ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) គ្រោងនឹងពិនិត្យលទ្ធភាពក្នុងការផ្ដល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជាសិក្សាលើជំនាញទូរគមនាគមន៍ ទាក់ទងនឹងបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស។ នេះបើតាមការអះអាង របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា។
ក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាន និងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” កាលពីថ្ងៃទី២៣ មេសា ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញផ្កាយរណប និងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាលនានាលើផ្នែកផ្កាយរណប និងលំហអាកាស។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “នៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ”។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបង្ហើបពីការចង់បង្ហោះផ្កាយរណបដោយខ្លួនឯង ដោយថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម កម្ពុជាក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយខ្លួនឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។
ជាងនេះទៀត ក្រសួងក៏កំពុងសិក្សាអំពីឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាសផងដែរ៕
អត្ថបទ ៖ ឌិន ថារី