បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហង្ស សុតសំភារ ៖ ស្ថាបត្យករវ័យក្មេង​បច្ចុប្បន្ន មានសមត្ថភាពខ្ពស់ អាចបន្តវេនសម្រាប់ការសាងប្រទេស​ជាតិ ពិសេស​វិស័យស្ថាបត្យកម្ម

ឯកឧត្តម ហង្ស សុតសំភារ ៖ ស្ថាបត្យករវ័យក្មេង​បច្ចុប្បន្ន មានសមត្ថភាពខ្ពស់ អាចបន្តវេនសម្រាប់ការសាងប្រទេស​ជាតិ ពិសេស​វិស័យស្ថាបត្យកម្ម

លើកឡើង​នៅ​ក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់​ស្ថាបត្យកម្ម ឆ្នាំ២០២៥ ក្រោម​ប្រធានបទ “ទំនើបកម្ម​ នៃស្ថាបត្យកម្ម​ដោយ​ប្រើប្រាស់​ដែក​សម្រាប់សាងសង់” កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករ​វ័យ​ក្មេង​កម្ពុជា​បច្ចុប្បន្ន​នេះ មានសមត្ថភាពខ្ពស់ ហើយ​សុទ្ធ​តែអាច​បន្ត​វេន សម្រាប់​ការកសាងប្រទេស​ជាតិ ជាពិសេស​វិស័យ​ស្ថាបត្យកម្ម។

Advertisement

តាមរយៈ​ការ​ប្រកួតប្រជែងសមត្ថភាពចាប់តាំងពីថ្ងៃប្រកួតដំបូង រហូត​ដល់វគ្គផ្តាច់ព្រ័ត្រ ឯកឧត្តម ហង្ស សុតសំភារ មើលឃើញថា ស្ថាបត្យករ​វ័យ​ក្មេង​ទាំងអស់​ដែលបាន​ចូលរួម​ប្រកួតប្រជែង បានរៀនសូត្រ​ពីការ​ប្រកួតនេះ តាមរយៈ​ការ​ផ្តល់​យោបល់ពី​គ្រូណែនាំ ធ្វើ​ឱ្យ​ប្អូនៗ​ទទួលបាន​ចំណេះដឹងថ្មីៗ ក៏​ដូចជា​ចំណុច​ខ្វះ​ខាត​ដែលត្រូវ​កែលម្អ ហើយ​ពួកគេ​បាន​បង្ហាញពីសមត្ថភាព​ដ៏​អស្ចារ្យ។

ការប្រកួតពានរង្វាន់ស្ថាបត្យកម្ម ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទំនើបកម្មនៃស្ថាបត្យកម្ម​ដោយប្រើប្រាស់​ដែកសម្រាប់​សាងសង់” រៀបចំ​ឡើងដោយក្រុមហ៊ុន ISI STEEL មានរយៈពេល៥ខែ គិតចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងវគ្គផ្ដាច់ព្រ័ត្រដែលធ្វើ​ឡើង​កាលពីសប្តាហ៍​មុន មានតែបេក្ខជន ៥ក្រុមប៉ុណ្ណោះ ដែលបាន​ប្រកួត​ធ្វើបទបង្ហាញ​ដើម្បីជម្រុះយកជ័យលាភីលេខ១ដល់ជ័យលាភីលេខ៣ តាមរយៈការវាយតម្លៃ និងដាក់ពិន្ទុពី​គណៈកម្មការ​៦រូប។ ក្នុងនោះ គេ​បាន​រកឃើញ​ម្ចាស់ជ័យលាភីពានរង្វាន់​ស្ថាបត្យកម្ម​ឆ្នាំ២០២៥ ដោយ​បានទៅលើ​លោក ស៊ នីដែត សិក្សា​ទៅ​លើគម្រោង Vital Ground និង​ លោក ជ័យ ចាន់សុវណ្ណរិទ្ធ សិក្សា​លើគម្រោង The Warehouse Oasis។

លោក ស៊ នីដែត មកពីសាកលវិទ្យាល័យន័រតុន ដែលជា​ម្ចាស់ជ័យលាភី មានប្រសាសន៍ថា​ គម្រោង Vital Ground របស់លោក គឺសិក្សា​ទៅលើការ​រចនាឃ្លាំង ហើយ​ការ​ដែលនាំ​ឱ្យ​គម្រោង​របស់លោកទទួលបានជោគជ័យ ក៏​ព្រោះតែ​គម្រោងនេះ បានរចនាទីតាំងឃ្លាំងដោយប្រើប្រាស់​ដីឱ្យអស់ពីលទ្ធភាព មិនត្រឹមផ្ដោតលើទីតាំងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែផ្ដោតលើសុខុមាលភាពបុគ្គលិក។ លើសពីនេះ មានការរចនាសួនច្បារនៅកណ្ដាល ដែលជាវិធីសាស្រ្ត​និរន្តរភាព​នៃស្ថាបត្យកម្ម ផ្ដល់ផលប៉ះពាល់តិចដល់បរិស្ថាន។

លោក ស៊ នីដែត ម្ចាស់ជ័យលាភីលេខ១ សិក្សាគម្រោង Vital Ground

លោក ជ័យ ចាន់សុវណ្ណរិទ្ធ ម្ចាស់ជ័យលាភីមួយរូបទៀត មានប្រសាសន៍ថា លោកបានសិក្សាទៅ​លើគម្រោង The Warehouse Oasis ។ គម្រោង​របស់លោកគឺបានផ្តោត​ទៅលើ​ការជួយដល់បរិស្ថាន សង្គមជាតិ និងជួយដល់វិស័យ​ឧស្សាហកម្ម។ លោក ចាន់សុវណ្ណរិទ្ធ បន្តថា លក្ខណៈពិសេសរបស់គម្រោងលោក​ដែលអាចជាប់ជ័យលាភី គឺជាភាព​សាមញ្ញមួយដែលយកទម្រង់ឃ្លាំងដែលមានស្រាប់មករចនាបន្ថែមដោយគិតគូរទៅលើ លំនៅឋានរបស់បុគ្គលិក ការរៀបចំប្រព័ន្ធសួន ប្រើប្រាស់សម្ភារៈរបស់ក្រុមហ៊ុនក្នុងស្រុក ​និងការប្រើប្រាស់ប្រព័ន្ធថាមពល​ពន្លឺ​ព្រះអាទិត្យ (សូឡា)។

លោក ជ័យ ចាន់សុវណ្ណរិទ្ធ ជ័យលាភីលេខ១ សិក្សាគម្រោង The Warehouse Oasis

ឯកឧត្តម ជា ចន្ទ័ថែបរ៉ាស អគ្គលេខាធិការរង នៃអគ្គលេខធិការដ្ឋានគណៈស្ថាបត្យករនៃកម្ពុជា និងជាគណៈកម្មការ​ដាក់ពិន្ទុ មានប្រសាសន៍ថា គម្រោងរបស់បេក្ខជនដែល​បាន​ចូលរួម​ប្រកួតនេះ ពួកគេ​មានការសិក្សាច្រើន និងខិតខំប្រឹងប្រែងខ្លាំង បើធៀបនឹងការប្រកួតប្រជែងផ្សេងៗ។ ឯកឧត្តម បន្តថា សម្រាប់បេក្ខជនដែល​អាចជាប់​ជ័យលាភីឆ្នើម គណៈកម្មការ​បានគិតទៅលើចំណុចសំខាន់ ៣ ដែលរួមមាន ទី១. ស្ថាបត្យកម្មមាន​លក្ខណៈប្រពៃណី​វប្បធម៌​, ទី២. ការប្រើប្រាស់បច្ចេកវិទ្យាបញ្ចូលក្នុងស្ថាបត្យកម្ម និង ទី៣. និរន្តរភាពនៃស្ថាបត្យកម្ម។

ឯកឧត្តម ជា ចន្ទ័ថែបរ៉ាស អគ្គលេខាធិការរង នៃអគ្គលេខធិការដ្ឋានគណៈស្ថាបត្យករនៃកម្ពុជា និងជាគណៈកម្មការដាក់ពិន្ទុ

សូមជំរាបជូនដែរថា​ កម្មវិធីប្រកួតពានរង្វាន់ស្ថាបត្យកម្មឆ្នាំ២០២៥ ត្រូវ​បាន​រៀបចំឡើងក្នុងគោល​បំណងលើក​កម្ពស់ការច្នៃប្រឌិត និងបង្កើតគំនិតថ្មីៗរបស់ស្ថាបត្យករវ័យក្មេង ក្នុងការរចនាគម្រោងប្លង់ស្ថាបត្យកម្ម-វិស្វកម្ម​នៃសំណង់​ឧស្សាហកម្ម ដោយប្រើប្រាស់សម្ភារៈសំណង់អំពីដែកប្រកបដោយគុណភាព សុវត្ថិភាព គោរពតាមបទដ្ឋានបច្ចេកទេស ស្តង់ដាជាតិ-អន្តរជាតិ និងស្របតាមគោលនយោបាយឧស្សាហកម្មសំណង់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា