ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា និង ទីភ្នាក់ងារអភិវឌ្ឍកូរ៉េ KOICA បានរួមគ្នាក្នុងការអនុវត្តគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន៣របស់កម្ពុជា គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។
គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញនេះ ចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ ២០៣០ ដោយគ្របដណ្តប់សកម្មភាពសំខាន់ៗក្នុងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា, លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។ ក្នុងនោះ ក៏មានការពង្រឹងសមត្ថភាពប្រព័ន្ធ TVET ដូចជា ធ្វើបច្ចុប្បន្នភាពព័ត៌មានតម្រូវការទីផ្សារការងារជាប្រចាំ, ការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារបង្រៀនផ្អែកលើតម្រូវការ, ការពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន TVET, ការកែលម្អ និងធ្វើទំនើបកម្មបរិក្ខារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង។
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
“គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស និងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពផងដែរ”
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា កិច្ចសហការរបស់ក្រសួងការងារ និង KOICA ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នេះ គឺជាការរួមគ្នាលើកកម្ពស់ជំនាញដល់យុវជនកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម។ លោកថា ក្នុងមួយឆ្នាំៗ សាធារណៈរដ្ឋកូរ៉េ មានតម្រូវការកម្លាំងពលកម្មជំនាញពីកម្ពុជា ពី៥ពាន់នាក់ទៅ១ម៉ឺននាក់។ បើតាម ស៊ុន មេសា កាលណាយុវជនកម្ពុជា មានជំនាញ TVET ហើយចេះប្រើប្រាស់ភាសាកូរ៉េ នឹងទទួលបានប្រាក់ចំណូលខ្ពស់ ហើយថែមទាំងមានជំនាញច្បាស់លាស់ពេលត្រឡប់មកកម្ពុជាវិញ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េប្រមាណជាង ១០ម៉ឺននាក់ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម សំណង់ និងវិស័យសេវាកម្មជាដើម៕