គម្រោងការអភិវឌ្ឍបំណិនមូលដ្ឋានរបស់កុមារតូចតាមរយៈបច្ចេកវិទ្យា (NEST) នឹងគាំទ្រមត្តេយ្យសិក្សាសាធារណៈចំនួន ៦០ សាលា នៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ការអប់រំកុមារតូច ខណៈកុមារប្រមាណ ៣,២០០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
យោងតាមរបាយការណ៍របស់ធនគារពិភពលោកប្រចាំនៅកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គម្រោង NEST មានទឹកប្រាក់ ៤,៧៣ លានដុល្លារអាមេរិក ក្រោមមូលនិធិ Japan Social Development Fund និងអនុវត្តដោយអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីពង្រីកការទទួលបានសេវាអប់រំកុមារតូចប្រកបដោយគុណភាពនៅតំបន់គោលដៅ។
គម្រោងនេះនឹងអនុវត្តរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដោយផ្តល់អត្ថប្រយោជន៍ដល់កុមារប្រមាណ ៣,២០០ នាក់ គ្រូបង្រៀន ២០០ នាក់ និងមាតាបិតាជាង ៦,០០០ នាក់។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកគម្រោងនេះថា ជាការរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍកុមារតូចនៅកម្ពុជា។
លោកជំទាវមានប្រសាសន៍ថា សាលាមត្តេយ្យសិក្សា មិនមែនគ្រាន់តែជាកន្លែងឱ្យកុមាររៀនអក្សរ រាប់លេខ ឬច្រៀងលេងប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍផ្នែកបញ្ញា រាងកាយ ការគិតវិចារណញ្ញាណ និងសីលធម៌សង្គមរបស់កុមារ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា
លោកជំទាវបានបញ្ជាក់ថា ការអប់រំ និងគាំពារកុមារក្នុងរយៈពេល ១,០០០ ថ្ងៃដំបូង គឺជាកត្តាសំខាន់ក្នុងការជំរុញការលូតលាស់ខួរក្បាល ដែលអាចអភិវឌ្ឍបានរហូតដល់ ៨០ ភាគរយ ក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។
ការវិនិយោគលើការអប់រំក្នុងដំណាក់កាលដំបូងនេះ នឹងជួយត្រៀមកុមារឱ្យចូលរៀនបឋមសិក្សាបានជោគជ័យ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងជាការវិនិយោគយុទ្ធសាស្ត្រដ៏មានតម្លៃសម្រាប់ការកសាងធនធានមនុស្សរឹងមាំនៅថ្ងៃអនាគត
ជាមួយគ្នានេះ លោក Cristian Aedo ប្រធានគ្រប់គ្រងផ្នែកអនុវត្តការងារអប់រំ និងជំនាញប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនគារពិភពលោកបានលើកឡើងថា គម្រោង NEST នឹងនាំមកនូវនវានុវត្តន៍ក្នុងការអប់រំកុមារតូច តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពគ្រូបង្រៀន។
លោកមានប្រសាសន៍ថា «គម្រោង NEST ត្រូវបានស្ថាបនាឡើងលើមូលដ្ឋានរឹងមាំរបស់កម្ពុជាក្នុងការអប់រំកុមារតូច ដើម្បីធានាថា កុមារគ្រប់រូប ជាពិសេសនៅតំបន់ខ្វះខាត មានឱកាសរៀន និងអភិវឌ្ឍសមត្ថភាពបានពេញលេញ»។
សូមជម្រាបថា គម្រោង NEST នឹងផ្ដោតលើការពង្រឹងវិធីសាស្ត្របង្រៀន តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការសិក្សាឌីជីថល ពង្រីកការសាងសង់ និងជួសជុលបន្ទប់រៀន កែលំអបរិក្ខារ និងកន្លែងលេងសមស្របតាមអាយុកុមារ។
បន្ថែមពីនេះ គម្រោងក៏នឹងបញ្ចូលបច្ចេកវិទ្យាដើម្បីគាំទ្រការសិក្សាតាមរយៈការលេង និងសាកល្បងកម្មវិធីអាហារនៅសាលា ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងការចូលរៀនរបស់កុមារផងដែរ៕