រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀន គឺជាយន្តការសង្គមដ៏សំខាន់មួយក្នុងការគាំទ្រដល់ការសិក្សា សុខភាព និងអាហារូបត្ថម្ភរបស់សិស្ស ជាពិសេសកុមារដែលរស់នៅជនបទ និងគ្រួសារក្រីក្រ។
ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការសកម្មភាពអនុវត្តគោលនយោបាយស្ដីពីការផ្ដល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣០” កាលពីរសៀលថ្ងៃទី២៣ មីនា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា ការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន បានចាប់អនុវត្តតាំងពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន ដោយមានគាំទ្រពីដៃគូសំខាន់ៗដូចជាសហរដ្ឋអាមេរិក ជប៉ុន និងសាធារណរដ្ឋកូរ៉េ ជាដើម ដែលវាត្រូវបានចាត់ទុកថា ជាយន្តការមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយគន្លាតសិក្សារវាងសិស្សទីក្រុង និងជនបទ ដើម្បីជំរុញបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។
បើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី កម្មវិធីផ្ដល់អាហារតាមសាលារៀន គឺស្ថិតនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្សក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។ កម្មវិធីនេះ ត្រូវបានអនុវត្តដោយផ្ដោតលើសសរស្តម្ភសំខាន់ៗប្រាំរួមមាន (១) ការលើកកម្ពស់គុណភាពអប់រំ និងការចូលរៀន (២) ការកែលម្អសុខភាព និងអាហារូបត្ថម្ភកុមារ (៣) ការលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍ (៤) ការលើកកម្ពស់សមភាពយេនឌ័រ និងប្រព័ន្ធគាំពារសង្គម និង (៥) ការពង្រឹងការចូលរួម និងភាពជាដៃគូរបស់សហគមន៍។
គិតត្រឹមឆ្នាំសិក្សា២០២៥-២០២៦ កម្មវិធីផ្តល់អាហារដល់សាលារៀនដែលផ្តោតលើផលិតផលកសិកម្មក្នុងសហគមន៍កំពុងត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ១០ ដោយគ្របដណ្តប់លើសាលាបឋមសិក្សាចំនួន ១១១៤ ដែលមានសិស្សជិត ៣០០.០០០ នាក់។ ក្នុងចំណោមសាលាទាំងនេះ សាលាចំនួន ៨១៦ ទទួលបានមូលនិធិពីរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលសាលាចំនួន ២៩៨ ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP)៕