ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម ២០២៦ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៏លើកទី៤ សាស្រ្តាចារ្យខ្មែរចំនួនពីររូប ត្រូវបានប្រកាសឱ្យទទួលបានពានមាស និងពានសំរឹទ្ធ ក្នុងការស្រាវជ្រាវលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នោះគឺ លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង និងលោកស្រីសាស្រ្តាចារ្យជំនួយបណ្ឌិត តាន់ រស្មី។
លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង ដែលទទួលពានពានមាស គឺជាប្រធានដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោកបានបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសជប៉ុន ហើយបន្តថ្នាក់ក្រោយបណ្ឌិត និងបន្តជាអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅប្រទេសជប៉ុន រយៈពេលប្រមាណ១០ឆ្នាំ មុនមកចូលរួមអភិវឌ្ឍធនធានមនុស្សនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ លោកជាអ្នកវិទ្យាសាស្រ្តសកម្មមួយរូប។
លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង ប្រធានដេប៉ាតឺម៉ង់ទេពកោសល្យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
មកដល់ពេលនេះ លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង បានសរសេរ និងបោះពុម្ពអត្ថបទស្រាវជ្រាវជាង៥០ច្បាប់ ទាក់ទងប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ការគ្រប់គ្រងចរាចរណ៍ សុវត្ថិភាពផ្លូវថ្នល់ និងការប្រើប្រាស់បច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន។
លោកសាស្រ្តាចារ្យជំនួយបណ្ឌិត ភន់ វ៉េងឃាង បានចូលរួមដឹកនាំសិក្សាកែសម្រួលការកកស្ទះចរាចរណ៍នៅត្រង់ចំណុចប្រសព្វនានា ដូចជាស្តុបក្តាន់ពីរ ដោយធ្វើការប្រមូលទិន្នន័យធរណីមាត្រផ្លូវ រាប់ចរាចរណ៍ វិភាគតាមបែបវិទ្យាសាស្រ្ត និងផ្តល់ដំណោះស្រាយសមរម្យ មានប្រសិទ្ធភាព និងដែលចំណាយតិច។
ចំណែកលោកស្រីសាស្រ្តាចារ្យជំនួយបណ្ឌិត តាន់ រស្មី ដែលទទួលបានពានសំរឹទ្ធ គឺជាអនុប្រធានមជ្ឃមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោកស្រីបណ្ឌិត បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិស្វកម្មជីវសាស្រ្ត មកពី Tokyo Institute of Technology នៃប្រទេសជប៉ុន។ ការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត គឺផ្តោតទៅលើការអភិវឌ្ឍផលិតផលអាហារ និងភេសជ្ជៈ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែច្នៃកាកសំណល់អាហារឱ្យទៅជាផលិតផលដែលមានតម្លៃខ្ពស់ជាងមុន។
លោកស្រីសាស្រ្តាចារ្យជំនួយបណ្ឌិត តាន់ រស្មី អនុប្រធានមជ្ឃមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ថ្មីៗនេះ លោកស្រីសាស្រ្តាចារ្យជំនួយបណ្ឌិត តាន់ រស្មី បានអភិវឌ្ឍប្រេងគ្រំចំពុះទាដោយប្រើប្រាស់គ្រំចំពុះទាមកពីខេត្តកោះកុង ហើយផ្ទេរបច្ចេកវិទ្យាទៅឱ្យសហគ្រាសមួយនៅខេត្តតាកែវ ដោយការស្រាវជ្រាវនេះត្រូវបានគាំទ្រដោយវេទិកាបច្ចេកវិទ្យាអាហារ ការស្រាវជ្រាវ និងការច្នៃប្រឌិត (FTRIP) ក្រោមក្របខណ្ឌនៃគម្រោង CAPFish-Capture ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO)។ លោកស្រីបណ្ឌិត ក៏ទទួលបាន Encouragement Award ពី Hitachi Global Foundation Asia Innovation Award 2024 ផងដែរ ទាក់ទងនឹងការអភិវឌ្ឍផលិតផលចេញពីសណ្តែកសៀង និងកែច្នៃកាកសណ្តែកសៀងឱ្យទៅជាផលិតផលមានតម្លៃខ្ពស់។
គួរជំរាបជូនថា កម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តឆ្នើម ២០២៦ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ឱកាសសម្រាប់សាធារណជនបង្ហាញស្នាដៃជាអ្នកវិទ្យាសាស្ត្រឆ្នើមរបស់កម្ពុជា លើវិស័យអាទិភាពជាតិ ក្រោមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ រួមមាន សុខាភិបាលឌីជីថល អព្យាក្រឹតភាពកាបូន និងការអប់រំប្រកបដោយគុណភាព៕