បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវតីឆ្នើម៣រូប ឈ្នះការប្រកួតគំនូរ «Dream Girls» ជំនាន់ទី១៣ ដើម្បីលើកស្ទួយផលិតផលខ្មែរ

យុវតីឆ្នើម៣រូប ឈ្នះការប្រកួតគំនូរ «Dream Girls» ជំនាន់ទី១៣ ដើម្បីលើកស្ទួយផលិតផលខ្មែរ

ភ្នំពេញ — ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញចេញពីស្នាដៃជាង ២០០ ទីបំផុតកម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី (Dream Girls Design Contest) ជំនាន់ទី១៣ ឆ្នាំ២០២៦ បានរកឃើញយុវតីឆ្នើមចំនួន ៣ រូប ដែលទទួលបានជ័យលាភី។ អ្វីដែលជាទីមោទនភាពទៀតនោះ គឺ គំនូរប្រកបដោយទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ពួកគេ នឹងត្រូវយកទៅរចនាផ្ទាល់លើសម្បកវេចខ្ចប់ផលិតផលក្នុងស្រុក ដើម្បីជួយលើកកម្ពស់អត្តសញ្ញាណ វប្បធម៌ និងពង្រីកទីផ្សារផលិតផលខ្មែរឱ្យកាន់តែមានភាពលេចធ្លោ។

Advertisement

សម្រាប់កម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី ជំនាន់ទី១៣ ឆ្នាំ២០២៦នេះ មិនមានជ័យលាភីលេខ១ នោះទេ ប៉ុន្តែជ័យលាភីលេខ២ មានចំនួន២រូប បានទៅលើ យុវតី ឈូ យូហ៊ុយ និងយុវតី ភាព វណ្ណេ ប្រានីកា និងជ័យលាភីលេខ៣ បានទៅលើ យុវតី ឈួត ស៊ីតដឺនី។

ក្នុងពិធីប្រកាសម្ចាស់ជ័យលាភី កាលពីថ្ងៃអាទិត្យ (១៧ ឧសភា) អ្នកស្រី WaKana Nukui អ្នកផ្ដួចផ្ដើមកម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី មានប្រសាសន៍ថា អស់រយៈពេល១៣ឆ្នាំហើយ​ដែលកម្មវិធី Dream Girls Design Contest បានផ្តល់ឱកាសដល់អ្នករចនាវ័យក្មេងស្ត្រី និងអ្នកមានសមត្ថភាពច្នៃប្រឌិតថ្មីៗរាប់រយនាក់ ក្នុងការបង្កើតស្នាដៃសិល្បៈ ដែលអាចយកទៅប្រើប្រាស់លើផលិតផលពិតប្រាកដ ជាពិសេសផលិតផលផលិតនៅកម្ពុជា ដូចជា សូកូឡាគ្រាប់ស្វាយចន្ទី នំខូគី អាហារសម្រន់ ផលិតផលជាកាដូ និងផលិតផលខ្មែរផ្សេងៗទៀត។

អ្នកស្រី WaKana Nukui បញ្ជាក់ថា តាមរយៈកម្មវិធីនេះ ការវេចខ្ចប់មិនមែនគ្រាន់តែជាប្រអប់ ឬសម្បកផលិតផលប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយបង្ហាញរឿងរ៉ាវ អត្តសញ្ញាណ វប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជា។

អ្នកនាង ហ៊ាង វត្តី អ្នករៀបចំកម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រី បានលើកឡើងថា កម្មវិធីនេះមិនមែនគ្រាន់តែជាការប្រកួតគំនូរ និងស្នាដៃសិល្បៈស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសពិតប្រាកដសម្រាប់អ្នករចនាស្ត្រីវ័យក្មេង ក្នុងការឃើញស្នាដៃរបស់ខ្លួនត្រូវបានយកទៅប្រើប្រាស់លើទីផ្សារ ព្រមទាំងជួយឱ្យផលិតផលខ្មែរមានអត្តសញ្ញាណរូបភាពកាន់តែខ្លាំង និងទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ។

គួរជំរាបជូនថា តាមរយៈការភ្ជាប់ទេពកោសល្យវ័យក្មេងជាមួយម៉ាកផលិតផលក្នុងស្រុក កម្មវិធីប្រកួតគំនូរ និងស្នាដៃស្ត្រីនេះ កំពុងបង្កើតផ្លូវជាក់ស្តែងសម្រាប់សិល្បករ និងអ្នករចនា ឱ្យចូលទៅក្នុងពិភពវិជ្ជាជីវៈ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា