ព័ត៌មានក្លែងក្លាយ កំពុងក្លាយជាបញ្ហាប្រឈមរួមដ៏ធំ និងឆ្លងដែន ដែលមិនមានប្រទេស ឬស្ថាប័នណាមួយអាចដោះស្រាយបានតែម្នាក់ឯងនោះឡើយ។ ក្នុងបរិបទនេះ យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ “Zero Fake News” ត្រូវបានរៀបចំឡើង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
វេទិកាថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon ដោយមានការចូលរួមពីតំណាងប្រទេសចំនួនប្រាំ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអ្នកជំនាញជាច្រើនរូប ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធ កំណត់វិធានការឆ្លើយតបជាក់ស្តែង និងជំរុញការកសាងលំហព័ត៌មានដែលមានសុវត្ថិភាព បរិយាបន្ន និងអាចជឿទុកចិត្តបានកាន់តែខ្លាំងនៅក្នុងតំបន់មេគង្គទាំងមូល។
មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការ «Zero Fake News» ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ ជាបញ្ហាប្រឈមរួមរបស់តំបន់ និងពិភពលោក, ព័ត៌មានមិនពិតធ្វើដំណើរឆ្លងដែន មានភាសាចមុះ តាមរយៈវិធីផ្សេងៗ និងទៅកាន់សហគមន៍នានា។ ដូច្នេះ មិនមានប្រទេសណាមួយ ឬក្រសួង អង្គភាពផ្សព្វផ្សាយ ឬវេទិកាណាមួយ អាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានឡើយ។
ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន
“Fake News គឺជាបញ្ហារួមរបស់តំបន់ តម្រូវឱ្យសកម្មភាពរួមពីតំបន់ផងដែរ ក្រសួង អង្គភាពព័ត៌មាន ឌីជីថល Platform ឬសហគមន៍មិនអាចដោះស្រាយបញ្ហានេះតែម្នាក់បានទេ”
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា វេទិកានេះផ្អែកលើគោលការណ៍សំខាន់ៗមួយចំនួន រួមមាន ការលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបាន ការផ្ទៀងផ្ទាត់ការពិតឱ្យបានទាន់ពេលវេលា ការប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការប្រើប្រាស់ឌីជីថលប្រកបដោយក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការតំបន់។ ឯកឧត្តម នេត្រ ភត្រា បន្តថា តាមរយៈវេទិកាពិគ្រោះយោបល់នៅថ្ងៃនេះ នឹងផ្លាស់ប្ដូរបទពិសោធថ្នាក់ជាតិពិភាក្សាអំពីបញ្ហាប្រឈមរួម កំណត់វិធានការឆ្លើយតបជាក់ស្ដែង និងពិចារណាអំពីសកម្មភាពយុទ្ធសាស្ត្រ ដើម្បីគាំទ្រយុទ្ធនាការ Zero Fake News និងកសាងលំហព័ត៌មានដែលអាចជឿទុកចិត្តបានកាន់តខ្លាំងនៅក្នុងតំបន់មេគង្គ។
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង មានប្រសាសន៍ថា ការពិភាក្សាបានបង្ហាញឃើញច្បាស់ថា ចំណុចប្រាំប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ត្រូវតែចាប់ផ្ដើមចេញពីការប្រតិកម្មទៅជាការបង្ការទប់ស្កាត់ ពីការធ្វើការតែឯងទៅជាការធ្វើការរួមគ្នា ពីការឆ្លើយតបថ្នាក់ជាតិទៅជាការឆ្លើយតបតំបន់ដែលកាន់តែរឹងមាំជាងមុន។
អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បញ្ជាក់បន្ថែមថា តំបន់មេគង្គ ត្រូវការឱ្យមានការឆ្លើយតបដែលអាចជឿទុកចិត្តបាន មានលំហព័ត៌មានដែលមានបរិយាបន្ន និងអាចជឿទុកចិត្តបានជាងមុន ដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានពិតប្រាកដកាន់តែច្រើនជាងមុន។ ទន្ទឹមគ្នានេះ អ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់នូវជំនាញវិជ្ជាជីវផ្ទាល់ខ្លួន រាជរដ្ឋាភិបាល អាចធ្វើការទំនាក់ទំនងទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ហើយក្រុមហ៊ុនឌីជីថល ធ្វើការអនុវត្តដោយការទទួលខុសត្រូវ ហើយអ្នកដែលប្រើប្រាស់ និងចែករំលែកព័ត៌មាន ដោយការយកចិត្តទុកដាក់ ក៏ដូចជាការទទួលខុសត្រូវ។
ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង
គួរជំរាបជូនថា តាមរយៈក្រសួងព័ត៌មាន បានដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗចំនួន ៥ រួមមាន ទី១. ការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស និស្សិត សហគមន៍នៅតំបន់ជនបទ និងក្រុមងាយរងគ្រោះ។ ទី២. ការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការបង្កើតមាតិកាប្រកបដោយការទទួលខុសត្រូវ តាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ទី៣. ការលើកកម្ពស់ភាពជឿទុកចិត្តបាន ល្បឿន និងការឆ្លើយតបទៅនឹងទំនាក់ទំនងសាធារណៈ ជាពិសេសតាមរយៈប្រព័ន្ធអ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។ ទី៤. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរាជរដ្ឋាភិបាល អង្គភាពផ្សព្វផ្សាយ អ្នកសារព័ត៌មាន វេទិកាឌីជីថល អ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម អ្នកអប់រំ សង្គមស៊ីវិល និងសាធារណជន។ ទី៥. ការលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក និងប្រើប្រាស់ប្រភពដែលអាចជឿទុកចិត្តបាន និងប្រភពផ្លូវការ ជាពិសេសក្នុងស្ថានការណ៍រសើប ការសង្គ្រោះសាធារណៈក្នុងគ្រាអាសន្ន និងបញ្ញាជាតិ៕