ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី គេបានរកឃើញបេក្ខជន២ក្រុម ដែលនឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខ គឺក្រុមបេក្ខជនមកពី វិទ្យាល័យ ដំដែក ខេត្តសៀមរាប (ក្រុមបដិសេធ) លើប្រធានបទទី១ «មន្ត្រីមូលដ្ឋានជាតួអង្គឈានមុខក្នុងការបោសសម្អាតបណ្ដុំឆបោកតាមប្រព័ន្ធអនឡាញ» និងក្រុមបេក្ខជនមកពី សាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ (ក្រុមស្រប) លើប្រធានបទទី២ «ការបញ្ជូនទណ្ឌិតជាក្មេងទំនើងទៅបម្រើការងារជួយដល់កងទ័ពជួរមុខជាចំណាត់ការដ៏មានប្រសិទ្ធភាពក្នុងការកែប្រែឥរិយាបថរបស់ពួកគេ»។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាច្រើនលើក ជម្រុះជាច្រើនជុំ តាំងពីជុំទីមួយរហូតដល់វគ្គនេះ គឺបានរកឃើញកំពូលក្រុម ដែលជាទំពាំងស្នងឫស្សីដ៏មានឥទ្ធិពល។ ឯកឧត្តម សេរី ជំនះ បន្តថា ការធ្វើដំណើរតាំងពីវគ្គដំបូងរហូតដល់វគ្គនេះ គឺមិនមែនជារឿងសាមញ្ញ ឬជាការចៃដន្យឡើយ គឺពិតជាកើតចេញពីភាពសាមគ្គីគ្នា ការតស៊ូ ការអត់ធ្មត់ ភាពភ័យខ្លាច និងសមត្ថភាពពិតប្រាកដរបស់ប្អូនៗ។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
«ការប្រកួតនេះ មិនមែនត្រឹមតែជាការវាស់ស្ទង់នូវសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញនូវភាពមុនស្រួច យុទ្ធសាស្ត្រ និងការដោះស្រាយបញ្ហាជាក់ស្ដែងរបស់ប្អូនៗផងដែរ»។
រដ្ឋលេខាធិការ ក្រសួងអប់រំ បន្ថែមថា នេះជាសក្ខីភាពបញ្ជាក់ថា យុវជនជំនាន់ក្រោយរបស់យើងនៅក្នុងសម័យនេះ មិនមែនមានត្រឹមតែចំណេះដឹងផ្នែកទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពខ្ពង់ក្នុងការធ្វើការងារជាក្រុម មានភាពជាអ្នកដឹកនាំ មានការត្រិះរិះពិចារណា ការវិភាគ ការស្រាវជ្រាវ ការបកស្រាយ និងភាពក្លាហានក្នុងការបញ្ចេញមតិនៅលើវេទិកាថ្នាក់ជាតិនេះ។ ”និយាយជារួមប្អូនៗ មានទាំង វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទាផងដែរ”។
គួរជម្រាបជូនថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ មានបេក្ខជនចំនួន ៤ក្រុមចូលរួមប្រកួត រួមមាន វិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ (ក្រុមស្រប) ប្រកួតជាមួយ វិទ្យាល័យ ដំដែក ខេត្តសៀមរាប (ក្រុមបដិសេធ) និងសាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ (ក្រុមស្រប) ប្រកួតជាមួយ វិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី រាជធានីភ្នំពេញ (ក្រុមបដិសេធ) ដើម្បីជម្រុះយកបេក្ខជនចំនួន ២ក្រុមបន្តទៅវគ្គផ្ដាច់ព្រ័ត្រ ដោយមានគណៈកម្មការដាក់ពិន្ទុ ដែលអញ្ជើញមកពីក្រសួងស្ថាប័ន វិស័យឯកជន និងអង្គការដៃគូ ចូលរួមវាយតម្លៃ និងផ្ដល់ពិន្ទុប្រកបដោយសុក្រឹតភាព តម្លាភាព និងយុត្តិធម៌៕