ផ្តើមពីការកោតសរសើរចំពោះលទ្ធផលល្អប្រសើរនៃរង្វាយតម្លៃសិក្សារបស់សិស្សកម្រិតបឋមសិក្សាកម្ពុជានៅតំបន់អាស៊ីអាគ្នេយ៍ នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា លើកឡើងថា ដើម្បីរក្សាវឌ្ឍនភាពនេះ ទាមទារឱ្យមានការបន្តផ្តោតលើគុណភាពការបង្រៀន សមធម៌ និងភាពធន់នៃប្រព័ន្ធអប់រំ។
លទ្ធផល នៃកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា បើប្រៀបធៀបនឹងលទ្ធផលឆ្នាំ២០១៩ ក្នុងនោះសិស្សដែលមានសមត្ថភាពអំណានកម្រិតខ្ពស់បានកើនឡើងពី ២៧% ដល់៣៩%, ចំពោះផ្នែកគណិតវិទ្យា អត្រាសិស្សដែលមានសមត្ថភាពខ្ពស់បានកើមនឡើងពី ៣៩% ដល់៦២%។
លោកបណ្ឌិត វិល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ជាគោលដៅនាពេលអនាគត ការអប់រំគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ មានសារៈសំខាន់។ តែជាមួយគ្នានេះ លោកក៏បានកោតសរសើរក្រសួងអប់រំ ដែលបានធ្វើកំណែទម្រង់ការអប់រំគ្រូបង្រៀន ដោយអនុវត្តប្រកបដោយចក្ខុវិស័យទូលំទូលាយ ចាប់ពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយគ្រូបង្រៀន ផែនការសកម្មភាព និងផែនការយុទ្ធសាស្រ្ត រហូតដល់ការកែសម្រួលជាបន្តបន្ទាប់លើក្របខណ្ឌកម្មវិធីអប់រំគ្រូបង្រៀន។

លោកបណ្ឌិត វិល ផាកស៍ បន្តថា ការដាក់ឱ្យអនុវត្តកម្មវិធីអប់រំគ្រូបង្រៀនបឋមសិក្សា និងគ្រូបង្រៀនអនុវិទ្យាល័យ តាមប្រព័ន្ធបរិញ្ញាបត្រ+១ បានពង្រីកឱកាសចូលរួម និងលើកកម្ពស់ស្តង់ដានៃការអប់រំគ្រូបង្រៀន។ ការដាក់ឱ្យដំណើរការជាលើកដំបូងនៃកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់អប់រំ (Master of Education) ផ្នែកការអប់រំបឋមសិក្សា បានពង្រឹងសមត្ថភាពគ្រូឧទ្ទេស ដើម្បីចូលរួមកំណែទម្រង់នេះ។ ជាមួយគ្នា ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ បានផ្តល់នូវវគ្គសិក្សាដែលទទួលស្គាល់តាមប្រព័ន្ធក្រេឌីត ប្រហែល៥០វគ្គ ដែលអនុញ្ញាតឱ្យគ្រូបង្រៀន និងគ្រូឧទ្ទេស ទទួលបានក្រេឌីត ខណៈពេលដែលគាត់បន្តអភិវឌ្ឍជំនាញរបស់ខ្លួន។
“យើងមិនត្រឹមតែអប់រំគ្រូបង្រៀនដើម្បីបំពេញតម្រូវការថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងសាងគន្លងអាជីពផ្លូវការ ដែលសមិទ្ធកម្ម ការប្រឹក្សាគរុកោសល្យ និងចំណេះដឹងឌីជីថល ជាចំណុចស្នូលនៃការអភិវឌ្ឍវិជ្ជាជីវៈ”
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ ក្នុងសន្និបាតបូកសរុបការងារអប់រំ ឆ្នាំ២០២៥-២០២៦ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងអប់រំ បានធ្វើការអភិវឌ្ឍគ្រូបង្រៀនជាបន្តបន្ទាប់ ដោយបានពិនិត្យឡើងវិញនូវគោលនយោបាយស្តីពីគ្រូបង្រៀន, ការពង្រឹងលទ្ធផលការងាររបស់គ្រូបង្រៀនក្របខណ្ឌ គ្រូបង្រៀនកិច្ចសន្យា និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ។ ក្រសួងបានអនុវត្តការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដោយបានដាក់ឱ្យអនុវត្តថ្នាល CPD សម្រាប់ធ្វើវិក្រឹតការ និងផ្សារភ្ជាប់ទៅ TQU និងកម្មវិធី HRCPD ដើម្បីឱ្យបុគ្គលិកអប់រំបានចូលរួមវគ្គបណ្តុះបណ្តាល និងទទួលបានក្រេឌីត ព្រមទាំងរៀបចំឯកសារទស្សនាទានស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងវិក្រឹតការបុគ្គលិកអប់រំឆ្នាំ២០២៥ ដល់២០៣០ និងដំឡើងគុណវុឌ្ឍិគ្រូបង្រៀនបឋមសិក្សា ឱ្យទទួលបានបរិញ្ញាបត្រ។

ដោយឡែកកម្មវិធីអប់រំគ្រូបង្រៀនគ្រប់កម្រិតតាមប្រព័ន្ធក្រេឌីត ក៏ត្រូវបានធ្វើបច្ចុប្បន្នកម្ម និងស្របតាមនិន្នការ នៃការអប់រំបច្ចុប្បន្ន ដោយនៅឆ្នាំ២០២៥ គ្រូបង្រៀនបឋមសិក្សា និងអនុវិទ្យាល័យចំនួន ១៣៥១នាក់ បានប្រឡងបញ្ចប់ និងចេញបម្រើការងារតាមសាលារៀនគោលដៅ។ ជាមួយគ្នានេះ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ៤៩៤៦នាក់ ត្រូវបានជ្រើសរើសសម្រាប់ខេត្តគោលដៅ រួមមានខេត្តព្រៃវែង កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង និងតាកែវ៕
























