បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រ្តី​មាន​ផ្ទៃពោះ​គួរ​ដឹង​! ​គ្រោះថ្នាក់​ដែល​នឹកស្មាន​មិន​ដល់​ នៃ​ «​ការ​សម្រាល​ទារក​លើស​ទម្ងន់​» ​និង​វិធីសាស្ត្រ​បង្ការ​

ស្រ្តី​មាន​ផ្ទៃពោះ​គួរ​ដឹង​! ​គ្រោះថ្នាក់​ដែល​នឹកស្មាន​មិន​ដល់​ នៃ​ «​ការ​សម្រាល​ទារក​លើស​ទម្ងន់​» ​និង​វិធីសាស្ត្រ​បង្ការ​

​ការ​ឃើញ​ទារក​កើត​មក​មាន​សាច់​ឈាម​ទ្រលុកទ្រលន់ ​គួរឱ្យ​ស្រឡាញ់​ ​គឺជា​ក្តី​ប្រាថ្នា​របស់​ឪពុក​ម្តាយ​គ្រប់​រូប​។ ​ប៉ុន្តែ​ ​តាម​ផ្នែក​វេជ្ជសាស្ត្រ​ ​ទារក​ដែល​មាន​ទម្ងន់​ «​ធំធាត់​ខុស​ធម្មតា​» ​ពេល​សម្រាល ​អាច​ជា​សញ្ញា​ព្រមាន​មួយ​នៃ​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ ​ទាំង​ចំពោះ​មាតា ​និង​ទារក​ផ្ទាល់​។​

Advertisement

​តើ​ទារក​លើស​ទម្ងន់​ពេល​កើត ​អាច​បង្ក​ផលប៉ះពាល់​អ្វី​ខ្លះ​?​ ​ហើយ​តើ​មាតា​គួរ​ត្រៀមខ្លួន​បែប​ណា​?​

​យោង​តាម​ការ​ពន្យល់​ពី​អ្នកជំនាញ ​ទារក​ដែល​ចាត់ទុក​ថា​លើស​ទម្ងន់​ ​គឺជា​ទារក​ដែល​មាន​ទម្ងន់​ចាប់ពី​ ​៤,០០០​ ក្រាម​ (​៤​ ​គីឡូក្រាម​) ​ឡើង​ទៅ​ ​ឬ​ស្ថិត​ក្នុង​កម្រិត​លើស​ពី​ ​៩០​ ​Percentile​ ​នៃ​ទម្ងន់​ជា​មធ្យម​របស់​ទារក​ធម្មតា​។ ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា​ ​មាន​ស្រ្តី​មាន​ផ្ទៃពោះ​ប្រមាណ​ពី​ ​១​% ​ទៅ​ ​១០​% ​ដែល​អាច​ផ្តល់​កំណើត​ដល់​ទារក​ដែល​មាន​ទម្ងន់​ខុស​ប្រក្រតី​បែប​នេះ​។​

​ស្វែងយល់​ពី​មូលហេតុ​ចម្បង​ៗ​

​កត្តា​ដែល​ធ្វើឱ្យ​ទារក​ក្នុង​គភ៌​មាន​ទម្ងន់​ធំ​ខុស​ធម្មតា​ ​រួមមាន​៖​
​-​ជំងឺ​ទឹកនោម​ផ្អែម​លើ​ស្ត្រី​ជា​ម្តាយ​៖ ​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បាន​ត្រឹមត្រូវ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ​ជា​មូលហេតុ​ចម្បង​បំផុត​។
​-​ការ​ឡើង​ទម្ងន់​របស់​មាតា​៖​ ​ម្តាយ​ឡើង​ទម្ងន់​លឿន ​ឬ​ខ្លាំង​ខុសពី​ធម្មតា​ក្នុង​កំឡុង​ពេល​ពពោះ​។
​-​កត្តា​តំណ​ពូជ​៖​ ​ឪពុក​ ​ឬ​ម្តាយ​ ​មាន​មាឌ​ធំ ​ឬ​មាន​ប្រវត្តិ​ធាត់​ខ្លាំង​។​

​ផលវិបាក​ និង​ហានិភ័យ​

​ការ​សម្រាល​ទារក​ដែល​មាន​ទម្ងន់​ធំ​ មិន​ត្រឹមតែ​បង្ក​ការ​លំបាក​ដល់​មាតា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ដាក់​សម្ពាធ​ ​និង​គ្រោះថ្នាក់​ដល់​ទារក​ទៀតផង​៖​

​១. ​ផលប៉ះពាល់​ចំពោះ​មាតា​
​-​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​សម្រាល​តាម​ផ្លូវ​ធម្មជាតិ​។
​-​មាន​អត្រា​ប្រឈម​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​រក​ ការ​វះកាត់​សម្រាល​។​

​២. ​ហានិភ័យ​លើ​ទារក​ក្នុង​ផ្ទៃ​ ​និង​អំឡុង​ពេល​សម្រាល​
​-​ទារក​អាច​ប្រឈម​នឹង​ការ​កើត​មិន​គ្រប់​ខែ​ ​ឬ​មាន​ភាព​មិន​ប្រក្រតី​ពី​កំណើត​។
​-​គ្រោះថ្នាក់​ពេល​សម្រាល​៖ ​ទារក​អាច​ជួប​បញ្ហា​ «​ជាប់​ស្មា​» ​ដែល​បណ្តាលឱ្យ​រងរបួស​សរសៃ​ប្រសាទ​ដៃ​ ​(​មិន​អាច​លើក​ដៃ​រួច​) ​ឬ​អាច​បាក់​ឆ្អឹង​។
​-​ករណី​ធ្ងន់ធ្ងរ​បំផុត​ ​គឺ​អាច​ប្រឈម​នឹង​ការ​បាត់បង់ជីវិត​ ​(​ស្លាប់​ក្នុង​ពោះ​)​។​

​៣. ​ផលវិបាក​ក្រោយពេល​កើត​
​-​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ​(​Hypoglycemia​)​៖ ​អាច​ធ្វើឱ្យ​ទារក​ប្រកាច់ ​ឬ​ប៉ះពាល់​ដល់​កោសិកា​ខួរក្បាល​។
​-​មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ ​(​ហត់​ដង្ហក់​ និង​ថ្ងូរ​)​។
​-​កំហាប់​ឈាម​ខាប់​ខុស​ធម្មតា​ ​ដែល​បណ្តាលឱ្យ​ទារក​មាន​ ​ខាន់​លឿង​ខ្លាំង​ និង​អូសបន្លាយ​ពេល​យូរ​។
​-​អាច​មាន​បញ្ហា​សាច់ដុំ​បេះដូង​រីក​ធំ​។

​វិធានការ​បង្ការ​ និង​ការ​ព្យាបាល ​ដើម្បី​សុវត្ថិភាព​មាតា ​និង​ទារក​

​ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ទាំងឡាយ​ណា​ដែល​កើតឡើង​ជា​យថាហេតុ ​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​នូវ​វិធីសាស្ត្រ​សំខាន់​ៗ​ដូច​ខាងក្រោម​៖​

​ការ​តាមដាន​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់​៖ ​ត្រូវ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព ​ដើម្បី​ពិនិត្យ​ ​វាស់​ប្រវែង​ ​និង​ប៉ាន់ប្រមាណ​ទម្ងន់​ទារក​តាមរយៈ​ ​អេកូសាស្ត្រ​។ ​ការ​ធ្វើ​បែប​នេះ​ ​ជួយ​ឱ្យ​គ្រូពេទ្យ​អាច​វាយតម្លៃ​ ​និង​រៀបចំ​ផែនការ​សម្រាល​ដ៏​សុវត្ថិភាព​បំផុត​។​

​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​៖ ​ចំពោះ​ស្រ្តី​ដែល​មាន​ប្រវត្តិ ​ឬ​កំពុង​មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ត្រូវ​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស ​ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ឱ្យ​បាន​ម៉ឺងម៉ាត់​។

​ត្រួតពិនិត្យ​របប​អាហារ​៖ ​គួរ​ទទួលទាន​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ​ប៉ុន្តែ​ត្រូវ​ចៀសវាង​ការ​បរិភោគ​ដែល​ធ្វើឱ្យ​ឡើង​ទម្ងន់​ខុស​ប្រក្រតី​។ ​ការ​ឡើង​ទម្ងន់​ហួសហេតុ​ ​មិន​ត្រឹមតែ​ប៉ះពាល់​ពេល​សម្រាល​ទេ ​តែ​វា​អាច​បង្ក​ជា​ជំងឺ​ទឹកនោម​ផ្អែម​ ​ជំងឺ​បេះដូង​ ​លើស​ឈាម​ ​និង​ជំងឺ​ធាត់​ ​ដល់​មាតា​និង​ទារក​ទៅ​ថ្ងៃ​អនាគត​។​

​ការ​ថែទាំ​កម្រិត​ខ្ពស់​ក្រោយ​សម្រាល​៖​ ករណី​ទារក​កើត​មក​មាន​ទម្ងន់​ធ្ងន់​ ​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ផ្នែក​ទារក​ភ្លាម​ៗ ​ដើម្បីឱ្យ​គ្រូពេទ្យ​ឯកទេស​ផ្នែក​កុមារ​ ធ្វើ​ការ​វាយតម្លៃ​ ​ពិនិត្យ​ ​តាមដាន​ ​និង​ព្យាបាល​យ៉ាង​ដិតដល់​៕

​ប្រភព​ ​៖​ ​មន្ទីរពេទ្យ​កាល់ម៉ែត

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា