ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់ការចម្អិនស្អាត (HTCC) និងគម្រោងភូមិគ្មានផ្សែង ដំណាក់កាលឆ្នាំ ២០២២-២០២៦ ដោយបង្ហាញពីភាពជោគជ័យនៃគម្រោងនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ SNV ក្នុងរយៈពេល ៤ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនលើគម្រោងលើកកម្ពស់ការចម្អិនស្អាត (HTCC) និងគម្រោងភូមិគ្មានផ្សែង (SFV) បានបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជន។ របាយការណ៍របស់ SNV បានបង្ហាញពីលទ្ធផលសំខាន់ៗពីការអនុវត្តន៍គម្រោងលើកកម្ពស់ការចម្អិន ស្អាត (HTCC) នៅកម្ពុជា ជាមួយនឹងការលក់ចង្ក្រានស្អាតចំនួន ៣១,៦៥៣ របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក (ចង្ក្រានអគ្គិសនីចំនួន ៣០,១៩០ និងចង្ក្រានបរិស្ថានចំនួន ១៤៦៣) និងការដំឡើងឡជីវឧស្ម័នក្នុងស្រុកចំនួន ៧៣១ឡ។ សមិទ្ធផលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់អុស ដែលជាមូលហេតុចម្បងនៃបញ្ហាសុខភាពផ្លូវដង្ហើម និងការបំផ្លាញបរិស្ថាន។
ទន្ទឹមនឹងការផ្តល់បច្ចេកទេស និងបច្ចេកវិទ្យា គម្រោងក៏បានផ្តោតសំខាន់លើការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ដោយបានគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅតាមជនបទចំនួន ៦២ សហគ្រាស។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ មានសហគ្រាសចំនួន ៤២ ត្រូវបានគ្រប់គ្រងដោយស្ត្រី ដែលនេះបង្ហាញពីការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យថាមពល។ លើសពីនេះ សហគ្រាសចំនួន ៨ ក៏ទទួលបានមូលនិធិសម្រាប់ការច្នៃប្រឌិត ដើម្បីសាកល្បងគំរូអាជីវកម្មថ្មីៗ ដែលជួយឱ្យពួកគេបង្កើនការលក់ និងពង្រឹងជំនាញគ្រប់គ្រងកាន់តែប្រសើរឡើង។
លោក Bastiaan Teune នាយកប្រចាំប្រទេសនៃអង្គការអភិវឌ្ឍន៍ហូឡង់ SNV នៅកម្ពុជាបានមានប្រសាសន៍ថា គម្រោងលើកកម្ពស់ការចម្អិន ស្អាតបានបង្ហាញពីអ្វីដែលអាចធ្វើទៅបាននៅពេលដែលវិស័យសាធារណៈ និងវិស័យឯកជនធ្វើការជាមួយគ្នា និងនៅពេលដែលសហគ្រិនទទួលបានការគាំទ្រជាក់ស្តែង និងទទួលបានហិរញ្ញប្បទានជំរុញ។ គម្រោងនេះបានជួយបកប្រែមហិច្ឆតាគោលនយោបាយទៅជាលទ្ធផលជាក់ស្តែងសម្រាប់គ្រួសារ និងអាជីវកម្ម។ ជាលទ្ធផលជាក់ស្តែង គម្រោងភូមិគ្មានផ្សែងបានធ្វើឱ្យផ្ទះសម្បែងចំនួន ១១១,០០០ ខ្នង ផ្លាស់ប្តូរមកប្រើប្រាស់ការចម្អិនស្អាត ហើយក្នុងចំណោមភូមិគោលដៅចំនួន ៤៤៨ មានរហូតដល់ ៤៣២ ភូមិ (ស្មើនឹង ៨៩%) ដែលសម្រេចបាននូវសន្ទស្សន៍ប្រើប្រាស់មធ្យោបាយចម្អិនស្អាតលើសពី ៨៥% នៃចំនួនខ្នងផ្ទះសរុប។
ក្រៅពីលទ្ធផលនៅថ្នាក់មូលដ្ឋាន គម្រោងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយជាតិ ដូចជាការរៀបចំយុទ្ធសាស្ត្រថាមពលចម្អិនស្អាត និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0)។
បន្ទាប់ពីប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់ការចម្អិនស្អាត(HTCC) និងគម្រោងភូមិគ្មានផ្សែង ដំណាក់កាលឆ្នាំ ២០២២-២០២៦ ក្រសួងរ៉ែ និងថាមពល (MME) និងអង្គការអភិវឌ្ឍន៍ហូឡង់(SNV) បានប្រកាសអំពីការចុះ អនុស្សរណៈនៃការយោគយល់គ្នាជាថ្មី លើវិស័យថាមពលស្អាត និងគំនិតផ្តួចផ្តើមនៃការចម្អិន ស្អាតនៅក្នុងប្រទេសកម្ពុជា ដោយទទួលបានហិរញ្ញប្បទានរួមគ្នាពីគណៈកម្មការអឺរ៉ុប ក្រសួងការបរទេសហូឡង់ និង Danida៕