ក្រសួងអប់រំ យុវជន និងកីឡា កំពុងបណ្តុះបណ្តាលគ្រូបង្រៀនចំនួន២០០នាក់ សម្រាប់សាលារៀនគោលដៅចំនួន ១០០ លើជំនាញអប់រំបង្កើតហ្គេម ដើម្បីអនុវត្តក្នុងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សា និងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ដោយរំពឹងថា នឹងបម្លែងយុវជនកម្ពុជាពី “អ្នកប្រើប្រាស់” ទៅជា “អ្នកបង្កើតប្រកបដោយនវានុវត្តន៍” ដើម្បីពង្រីកសក្តានុពល និងកសាងមូលធនមនុស្សសម្រាប់ទីផ្សារការងារឌីជីថល។
កម្មវិធីអប់រំបង្កើតហ្គេម (Game Changers Coalition) នេះ ស្ថិតក្រោមការសម្របសម្រួលពីនាយកដ្ឋានបរិវត្តកម្មឌីជីថល និងការគាំទ្រពីអង្គការ UNICEF។ កម្មវិធីនេះ បានផ្តល់ឱកាសឱ្យយុវជនកម្ពុជាបង្កើតហ្គេមស្តង់ដាសាកល។
លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ នាយកដ្ឋានបរិវត្តកម្មឌីជីថល បានធ្វើការពង្រីកការអនុវត្តកម្មវិធីនេះទៅកាន់សាលារៀនគោលដៅទូទាំងប្រទេស ដោយគ្រូដឹកនាំទាំងអស់ប្រចាំសាលារៀននីមួយៗ ទទួលបានវិធីសាស្ត្របង្រៀនឌីជីថលបែបអន្តរកម្មថ្មី ដែលកាន់តែទាក់ទាញ ដើម្បីបន្តយកទៅដឹកនាំឱ្យសិស្សទទួលបានការសិក្សាដែលមានភាពរីករាយតាមរយៈការសិក្សាបែបសកម្ម។
បើតាមលោក សុកថា សិស្សានុសិស្សដែលបានចូលរួមកម្មវិធីនេះ ពួកគេនឹងទទួលបានចំណេះដឹង ក៏ដូចជាបំណិនសតវត្ស២១ រួមមាន ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ការសហការបង្កើតគំនិតច្នៃប្រឌិតបែបថ្មី ជំនាញបច្ចេកទេសក្នុងការសរសេរកូដ (Coding) និងការរចនា (Design) ជាដើម។ លើសពីនេះ កម្មវិធីសិក្សាបែបថ្មីនេះ ជាការបោះជំហានដ៏សំខាន់មួយក្នុងការចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់កម្មវិធីអប់រំបច្ចេកវិទ្យា ផ្ដល់នូវបរិយាកាសសិក្សាដែលកាន់តែទាក់ទាញ និងប្រកបដោយប្រសិទ្ធភាព។
កន្លងមក យុវជនកម្ពុជាចំនួន ៤ ក្រុម ដែលទទួលការបណ្តុះបណ្តាលពីកម្មវិធីអប់រំបង្កើតហ្គេម បានទទួលជ័យលាភីក្នុងកម្មវិធី “Global UNICEF Game Jam 2025” ក្នុងចំណោមជ័យលាភីសរុប ៧ ក្រុម មកពី ៨ ប្រទេស។ បច្ចុប្បន្ន ពួកគេកំពុងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដើម្បីបង្កើតហ្គេមអាជីពលើប្រធានបទ “អក្ខរកម្មហិរញ្ញវត្ថុ”៕