លោកបណ្ឌិត Will Parks ក៏បានព្រមានថា ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងហានិភ័យថ្មីៗកំពុងគំរាមកំហែងដល់សមិទ្ធផលដែលកម្ពុជាបានខិតខំកសាងអស់ជាច្រើនឆ្នាំ។
លោក Will Parks ក៏បានអំពាវនាវឱ្យវិស័យឯកជនចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍកុមារ ដោយលោកបញ្ជាក់ថា តួនាទីរបស់វិស័យនេះមិនត្រឹមតែផ្តល់ថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកតាមរយៈនវានុវត្តន៍ បច្ចេកវិទ្យា និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក Will Parks បានជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីលោកបានបញ្ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា។
ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការរួមចំណែករបស់លោក Will Parks ក្នុងការគាំទ្រកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ជាពិសេសការលើកកម្ពស់ការអប់រំកុមារតូច ការពង្រឹងគុណភាពបង្រៀន និងការស្តារប្រព័ន្ធអប់រំឡើងវិញក្រោយវិបត្តិនានា។
ក្នុងឱកាសនោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកបណ្ឌិត Will Parks ដើម្បីជាការទទួលស្គាល់ចំពោះការលះបង់ និងការរួមចំណែកដ៏មានតម្លៃរបស់លោកក្នុងការអភិវឌ្ឍវិស័យអប់រំ និងសុខុមាលភាពកុមារនៅកម្ពុជា៕