សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។
វគ្គបណ្ដុះបណ្ដាលដែលនឹងផ្តល់ដល់កម្ពុជានេះ គឺរដ្ឋាភិបាលសាធារណរដ្ឋតួកគីយ៉េ នឹងផ្តល់ជូននូវការរ៉ាប់រង ថ្លៃសិក្សា ទីកន្លែងស្នាក់នៅ ការធ្វើដំណើរទៅមកកម្ពុជា-សាធារណរដ្ឋតួកគីយ៉េ និងអត្ថប្រយោជន៍ផ្សេងៗ។
ក្នុងកំឡុងពេលចូលរួមវគ្គបណ្តុះបណ្តាលនេះ បេក្ខជននឹងទទួលបានឱកាសរៀនភាសាតួកគីពីសាស្ត្រាចារ្យ និងវាគ្មិនល្បីៗយ៉ាងស៊ីជម្រៅពីកម្រិតចាប់ផ្តើម( A1) ដល់កម្រិតមធ្យមកម្រិតខ្ពស់ (B2) ព្រមទាំងការអភិវឌ្ឍន៍វិជ្ជាជីវៈ ពង្រឹងជំនាញ និងចំណេះដឹងតាមរយៈសិក្ខាសាលា និងសកម្មជាក់ស្តែងផ្សេងៗជាដើម។
ដូច្នេះ សម្រាប់បេក្ខជន បេក្ខនារី ដែលចង់ដាក់ពាក្យអាចស្វែងរកព័ត៌មានលម្អិតបន្ថែម និងលក្ខខណ្ឌផ្សេងៗ នៃការជ្រើសរើស នៅក្នុងគេហទំព័រ https://katip.ytb.gov.tr និងត្រូវដាក់ពាក្យសុំ ចូលរួមកម្មវិធីបណ្តុះបណ្តាលតាមអនឡាញ តាមរយៈគេហទំព័រ https://tbbs.turkiyeburslari.gov.tr/។
បន្ទាប់ពី បំពេញពាក្យសុំរួច សូមបោះពុម្ភ (Print) ដោយភ្ជាប់ឯកសារពាក់ព័ន្ធផ្សេងៗ បញ្ជូនមកនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឱ្យបានត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីក្រសួងរៀបចំបញ្ជីឈ្មោះ និងបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ចែងបន្ត។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងនៅក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទួរគី និងប្រទេសរបស់អ្នកចូលរួម ដែលនឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ និងសង្គមតួកគី។
លើសពីនេះ អ្នកចូលរួមក៏អាចមានឱកាសចូលរួមក្នុងការបង្កើនបទពិសោធន៍ ដូចជាសិក្ខាសាលាដែលដឹកនាំដោយសាស្រ្តាចារ្យល្បីៗ ដំណើរកំសាន្តវប្បធម៌ទៅកាន់តំបន់ផ្សេងៗនៃសាធារណរដ្ឋតួកគីយ៉េ សិក្ខាសាលាស្វែងយល់ពីសិល្បៈតួកគី សកម្មភាពកីឡាប្រពៃណី និងដំណើរទស្សនកិច្ចតាមស្ថាប័នផ្សេងៗជាដើម៕
អត្ថបទ ៖ ឌិន ថារី