និស្សិតខ្មែរ២រូបដែលទទួលបានអាហារូបករណ៍ពីប្រទេសអូស្រ្តាលីបានចែករំលែកបទពិសោធន៍ និងគន្លឹះសំខាន់ៗក្នុងការដាក់ពាក្យសុំអាហារូបករណ៍ ដោយលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យខិតខំត្រៀមខ្លួន និងកុំបោះបង់ក្តីស្រមៃ ខណៈនិស្សិតកម្ពុជាចំនួន ២០ រូបត្រៀមចាកចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
លោក ខន សុវិសាល អាយុ ២៥ ឆ្នាំ ជានិស្សិតមកពីសាកវិទ្យាល័យភូមិន្ទភ្នំពេញ ដែលត្រៀមទៅសិក្សាថ្នាក់អនុបណ្ឌិតជំនាញ Master of Development Studies នៅសាកលវិទ្យាល័យ UNSW Sydney បានណែនាំឱ្យបេក្ខជនស្វែងយល់ឱ្យបានច្បាស់អំពីជំនាញដែលខ្លួនចង់សិក្សា លក្ខខណ្ឌ និងតម្រូវការរបស់កម្មវិធី ព្រមទាំងសិក្សាបទពិសោធន៍ពីអ្នកជាប់អាហារូបករណ៍ជំនាន់មុន។
លោកបានបញ្ជាក់ថា បេក្ខជនគួរដាក់ពាក្យស្របតាមសមត្ថភាព និងបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់។ លោកនិយាយថា «សំខាន់គឺត្រូវខំអស់ពីសមត្ថភាព និងបំពេញគ្រប់ចំណុចដែលគេទាមទារ នោះយើងនឹងមានឱកាសទទួលបានជោគជ័យ»។
ចំណែក លោកស្រី ម៉ម វណ្ណារី អាយុ ២៨ឆ្នាំ ដែលត្រៀមទៅសិក្សាថ្នាក់អនុបណ្ឌិតជំនាញ Master of Sustainability នៅសាកលវិទ្យាល័យ Sydney បានឱ្យដឹងថា នាងធ្លាប់ដាក់ពាក្យសុំអាហារូបករណ៍នេះចំនួន ២ លើកក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ប៉ុន្តែមិនទទួលបានជោគជ័យ។ ទោះជាយ៉ាងណា នាងមិនបានបោះបង់ទេ ហើយបានព្យាយាមម្តងទៀតនៅឆ្នាំ២០២៥ រហូតទទួលបានអាហារូបករណ៍។
លោកស្រីបានណែនាំថា បេក្ខជនគួរតែត្រៀមខ្លួនឱ្យបានល្អសម្រាប់ការសម្ភាសន៍ ដោយពិនិត្យឡើងវិញនូវបទពិសោធន៍ការងារ សមិទ្ធផល និងគោលដៅអនាគតរបស់ខ្លួន ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការយកចំណេះដឹងទៅចូលរួមអភិវឌ្ឍកម្ពុជា។
និស្សិតកម្ពុជាចំនួន ២០ រូប ដែលទទួលបានអាហារូបករណ៍ Australia Awards Scholarships និងអ្នកទទួលអាហារូបករណ៍ John Allwright Fellowship (JAF) ម្នាក់ថ្មីៗនេះ ត្រូវបានជូនដំណើរមុនចេញទៅបន្តការសិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសអូស្ត្រាលី លើជំនាញដូចជា វិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រទិន្នន័យ វិស្វកម្ម សហគ្រិនភាព ការអប់រំ សុខភាពសាធារណៈ និរន្តរភាព និងទេសចរណ៍។
ស្ថានទូតអូស្ត្រាលីបានបញ្ជាក់ថា កម្មវិធី Australia Awards ផ្តល់លើសពីសញ្ញាបត្រ ដោយផ្តល់ការអប់រំដែលមានស្តង់ដារអន្តរជាតិ និងជួយអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយ ដើម្បីចូលរួមជំរុញការអភិវឌ្ឍកម្ពុជា។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជាជាង ១ម៉ឺននាក់បានទទួលអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ៕