បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី "គន្លងអប់រំថ្មី" នឹងបង្កើនឱកាសការងារសម្រាប់សិស្សក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ

កម្មវិធី "គន្លងអប់រំថ្មី" នឹងបង្កើនឱកាសការងារសម្រាប់សិស្សក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ

មន្រ្តី និងតំណាងសហជីព បានបង្ហាញក្តីរំពឹងថា កម្មវិធី «គន្លងអប់រំថ្មី» សម្រាប់អប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹងអាចផ្តល់ឱកាសការងារដល់សិស្សបានឆាប់រហ័សជាងការសិក្សាផ្នែកផ្សេងៗ ខណៈកម្មវិធីនេះគ្រោងអនុវត្តសម្រាប់ឆ្នាំសិក្សា២០២៦–២០២៧ ខាងមុខ នៅតាមសាលារៀន ចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ។

Advertisement

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា កម្មវិធីនេះមានសារៈសំខាន់ខ្លាំង ព្រោះជួយឱ្យ​សិស្សយល់ដឹងថា ការសិក្សាជំនាញវិជ្ជាជីវៈអាចនាំឱ្យ​រកការងារបានឆាប់ជាងផ្នែកផ្សេងៗ។ លោកបន្ថែមថា គន្លងអប់រំថ្មីនេះក៏បើកឱកាសដល់យុវជន និងអ្នកដែលបានបោះបង់ការសិក្សា ឱ្យ​អាចទទួលបានការបណ្តុះបណ្តាលជំនាញវិញផងដែរ។

ការរៀបចំគន្លងអប់រំថ្មីនៅជិតតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ដែលមានរោងចក្រសហគ្រាសច្រើន នឹងជួយផ្តល់ជំនាញដល់កម្មករនិយោជិត ខណៈពេលពួកគេធ្វើការ ពួកគេក៏អាចបន្តទទួលការបណ្តុះបណ្តាល ដើម្បីបង្កើនចំណេះដឹង និងឱកាសការងារ បន្ថែមទៀត ព្រមទាំងអាចបង្កើនប្រាក់ឈ្នួលផងដែរ


លោកបានសង្កត់ធ្ងន់ថា កម្មវិធីនេះនឹងជួយឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា និងតម្រូវការទីផ្សារការងារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​កិច្ចប្រជុំពីគម្រោងអនុវត្តសាកល្បងកម្មវិធី TVET នៅតាមសាលារៀនសម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ កាលពីសប្តាហ៍កន្លងទៅថា កម្មវិធីនេះនឹងផ្តោតលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗចំនួន ២១ នៅតាមតំបន់គោលដៅ ដូចជា តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិទ្យាល័យមួយចំនួន ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍។

ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីនេះនឹងអនុវត្តដោយមានការបែងចែកតួនាទីច្បាស់លាស់រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ ខណៈលទ្ធផល នៃការអនុវត្តសាកល្បង នឹងក្លាយជាមូលដ្ឋានសម្រាប់ការពង្រីកអនុវត្តនាពេលអនាគត។

ឯកឧត្តម ហេង សួរ ក៏សង្ឃឹមថា ការអនុវត្តកម្មវិធីនេះ នឹងជួយធ្វើបច្ចុប្បន្នភាពទស្សនវិស័យអំពីមុខរបរ និងការងារ ឱ្យ​កាន់តែសមស្របទៅនឹងតម្រូវការទីផ្សារ កាត់បន្ថយគម្លាតជំនាញ និងបង្កើនប្រសិទ្ធភាពក្នុងការសហការរវាងភាគីពាក់ព័ន្ធ។

សូមជម្រាបថា កម្មវិធី «គន្លងអប់រំថ្មី» នឹងអនុវត្តចាប់ពីថ្នាក់ទី១០ ដោយបែងចែកជា ៣ គន្លងសិក្សា រួមមាន គន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ។ កម្មវិធីនេះនឹងអនុវត្តនៅវិទ្យាល័យគោលដៅមួយចំនួន ដូចជា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស, វិទ្យាល័យមានអគារធនធាន, វិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យា​ឌីជីថល​សហគមន៍ និងវិទ្យាល័យនៅជិតតំបន់សេដ្ឋកិច្ចពិសេស៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា