ប្រទេសអង់គ្លេស គ្រោងនឹងផ្តល់អ្នកជំនាញ ក៏ដូចជាកម្មវិធីអប់រំលំដាប់ពិភពលោក មកកម្ពុជា ដើម្បីលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។

ប្រទេសអង់គ្លេស គ្រោងនឹងផ្តល់អ្នកជំនាញ ក៏ដូចជាកម្មវិធីអប់រំលំដាប់ពិភពលោក មកកម្ពុជា ដើម្បីលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។
ក្នុងឱកាសចូលរួមពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាង UK Skills Partnership-UKSP និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីដើមសប្តាហ៍នេះ លោក ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា, លោកថា ក្នុងដំណើរដែលកម្ពុជាចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ការលើកកម្ពស់កម្រិតជំនាញពិតជាមានសារៈសំខាន់ ដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម ដែលអាចជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ និងមានសក្តានុពល ជួយឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខក្នុងពេលអនាគត។

តាមរយៈ MoU ដែលមានរយៈពេលបីឆ្នាំ រវាង UK Skills Partnership-UKSP និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ នឹងគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្តល់អប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពក្នុងវិស័យ TVET និងជំនាញ ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច៕
