សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត
ការបោះជំហានចូលក្នុងជីវិតសាកលវិទ្យាល័យមិនមែនត្រឹមតែជាការផ្លាស់ប្តូរថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសម្រេចចិត្តដ៏លំបាកមួយរវាងការស្នាក់នៅអន្តេវាសិកដ្ឋានសាលា និងការជួលផ្ទះស្នាក់នៅខាងក្រៅ ប្រសិនបើអ្នកមកពីតាមបណ្តាខេត្តផ្សេងៗ។ ជម្រើសនីមួយៗសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន ដែលនឹងជះឥទ្ធិពលផ្ទាល់ដល់លទ្ធផលសិក្សា និងបទពិសោធន៍ជីវិតទៀតផង។
បើយោងតាមអតីតនិស្សិត ដែលឆ្លងកាត់បទពិសោធស្នាក់នៅអន្តេវាសិកដ្ឋាន និងអ្នកដែលជួលផ្ទះស្នាក់នៅខាងក្រៅ ជម្រើសទាំងពីរនេះមានគុណសម្បត្តិ និងគុណវិបត្តិដូចៗគ្នា ដូចជា ប្រសិនបើអ្នកស្នាក់នៅក្នុងបរិវេណសាលា ឬអន្តេវាសិកដ្ឋាន នឹងផ្ដល់នូវគុណសម្បត្តិដូចជាងាយស្រួលក្នុងការសិក្សា និងសុវត្ថិភាព។ និស្សិតអាចចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីដើរទៅកាន់ថ្នាក់រៀន ឬបណ្ណាល័យ ដែលជួយសន្សំសំចៃពេលវេលាធ្វើដំណើរបានយ៉ាងច្រើន។ ដោយឡែកបរិយាកាសវិញ ក៏ជួយឱ្យនិស្សិតងាយស្រួលក្នុងការកសាងបណ្ដាញទំនាក់ទំនង និងបង្កើតមិត្តភក្តិថ្មីៗតាមរយៈសកម្មភាពរួមគ្នា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ជីវិតសង្គមក្នុងវ័យសិក្សា។ លើសពីនេះ ការស្នាក់នៅខាងក្នុងសាលាជួយឱ្យនិស្សិតអាចផ្ដោតអារម្មណ៍បានពេញលេញលើការសិក្សា។
ទោះជាយ៉ាងណាក៏ដោយ ការរស់នៅក្នុងសាលា ឬអន្តេវាសិកដ្ឋាន ក៏មានគុណវិបត្តិមួយចំនួនដែលត្រូវពិចារណាផងដែរ ដូចជាកម្រិតនៃឯកជនភាពមានភាពចង្អៀត ដោយសារនិស្សិតត្រូវចែករំលែកកន្លែងរស់នៅ និងបន្ទប់ទឹកជាមួយអ្នកដទៃ ដែលជួនកាលអាចបង្កជាការរំខានដល់ការសម្រាក ឬការរៀនសូត្រ។ បន្ថែមពីនេះ បទបញ្ជាដ៏តឹងរ៉ឹងរបស់អន្តេវាសិកដ្ឋានអាចធ្វើឱ្យយុវជនខ្លះមានអារម្មណ៍ថា ខ្វះសេរីភាពផ្ទាល់ខ្លួន។
ងាកមកមើលការរស់នៅខាងក្រៅបរិវេណសាលា ឬផ្ទះជួលខាងក្រៅវិញ មានគុណសម្បត្តិដ៏លេចធ្លោបំផុត គឺភាពជាម្ចាស់ការលើជីវិតឯកជនយ៉ាងពិតប្រាកដ។ ជម្រើសនេះផ្ដល់នូវសេរីភាពពេញលេញក្នុងការរៀបចំកាលវិភាគផ្ទាល់ខ្លួន ការចម្អិនអាហារតាមចំណង់ចំណូលចិត្ត និងការជ្រើសរើសមិត្តរួមបន្ទប់ដោយខ្លួនឯង។ វាគឺជាសាលារៀនជីវិតជាក់ស្តែងដែលបង្រៀនឱ្យយុវជនចេះគ្រប់គ្រងថវិកា ចេះចរចាលើកិច្ចសន្យាជួល និងការទទួលខុសត្រូវលើកិច្ចការផ្ទះសម្បែង ដែលសុទ្ធតែជាជំនាញចាំបាច់សម្រាប់ថ្ងៃអនាគត។
ផ្ទុយទៅវិញ គុណវិបត្តិនៃការស្នាក់នៅខាងក្រៅ ឬបន្ទប់ជួល គឺបន្ទុកនៃការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ។ និស្សិតត្រូវចំណាយពេល និងថវិកាបន្ថែមលើការធ្វើដំណើរប្រចាំថ្ងៃ ដែលអាចជួបបញ្ហាកកស្ទះចរាចរណ៍ ឬអាកាសធាតុអាក្រក់។ និស្សិតក៏ត្រូវគ្រប់គ្រងលើវិក្កយបត្រអគ្គិសនី ទឹក និងអ៊ីនធឺណិត ជាដើម។ លើសពីនេះ និស្សិតដែលរស់នៅខាងក្រៅអាចនឹងមានអារម្មណ៍ថា ដាច់ឆ្ងាយពីសកម្មភាពសង្គមក្នុងសាលា ហើយងាយនឹងប្រឈមនឹងភាពឯកោប្រសិនបើមិនពូកែខាងបង្កើតទំនាក់ទំនងក្នុងសហគមន៍ជុំវិញខ្លួន។
ជារួម ការជ្រើសរើសកន្លែងស្នាក់នៅគឺជាការរៀបចំតុល្យភាពរវាងតម្រូវការផ្ទាល់ខ្លួន និងការត្រៀមខ្លួនទទួលខុសត្រូវ។ សម្រាប់និស្សិតឆ្នាំទីមួយ ការស្នាក់នៅក្នុងសាលា ឬអន្តេវាសិកដ្ឋាន គឺជារឿងល្អ ចំណែកការស្នាក់នៅខាងក្រៅគឺជាជំហានសាកល្បងឆ្ពោះទៅរកភាពចាស់ទុំក្នុងនាមជាមនុស្សពេញវ័យ៕