អង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានព្រមានថា អាកាសធាតុក្តៅខ្លាំងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងទារក។

អង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានព្រមានថា អាកាសធាតុក្តៅខ្លាំងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងទារក។
យោងតាមអង្គការយូនីសេហ្វ សីតុណ្ហភាពក្នុងខែមេសានេះត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់ជាងធម្មតា ហើយអាចបន្តអូសបន្លាយទូទាំងប្រទេសកម្ពុជា រហូតដល់ខែឧសភា និងខែមិថុនា។ ស្ថានភាពកម្តៅខ្លាំងនេះអាចបង្កឱ្យមានបញ្ហា Heat Stress និងអាចនាំទៅកាន់ Heat Stroke ដែលជាអាការៈគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។
អង្គការយូនីសេហ្វបានណែនាំឱ្យឪពុកម្តាយ និងអ្នកថែទាំត្រូវតាមដានសុខភាពកុមារយ៉ាងជិតស្និទ្ធ ដោយសង្កេតអាការៈដូចជា ស្រេកទឹកខ្លាំង បែកញើសច្រើន វិលមុខ ក្អួត ឈឺក្បាល ឬមានភាពហត់នឿយខុសធម្មតា។ ប្រសិនបើអាការៈទាំងនេះមិនធូរស្រាល ត្រូវប្រញាប់នាំកុមារទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។
ដើម្បីកាត់បន្ថយហានិភ័យពីកម្តៅ យូនីសេហ្វបានផ្តល់អនុសាសន៍ឱ្យកុមារស្លៀកពាក់សម្លៀកបំពាក់ស្រាលៗ រលុង និងអាចឱ្យខ្យល់ចេញចូលបានល្អ។ កុមារគួរត្រូវបានផ្តល់ទឹកឱ្យបានញឹកញាប់ ព្រោះកុមារមិនងាយដឹងថា ខ្លួនកំពុងខ្វះជាតិទឹកនោះទេ។ ចំពោះទារកក្រោមអាយុ ៦ ខែ គួរបំបៅដោះម្តាយតែមួយមុខ ខណៈម្តាយក៏ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ដែរ។
លើសពីនេះ កុមារគួរត្រូវបានរក្សាឱ្យនៅកន្លែងមានម្លប់ និងមានខ្យល់ចេញចូលល្អ។ នៅពេលចេញទៅខាងក្រៅ គួរប្រើមួក ឬឆ័ត្រ ដើម្បីការពារកម្តៅថ្ងៃ។
សម្រាប់អ្វីដែលគួរជៀសវាង អង្គការយូនីសេហ្វបានណែនាំមិនឱ្យផ្តល់ថ្នាំដល់កុមារដោយខ្លួនឯង ដោយគ្មានការណែនាំពីគ្រូពេទ្យ។ ព្រមទាំងមិនត្រូវទុកកុមារនៅក្នុងឡាន ឬក្នុងបន្ទប់បិទជិតដែលគ្មានខ្យល់ចេញចូលឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ជាមួយគ្នានេះ កុមារគួរត្រូវបានកំណត់ការលេងនៅក្រៅផ្ទះ ក្នុងអំឡុងពេលដែលកម្តៅឡើងខ្លាំងបំផុត ចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង ៤ រសៀល។ ប្រសិនបើមានសកម្មភាពក្រៅផ្ទះ ត្រូវឱ្យកុមារសម្រាករៀងរាល់ ៣០នាទី និងផឹកទឹកឱ្យបានគ្រប់គ្រាន់។ ក៏គួរជៀសវាងការហាត់ប្រាណ ឬលេងកីឡាក្រោមកម្តៅថ្ងៃខ្លាំងផងដែរ ព្រោះវាអាចបង្កឱ្យរាងកាយខ្វះជាតិទឹកយ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានចេញសារជូនដំណឹងដល់សាធារណជនឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ក្នុងអំឡុងពេលសីតុណ្ហភាពអាចកើនឡើងចន្លោះពី ៣៧ អង្សាសេ ទៅ ៤១ អង្សាសេ ដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចបង្កឱ្យមានរលកកម្តៅមិនទៀងទាត់។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសអប់រំ និង សុខភាពមានប្រសាសន៍ថា បញ្ហាឡើងកម្តៅនេះ គឺខ្លាចបំផុតគឺជំងឺ Heat Sroke ដែលត្រូវទាមទារឱ្យមានការយកចិត្តទុកខ្ពស់សម្រាប់មនុស្សទូទៅ ពិសេសមនុស្ស និង កុមារ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិតមានប្រសាសន៍ថា « ភាគច្រើនចាស់ៗ និង ក្មេងៗ ប្រឈមជាងគេនៅពេលអាកាសធាតុឡើងកំដៅ ធ្វើឱ្យឈាមឡើងកម្តៅ បណ្តាលឱ្យមានជំងឺ Heat Sroke ត្រូវសន្លប់ភ្លាមៗក៏មាន។ ដូច្នេះគេប្រយ័ត្ន ត្រូវញាំទឹកឱ្យបានច្រើន ឬក៏ត្រូវស្រោចទឹកលើខ្លួនគាត់ដើម្បីកាត់បន្ថយកម្តៅ»។
សូមជម្រាបថា អាកាសធាតុក្តៅខ្លាំងអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃ។ បញ្ហាសុខភាពដែលអាចកើតមានរួមមាន ការខ្សោះជាតិទឹក បញ្ហាខួរក្បាល (Heat Stroke) ជំងឺបេះដូង ជំងឺតម្រងនោម រមួលក្រពើ រលាកផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺរាករូស ជំងឺរាកមួល និងជំងឺគ្រុនពោះវៀន៕
