បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិត​ឆ្នើម​៣​ក្រុម​ ​ឈ្នះ​ពានរង្វាន់​បង្កើត​គំនិត​ច្នៃប្រឌិត​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​

និស្សិត​ឆ្នើម​៣​ក្រុម​ ​ឈ្នះ​ពានរង្វាន់​បង្កើត​គំនិត​ច្នៃប្រឌិត​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​

​(​ភ្នំពេញ​) ​៖​ ​ក្រុម​និស្សិត​ឆ្នើម​ចំនួន​ ​៣​ក្រុម​ ​បាន​ឈ្នះ​ពានរង្វាន់​នៅក្នុង​ការ​ប្រកួតប្រជែង​គំរូ​អាជីវកម្ម​ ​ឆ្នាំ​២០២៦​ ក្រោម​ប្រធានបទ​ «​ការ​ប្រកួតប្រជែង​បង្កើត​គំនិត​ច្នៃប្រឌិត​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​» ​(​Sustainable​ ​Tourism​ ​Innovation​ ​Challenge​) ​កាលពី​ថ្ងៃទី​២៧​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ កន្លងទៅ​នេះ​។​

Advertisement

​កម្មវិធី​នេះ​ ​រៀបចំឡើង​ក្រោម​តែ​កិច្ចសហការ​រវាង​ ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ (​NUM​) ​និង​ ស្ថាប័ន​ ​Griffith​ ​College​ ​Dublin​ ​ដោយ​មាន​ការ​សម្របសម្រួល​ពី​ស្ថានទូត​អៀរឡង់​ ​ប្រចាំ​នៅ​កម្ពុជា​។​

​ក្រុម​និស្សិត​ជ័យលាភី​ឆ្នើម​ទាំង​ ​៣​ក្រុម​ ​ដែល​ឈ្នះ​ពានរង្វាន់​ក្នុង​ការ​ប្រកួត​នេះ​ ​រួមមាន​ ជ័យលាភី​មេដាយ​មាស ​បាន​ទៅ​លើ​ ​ក្រុម​ ​OPEN​ ​EM​, ​ជ័យលាភី​មេដាយ​ប្រាក់​ ​បាន​ទៅ​លើ​ ​ក្រុម​ ​DYNAM​2​C​ ​និង​ជ័យលាភី​មេដាយ​សំរឹទ្ធ ​បាន​ទៅ​លើ​ ​ក្រុម​ ​CLAYMORE​ ​។​

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​នេះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជាដៃគូ​ដ៏​រឹងមាំ​រវាង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​និង​បេសកកម្ម​ការ​ទូត​។​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​បញ្ជាក់​ថា​ ​ភាព​ជាដៃគូ​នេះ​ ​គឺជា​គំរូ​ឧត្តមានុវត្តន៍​ដែល​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​ដៃគូ​អន្តរជាតិ​ ​និង​បេសកកម្ម​ការ​ទូត​អាច​ធ្វើ​ការ​រួមគ្នា​ ​ដើម្បី​បង្កើត​ឱកាស​សិក្សា​ផ្លាស់ប្ដូរ​សម្រាប់​យុវជន​ ​ពង្រឹង​ទំនាក់ទំនង​ការ​អប់រំ ​និង​ប្រជាជន​រវាង​កម្ពុជា​ ​និង​អៀរឡង់​។ ​ហើយ​ថា​ ​ការ​ប្រកួតប្រជែង​គំរូ​ធុរកិច្ច​ថ្នាក់​ជាតិ​ ​បាន​ក្លាយជា​វេទិកា​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ក្នុង​ការ​បណ្ដុះ​ទេពកោសល្យ​សហគ្រិន​ក្នុង​ចំណោម​និស្សិត​សាកលវិទ្យាល័យ​ និង​បាន​បន្ត​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ជំរុញ​លើកទឹកចិត្ត​យុវជន​កម្ពុជា​ឱ្យ​បំប្លែង​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ​ ​ការ​ស្រមើស្រមៃ ​ទៅជា​ដំណោះស្រាយ​ជាក់ស្ដែង​។​

​«​ប្រធានបទ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​នេះ​ ​គឺ​ឆ្លើយតប​យ៉ាង​ចំ​ចំពោះ​បរិបទ​បច្ចុប្បន្ន ​ខណៈ​វិស័យ​ទេសចរណ៍​កម្ពុជា​ ​គឺជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ការងារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​»

ឯកឧត្តម​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ក៏​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ កុំ​ឱ្យ​បោះបង់ចោល​នូវ​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន​ ​បើ​ទោះបីជា​មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ពេល​នេះ​ក៏ដោយ​ ​ដ្បិត​ថា​ «​សហគ្រិន​ភាព​» ​ទាមទារ​ចាំបាច់​នូវ​ការ​តស៊ូ ​អំណត់​អត់ធន់​ ​និង​ការ​ជម្នះ​ឧបសគ្គ​។​

​សូម​ជំរាប​ជូន​ថា​ ​មុន​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ ​មាន​បេក្ខជន​១៥​ក្រុម​ត្រូវបាន​ជ្រើសរើស​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​ពង្រឹង​សមត្ថភាព​ ​(​Bootcamp​) ​ហើយ​គណៈកម្មការ​បន្ត​ជម្រុះ​យក​បេក្ខជន​ ​៥​ក្រុម​ឆ្នើម​ (​Top​ ​5​) ​ប៉ុណ្ណោះ​ ​គឺ​ ​ក្រុម​ ​CLAYMORE​, ​CULTURE​ ​2​ ​YOU​, ​DYNAM​2​C​, ​OPEN​ ​EM​ ​និង​ ​TRUST​ ​BITE​។ ​ពួកគេ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អៀរឡង់​ ​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍​ ​និង​អភិវឌ្ឍ​គំនិត​អាជីវកម្ម​របស់​ពួកគេ​ជាមួយនិស្សិត​អៀរឡង់ ​មុននឹង​ឈាន​ទៅដល់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដើម្បី​ស្វែងរក​ក្រុម​ជ័យលាភី​ចុងក្រោយ​។​

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​បាន​ថ្លែងអំណរគុណ​ដល់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​Griffith​ ​College​ ​Dublin​ ​គណៈកម្មការ​ដាក់​ពិន្ទុ ​និង​គ្រូ​ណែនាំ​ ​ព្រម​ជាមួយ​ដៃគូ​សហការ​ឧបត្ថម្ភ​ទាំងអស់​ ព្រមទាំង​ស្ថានទូត​អៀរឡង់​ដែល​ផ្ដល់​ឱកាស​ឱ្យ​និស្សិត​ជ័យលាភី ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ ​Dublin​ ​ដោយ​រំលេច​ពី​សារៈសំខាន់​នៃ​សហគ្រិន​ភាព​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ ​បង្កើត​ការងារ​ និង​បរិវត្តកម្ម​ឌីជីថល​ដែល​ធានា​បាន​នូវ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​សកល​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា