ក្នុងបរិបទនៃសកលភាវូបនីយកម្មដែលវិវត្តយ៉ាងឆាប់រហ័ស វិបុលភាពនាពេលអនាគតរបស់ប្រទេសជាតិ គឺពឹងផ្អែកទាំងស្រុងលើការពង្រឹងប្រព័ន្ធអប់រំ ជាពិសេសកម្រិតឧត្តមសិក្សា ដែលសាកលវិទ្យាល័យដើរតួនាទីជាស្នូលក្នុងការបណ្តុះបណ្តាលមូលធនមនុស្សឱ្យមានជំនាញ ភាពច្នៃប្រឌិត និងភាពធន់ ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យាក្នុងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ លើសពីនេះ គ្រឹះស្ថានឧត្តមសិក្សាមិនត្រឹមតែបណ្តុះជំនាញដល់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងក្នុងការផ្សារភ្ជាប់ការអប់រំទៅនឹងវិស័យ ឯកជន ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល។ ក្នុងន័យនេះ មូលធនមនុស្សមិនសំដៅត្រឹមតែកម្រិតការអប់រំ និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងសុខភាព វិជ្ជាជីវៈ បទពិសោធ និងសមត្ថភាពច្នៃប្រឌិត ដែលជាគ្រឹះចូលរួមដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព ជាពិសេសក្នុងវិស័យ ICT, STEM និងបច្ចេកវិទ្យាបៃតងជាដើម។
១. តួនាទីស្នូលរបស់សាកលវិទ្យាល័យ
គ្រឹះស្ថានឧត្តមសិក្សាដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាអនុវិស័យគន្លឹះមួយដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃប្រទេសនីមួយៗ។ វឌ្ឍនភាពនៃការអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវភាពជោគជ័យ នៃការអភិវឌ្ឍប្រទេស ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម តាមរយៈការបង្កើតកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឧស្សាហកម្ម ដើម្បីកសាងកម្មវិធីសិក្សា ដែលមានគុនភាព និងឆ្លើយតបទៅនឹងតម្រូវការ។
លើសពីនេះ សាកលវិទ្យាល័យក៏ត្រូវបានទទួលស្គាល់ថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលំទូលាយនៃប្រព័ន្ធនវានុវត្តន៍ ដែលជះឥទ្ធិពលដល់សមត្ថភាពរបស់បុគ្គល និងស្ថាប័ននានា ក្នុងការសហការ និងច្នៃប្រឌិត។ តួនាទីសំខាន់ៗនៃឧត្តមសិក្សា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍រួមមាន៖
ការបណ្តុះបណ្តាល និងផ្តល់ជំនាញ ៖ សាកលវិទ្យាល័យដើរតួនាទីកណ្តាលក្នុងការផលិតធនធានដែលមានទេពកោសល្យ ជាពិសេសក្នុងវិស័យ STEM ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ គ្រឹះស្ថានទាំងនេះផ្តល់នូវកម្មវិធីសិក្សាចម្រុះ និងការបណ្តុះបណ្តាលបច្ចេកទេសដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្រោមគោលការណ៍ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ៖ សាកលវិទ្យាល័យជាកន្លែងជួរមុខក្នុងការបង្កើតចំណេះដឹងថ្មីៗ និងដោះស្រាយបញ្ហាជាក់ស្តែងតាមរយៈការស្រាវជ្រាវជាមូលដ្ឋាន និងការស្រាវជ្រាវអនុវត្ត។
ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ៖ តាមរយៈការបង្កើតភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម សាកលវិទ្យាល័យជួយជំរុញការនាំយកបច្ចេកវិទ្យាថ្មីៗទៅកាន់ទីផ្សារបានឆាប់រហ័ស និងផ្តល់បទពិសោធជាក់ស្តែងដល់និស្សិត ។
២. សារៈសំខាន់នៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)
ការស្រាវជ្រាវ និងអភិវឌ្ឍ មានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គម ពង្រឹងសេដ្ឋកិច្ច ជំរុញការច្នៃប្រឌិត និងការដោះស្រាយបញ្ហាដែលគួរឱ្យព្រួយបារម្ភ ហើយគ្រឹះស្ថានអប់រំ ជាពិសេសថ្នាក់ឧត្តមសិក្សា គឺជាសមាសធាតុដ៏សំខាន់ នៃប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងអភិវឌ្ឍន៍។ ដូច្នេះ តាមរយៈការសិក្សាស្រាវជ្រាវ និងការរកឃើញរបស់គ្រឹះស្ថានឧត្តមសិក្សា អាចបង្កើតបានជាចំណេះដឹងថ្មីៗ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗ សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព មានភាពធន់ បរិយាបន្ន និងមាននិរន្តរភាព។ ខាងក្រោមនេះ គឺសារៈសំខាន់នៃការស្រាវជ្រាវ និងអភិវឌ្ឍ របស់គ្រឹះស្ថានឧត្តមសិក្សា៖
អភិវឌ្ឍមូលធនមនុស្ស ៖ ការចូលរួមក្នុងមន្ទីរពិសោធន៍ជួយឱ្យនិស្សិតបំប្លែងទ្រឹស្តីទៅជាការអនុវត្ត និងពង្រឹងជំនាញដោះស្រាយបញ្ហាស្មុគស្មាញ។
ជំរុញផលិតភាពសេដ្ឋកិច្ច៖ នវានុវត្តន៍ដែលចេញពីការស្រាវជ្រាវជួយបង្កើនគុណភាពផលិតផល និងសេវាកម្ម ដែលធ្វើឱ្យសហគ្រាសកាន់តែមានភាពធន់។
បង្កើនភាពធន់ នៃសេដ្ឋកិច្ចជាតិ ៖ ការពឹងផ្អែកលើភាពវៃឆ្លាតរបស់មនុស្ស និងនវានុវត្តន៍ ជួយឱ្យសេដ្ឋកិច្ចជាតិមិនពឹងផ្អែកតែលើវិស័យប្រពៃណី និងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ។
៣. បញ្ហាប្រឈមរបស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស
ការធ្វើនានុវត្តន៍បច្ចេកវិទ្យា ទាមទារឱ្យមានមូលធនមនុស្សប្រកបដោយសមត្ថភាព ដែលក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល។ ទោះជាយ៉ាងណាក៏ដោយ ការវិវត្ត យ៉ាងរហ័សនៃបច្ចេកវិទ្យាបានក្លាយជាបញ្ហាប្រឈមសម្រាប់សាកលវិទ្យាល័យនៅទូទាំងពិភពលោក ក្នុងការឆ្លើយតបឱ្យទាន់ពេលទៅនឹងបដិវត្តន៍នៃបច្ចេកវិទ្យា និងសង្គម។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលពឹងផ្អែកកាន់តែខ្លាំងលើបច្ចេកវិទ្យាទំនើប ស្ថាប័នអប់រំចាំបាច់ត្រូវមានភាពបត់បែន និងផ្លាស់ប្តូរគំរូសិក្សាបែបប្រពៃណី និងផ្តល់អាទិភាពដល់ការរៀនសូត្រពេញមួយជីវិត។ យុទ្ធសាស្រ្តនេះគឺដើម្បីធានាបាននូវមូលធនដែលមានទេពកោសល្យ និងជំនាញច្បាស់លាស់ ក្នុងការជំរុញការច្នៃប្រឌិត ជាពិសេសក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ការឈានទៅសម្រេចនូវសក្តានុពលទាំងនេះ នៅតែប្រឈមនឹងឧបសគ្គ និងបញ្ហាមួយចំនួនដូចជា ៖
គន្លាតឌីជីថល ៖ បើទោះបីជាមានវឌ្ឍនភាពក៏ដោយ ក៏ប្រជាជនភាគច្រើននៅលើពិភពលោកនៅតែខ្វះលទ្ធភាពទទួលបានអ៊ីនធឺណិតដែលអាចទុកចិត្តបាន និងឧបករណ៍ឌីជីថលដែលមានតម្លៃសមរម្យ។
ការរឹតបន្តឹងផ្នែកហិរញ្ញប្បទាន ៖ បច្ចេកវិទ្យាទំនើបៗច្រើនតែត្រូវការធនធានហិរញ្ញវត្ថុយ៉ាងច្រើនសម្រាប់ការអនុវត្ត ការថែទាំ និងការធ្វើឱ្យប្រសើរឡើង។ សាកលវិទ្យាល័យសាធារណៈ ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ពិបាកក្នុងការទទួលបានមូលនិធិ។
ភាពធន់នឹងការផ្លាស់ប្តូរ ៖ ការទទួលយកបច្ចេកវិទ្យាថ្មីៗនៅក្នុងការអប់រំកម្រិតឧត្តមសិក្សា ជារឿយៗត្រូវបានរារាំងដោយភាពអសកម្មរបស់ស្ថាប័ន និងការបណ្តុះបណ្តាលគ្រូបង្រៀនមិនគ្រប់គ្រាន់។ ការណ៍នេះ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការគាំទ្រផ្នែកបង្រៀន និងបច្ចេកវិទ្យា រួមជាមួយនឹងការបង្កើនពេលវេលាសម្រាប់ការអភិវឌ្ឍវគ្គសិក្សា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រួលដល់ការរួមបញ្ចូល AI ប្រកបដោយប្រសិទ្ធភាព។
ក្តីបារម្ភខាងសីលធម៌ ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាផ្សេងទៀតក្នុងវិស័យអប់រំបានធ្វើឱ្យលេចឡើងអំពីបញ្ហាក្រមសីលធម៌ រួមទាំងបញ្ហាឯកជនភាពទិន្នន័យ ភាពលំអៀងនៃក្បួនដោះស្រាយ និងការឃ្លាំមើល។
ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពធ្វើមាត្រដ្ឋាន ៖ ការអនុវត្តបច្ចេកវិទ្យាទំនើបៗនៅកម្រិតមួយដែលធំនៅតែមានបញ្ហាប្រឈមខ្លាំងខាងផ្នែកភស្តុភា។ ឧទាហរណ៍ ៖ គម្រោងរបស់ឥណ្ឌាឈ្មោះ National Digital Education Architecture មានគោលដៅបង្កើតប្រព័ន្ធអប់រំឌីជីថលដែលអាចពង្រីកវិសាលភាពនៃប្រព័ន្ធអប់រំបានយ៉ាងទូលំទូលាយ ប៉ុន្តែនៅអំឡុងពេលអនុវត្តការងារនេះបានជួបឧបសគ្គជាច្រើនដូចជា ការសម្របសម្រួលពីភាគីពាក់ព័ន្ធជាច្រើនប្រភេទ ដូចជា រដ្ឋបាលកណ្តាល រដ្ឋបាលថ្នាក់ខេត្ត ក្រុមហ៊ុនឯកជន គ្រូបង្រៀន និងសិស្ស និងការធានាថា ប្រព័ន្ធទាំងអស់អាចភ្ជាប់គ្នា និងធ្វើការរួមគ្នាបានដោយរលូន។
ឧបសគ្គវប្បធម៌ និងបរិបទ ៖ បច្ចេកវិទ្យាអប់រំជារឿយៗមិនអាចពន្យល់ពីភាពចម្រុះខាងវប្បធម៌ និងភាសាទេ។ របាយការណ៍ឆ្នាំ២០២៤ដោយធនាគារពិភពលោកបានសង្កត់ធ្ងន់ថា វេទិកាសិក្សាដែលជំរុញដោយ AI ជាច្រើនមិនត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ដែលមិនមានមូលដ្ឋានគ្រឹះភាសាអង់គ្លេសទេ ដែលនេះកំណត់ប្រសិទ្ធភាពរបស់ពួកគេនៅក្នុងតំបន់ ដូចជា អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ជាដើម។
បរិបទកម្ពុជា ៖ បច្ចុប្បន្ន កម្ពុជាកំពុងពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ តាមរយៈការដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០» និង «ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០» ដើម្បីជំរុញការស្រាវជ្រាវ និងកសាងមូលធនមនុស្សឱ្យឆ្លើយតបនឹងយុគសម័យឌីជីថល ។
ជារួម ការវិនិយោគលើគ្រឹះស្ថានឧត្តមសិក្សា គឺជាការវិនិយោគលើអនាគតនៃសេដ្ឋកិច្ចដែលដឹកនាំដោយនវានុវត្តន៍ និងបច្ចេកវិទ្យា៕
ដកស្រង់ពី អត្ថបទសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០