។
រដ្ឋលេខាធិការរូបនេះក៏បានអំពាវនាវដល់គណៈនាយក លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមសហការគ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីកសាងវិទ្យាល័យទួលប្រាសាទសែនសុខ ឱ្យក្លាយជាសាលារៀនគំរូ ប្រកបដោយបរិយាបន្ន និងគុណភាព សម្រាប់សិស្សានុសិស្ស និងសហគមន៍៕