ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមសប្តាហ៍នេះ បានចេញសេចក្តីណែនាំទៅដល់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈទាំងអស់ ឱ្យបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងត្រូវលើកកម្ពស់ចរិយាសម្បទារបស់សិស្ស។ សេចក្តីណែនាំនេះ ត្រូវគេមើលឃើញថា បន្ទាប់ពីមានបាតុភាពមិនល្អរបស់សិស្សមួយចំនួនតូចបានកើតឡើងនៅតាមសាលារៀនដែលធ្វើឱ្យមានការព្រួយបារម្ភ។
ក្នុងសេចក្តីណែនាំកម្រាស់៤ទំព័រ ក្រសួងអប់រំបានប្រាប់ទៅដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងដំណើរការឱ្យមានប្រសិទ្ធភាព ដោយមានការចូលរួមពីមាតាបិតា ឬអ្នកអាណាព្យាបាល ហើយត្រូវជួបប្រជុំ ពិភាក្សា និងទាក់ទងមាតាបិតា ឬអ្នកអាណាព្យាបាលឱ្យបានទៀងទាត់ ដើម្បីពិភាក្សាលទ្ធផលសិក្សារបស់សិស្ស និងដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុ។
គ្រឹះស្ថានសិក្សា ក៏ត្រូវប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងសាលារៀន ដើម្បីឱ្យមាតាបិតា មានលទ្ធភាពក្នុងការត្រួតពិនិត្យមើលវត្តមាន ពិន្ទុ និងវិន័យរបស់អ្នកសិក្សា ហើយក៏ត្រូវបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីផ្តល់ការលើកទឺកចិត្ត ឬដាក់ទណ្ឌកម្មខាងវិន័យ ដល់អ្នកសិក្សាដែលអនុវត្តល្មើសបទបញ្ជាផ្ទៃក្នុង ឬប្រាសចាកពីសីលធម៌។
ដោយឡែកគ្រូទទួលបន្ទុកថ្នាក់ និងគ្រូបង្រៀន ត្រូវបញ្រ្ជាបការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្សក្នុងម៉ោងបង្រៀន និងអង្កេតមើលសកម្មភាពរបស់សិស្សជាប្រចាំ ដោយផ្តល់មតិកែលម្អនៅពេលដែលឃើញមានកំហុសឆ្គង ឬភាពមិនប្រក្រតីណាមួយ ដោយសហការផ្តល់ព័ត៌មាន និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីបង្ការ និងទប់ស្កាត់អ្នកសិក្សាកុំឱ្យប្រព្រឹត្តសកម្មភាពមិនប្រក្រតី។
ចំណែក មាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍វិញ ក្រសួងអប់រំស្នើឱ្យមានកិច្ចសហការចូលរួម និងផ្តល់ការគាំទ្រកម្មវិធីអប់រំ ការប្រឹក្សា សកម្មភាពសង្គម សកម្មភាពលើកកម្ពស់វប្បធម៌សន្តិភាព កម្មវិធីសំដែងធម៌ទេសនា បឋកថាអំពីសីលធម៌ ឬសុជីវធម៌ ដែលរៀបចំដោយគណៈគ្រប់គ្រងសាលារៀន។ ហើយជាមួយគ្នា ក៏ត្រូវពិនិត្យមើលសកម្មភាពរបស់នៅរបស់កូនចៅ ជាពិសេសការអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការជក់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ។
មាតាបិតា ឬអ្នកអាណាព្យាបាល ក៏ត្រូវតាមដានការសិក្សា ដោយត្រូវសួរនាំ និងណែនាំកូនចៅនៅពេលមានកំហុស ព្រមទាំងសហការជាមួយសាលារៀន ដោយចូលរួមកិច្ចប្រជុំ និងសហការជាមួយគ្រូបង្រៀន ដើម្បីដោះស្រាយបញ្ហា និងលើកទឹកចិត្តកូនចៅ។
បើតាមក្រសួងអប់រំ ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ ដូចជា គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិទាំងមូល៕