បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UNFPA​ ​និង​ ​NCDM​ ​រួមគ្នា​ពង្រឹង​ការ​ការពារ​ស្ត្រី​ ​និង​ក្មេង​ស្រី​ពី​អំពើ​ហិង្សា​ក្នុង​គ្រា​មាន​អាសន្ន​

UNFPA​ ​និង​ ​NCDM​ ​រួមគ្នា​ពង្រឹង​ការ​ការពារ​ស្ត្រី​ ​និង​ក្មេង​ស្រី​ពី​អំពើ​ហិង្សា​ក្នុង​គ្រា​មាន​អាសន្ន​

​«​គ្មាន​ស្ត្រី​ ​ឬ​ក្មេងស្រី​ណា​ម្នាក់​គួរ​ត្រូវ​រស់​នៅក្នុង​ភាព​ភ័យខ្លាច​ពី​អំពើហិង្សា ​ខណៈពេល​កំពុង​ស្វែងរក​ទី​ជ្រកកោន​ពី​វិបត្តិ ​ឬ​គ្រោះ​មហន្តរាយ​នោះ​ឡើយ​»​។ ​ដោយ​ឈរ​លើ​គោលការណ៍​នេះ​ មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន​ ​(​UNFPA​) ​និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​(​NCDM​) ​ថ្មី​ៗ​នេះ​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MoU​) ​ដើម្បី​ពង្រឹង​ការ​បង្ការ​ និង​ការ​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​(​GBV​) ​ក្នុង​ស្ថានភាព​អាសន្ន​នៅ​កម្ពុជា​។​

Advertisement

​កិច្ច​សហប្រតិបត្តិការ​នេះ​មាន​គោលបំណង​បញ្ចូល​វិធានការ​ការពារ​ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​ទៅក្នុង​ដំណើរការ​កាត់បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ​ការ​ត្រៀម​បង្ការ​ ការ​ឆ្លើយតប​ពេល​មាន​វិបត្តិ ​និង​ការ​ស្តារ​ឡើងវិញ​ក្រោយ​គ្រោះ​មហន្តរាយ​។​

​តាមរយៈ​ភាព​ជាដៃគូ​នេះ​ ​UNFPA​ ​និង​ ​NCDM​ ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ និង​អ្នក​ផ្តល់​សេវា​នៅ​ថ្នាក់​ជាតិ​ ​ថ្នាក់​ខេត្ត​ ​និង​ថ្នាក់​មូលដ្ឋាន​ ​ដើម្បី​ផ្តល់​ចំណេះដឹង​ ​ឧបករណ៍​ និង​យន្តការ​សម្របសម្រួល​ចាំបាច់​ ​សំដៅ​ធានា​សុវត្ថិភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សិទ្ធិ​របស់​ស្ត្រី​ ​និង​ក្មេងស្រី​ក្នុង​ពេល​មាន​អាសន្ន​។​

​UNFPA​ ​បាន​បញ្ជាក់​ថា​ ​អង្គការ​នៅតែ​ប្ដេជ្ញា​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ជាតិ​ ​ដើម្បី​ធានា​ឱ្យ​សេវាកម្ម​សំខាន់​ៗ​ផ្នែក​ការ​ការពារ​ ការ​ថែទាំ​ ​និង​ការ​គាំទ្រ​ជនរងគ្រោះ​ ​អាច​បន្ត​ដំណើរការ​បាន​ទាំង​មុន​ ​អំឡុង​ពេល​ ​និង​ក្រោយពេល​មាន​គ្រោះអាសន្ន​។​

​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​នេះ​ ​កើតឡើង​បន្ទាប់ពី​វិបត្តិ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​ កាលពី​ឆ្នាំ​២០២៥​ ​ដែល​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ផ្លាស់​ទីលំនៅ​។ ​ការ​ប៉ះទង្គិច​ជាថ្មី​នៅ​ខែធ្នូ ​ឆ្នាំ​២០២៥​ ​បាន​ធ្វើឱ្យ​មនុស្ស​ជិត​ ​៦៥​ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ ​ខណៈ​ស្ត្រី​ ​និង​កុមារ​ ​គឺជា​ក្រុម​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ជាង​គេ​។​

​ទោះបី​គ្រួសារ​ជា​ច្រើន​បាន​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​នៅ​ដើម​ឆ្នាំ​២០២៦​ក៏ដោយ​ ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​ជាង​ ​១៤​ម៉ឺន​នាក់​ បន្ត​រស់​នៅ​តាម​ទីតាំង​ជម្លៀស ​ឬ​ជាមួយ​សហគមន៍​ម្ចាស់​ផ្ទះ​។​

​ការ​វាយតម្លៃ​រួម​ស្តីពី​ការ​ស្តារ​ឡើងវិញ​ដំណាក់កាល​ដំបូង​ ​បាន​រកឃើញ​ថា​ ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​គឺជា​បញ្ហា​ការពារ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​មួយ​។ ​ទោះបី​មាន​ប្រព័ន្ធ​បញ្ជូន​ករណី​ ​និង​យន្ត​ការ​ការពារ​មួយចំនួន​រួចហើយ​ក្តី​ ​ក៏​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​មាន​កម្រិត​ ​ហើយ​បុគ្គលិក​ជួរ​មុខ​ជាច្រើន​នៅ​ខ្វះ​ជំនាញ​ ​និង​ទំនុកចិត្ត​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ជនរងគ្រោះ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ​UNFPA​ ​បាន​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ ​និង​ការ​ណែនាំ​ជាបន្តបន្ទាប់​ ​ដល់​មន្ត្រីរាជការ​ ​អង្គការ​មនុស្សធម៌​ ​និង​អ្នក​ផ្តល់​សេវា​នានា​ ​ស្តីពី​ស្តង់ដារ​អប្បបរមា​អន្តរ​ភ្នាក់ងារ​សម្រាប់​ការ​ឆ្លើយតប​ចំពោះ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ក្នុង​គ្រា​អាសន្ន​។​

​UNFPA​ ​បាន​សន្និដ្ឋាន​ថា​ ​ការ​កសាង​សមត្ថភាព​បុគ្គលិក​ជួរ​មុខ​គួរតែ​ផ្អែក​លើ​ការ​អនុវត្ត​ជាក់ស្តែង​ មិន​មែន​ផ្អែក​លើ​ការ​បណ្ដុះបណ្ដាល​ក្នុង​ថ្នាក់រៀន​តែ​ប៉ុណ្ណោះ​ទេ ​ដើម្បី​ធានា​ថា​ ​ស្ត្រី​ ​និង​ក្មេងស្រី​អាច​ទទួលបាន​ការ​ការពារ​ និង​ជំនួយ​ប្រកបដោយ​សុវត្ថិភាព​ក្នុង​គ្រប់​ស្ថានភាព​អាសន្ន​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា