ក្រសួងអប់រំ យុវជន និងកីឡា នឹងឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀន ២០០នាក់ ដែលកំពុងបន្តបង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

ក្រសួងអប់រំ យុវជន និងកីឡា នឹងឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀន ២០០នាក់ ដែលកំពុងបន្តបង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ក្នុងពិធីសម្ពោធអគារសិក្សាថ្មី ៥ខ្នង ២១បន្ទប់ នៅក្នុងខេត្តព្រះវិហារ កាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រូបង្រៀនទាំង ២០០នាក់ កំពុងបន្តបង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព ដោយមិនទាន់អាចត្រឡប់មកផ្ទះវិញបាននៅឡើយ។ ហើយការឧបត្ថម្ភនឹងត្រូវធ្វើតាមរយៈមូលនិធិសប្បុរសធម៌របស់ ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិសាមគ្គី។
យ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មិនបានបញ្ជាក់ថា ការឧបត្ថម្ភនោះមានទំហំបែបណានោះទេ។
«ទោះស្ថានភាពមានភាពស្ងប់ស្ងាត់បន្តិចហើយ ក៏ក្រសួងនៅតែបន្តជួយដល់លោកគ្រូ អ្នកគ្រូ ២០០នាក់ទៀត ដែលមិនទាន់អាចត្រឡប់មកផ្ទះវិញបាន»
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានថ្លែងអរគុណលោកគ្រូ អ្នកគ្រូទាំង ២០០នាក់ដែលបច្ចុប្បន្ននេះ នៅបន្តបង្រៀនសិស្សនៅតាមជំរំសុវត្ថិភាព ដោយបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនអាចវិលត្រឡប់ទៅទីលំនៅវិញបាន ជាពិសេសយុទ្ធនាការដោះមីន។
គួរជំរាបជូនថា ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ បង្កផលប៉ះពាល់ដល់សាលារៀនជាង១ពាន់សាលា គ្រូបង្រៀន ជាង៧ពាន់នាក់ និងសិស្សជាង ២សែននាក់៕
