ជាគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ សម្រាប់សាលារៀនតាមតំបន់ព្រំដែន នឹងត្រូវធ្វើ់ទំនើបកម្មឱ្យក្លាយជាសាលារៀនឌីជីថល។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ នៃគ្រឹះស្ថានសិក្សាតាមបណ្តោយព្រំដែនខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បត្តិ៍ (២៥មីនា)។
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែនឱ្យក្លាយជាសាលារៀនឌីជីថល គឺតាមរយៈការរៀបចំបន្ទប់សិក្សាបច្ចេកវិទ្យា ការប្រើប្រាស់ថ្នាលសិក្សាឌីជីថលកម្រិតបឋម និងមធ្យមសិក្សា ជាពិសេសគឺការជំរុញឱ្យយុវជនជំនាន់ក្រោយ ស្វែងយល់ពីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) តាំងពីវ័យក្មេងឱ្យបានច្បាស់លាស់ ដើម្បីធានាបានថា ធនធានមនុស្សនៅតាមតំបន់ព្រំដែនមានសមត្ថភាពឌីជីថលក្នុងការប្រកួតប្រជែងខ្ពស់សម្រាប់អនាគតកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការណែនាំដល់បុគ្គលិកអប់រំទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តកំណែទម្រង់សាលារៀនឱ្យកាន់តែស៊ីជម្រៅ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា ដោយជំរុញមាតាបិតាឱ្យបញ្ជូនកូនមកសាលាឱ្យបានច្រើន និងពង្រឹងមូលដ្ឋានគ្រឹះអំណានដំបូង និងគណិតវិទ្យាដំបូងសម្រាប់កម្រិតបឋមសិក្សា។
ទន្ទឹមនឹងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ និងការបញ្ចូលបច្ចេកវិទ្យាក្នុងការតែងការបង្រៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានអំពាវនាវឱ្យមានការចូលរួមគាំទ្រកាន់តែខ្លាំងថែមទៀតពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ក្នុងការតាមដានយ៉ាងជិតស្និទ្ធលើការសិក្សារបស់កូនៗនៅផ្ទះ សហការជាមួយលោកគ្រូ អ្នកគ្រូ និងបង្កបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ ដើម្បីជំរុញស្មារតីកុមារឱ្យស្រឡាញ់ការរៀនសូត្រ៕