តាមរយៈការអនុវត្តគម្រោងកែលម្អគុណភាពអប់រំនៅតាមមូលដ្ឋាន រយៈពេល៣ឆ្នាំ ក្នុងខេត្តដាច់ស្រយាលចំនួន៧របស់កម្ពុជា អង្គការ UWS កម្ពុជា បានរកឃើញបញ្ហាប្រឈមចំនួន៣ ដែលបណ្តាលឱ្យកុមារ ពិសេសកុមារី ពួកគេជួបការលំបាក ក្នុងការទទួលការអប់រំនៅតាមមូលដ្ឋាន។

តាមរយៈការអនុវត្តគម្រោងកែលម្អគុណភាពអប់រំនៅតាមមូលដ្ឋាន រយៈពេល៣ឆ្នាំ ក្នុងខេត្តដាច់ស្រយាលចំនួន៧របស់កម្ពុជា អង្គការ UWS កម្ពុជា បានរកឃើញបញ្ហាប្រឈមចំនួន៣ ដែលបណ្តាលឱ្យកុមារ ពិសេសកុមារី ពួកគេជួបការលំបាក ក្នុងការទទួលការអប់រំនៅតាមមូលដ្ឋាន។
លោក ម៉ក់ សុខា នាយកប្រចាំប្រទេស នៃអង្គការ UWS កម្ពុជា មានប្រសាសន៍ថា ក្នុងការអនុវត្តគម្រោងលើកកម្ពស់ការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារី នៅក្នុងសហគមន៍ដាច់ស្រយាល នៃប្រទេសកម្ពុជា ដែលទទួលបានជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិ នៃចក្រភពអង់គ្លេស រយៈកាល ៣៦ខែកន្លងមក UWS បានពិនិត្យឃើញបញ្ហាប្រឈមសំខាន់ចំនួន៣ ដែលធ្វើឱ្យក្មេងស្រីពិបាកក្នុងការទទួលបានការអប់រំនៅសាលារៀន ក្នុងនោះរួមមាន បញ្ហាប្រឈមទី១ គឺ ផ្នត់គំនិត, លោកថា ជាញឹកញាប់ ផ្នត់គំនិតសង្គមនៅតែបន្ត និងមានជំនឿថា ការងារចុងក្រោយរបស់ក្មេងស្រី គឺរៀបចំកិច្ចការនៅក្នុ្ងងផ្ទះ និងជាមេផ្ទះ រៀបចំបាយទឹកជាដើម។ ការជំរុញកុមារីឱ្យចូលរៀន នៅមិនទាន់ចាត់ជាអាទិភាពខ្ពស់នៅឡើយក្នុងសហគមន៍របស់ពួកគាត់។

បញ្ហាប្រឈមទី២ គឺ កង្វះការយល់ដឹងផ្នែកយេនឌ័រក្នុងការបង្រៀន, លោក ម៉ក់ សុខា មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤ អង្គការ UWS បានធ្វើការស្ទង់មតិពាក់ព័ន្ធនឹងការយល់ដឹងផ្នែកយេនឌ័រក្នុងការបង្រៀនជាមួយសាលាបឋមសិក្សាគោលដៅ ហើយលទ្ធផលបានបង្ហាញថា ៤៧% ការបង្រៀនរបស់គ្រូបង្រៀនមិនទាន់ឆ្លើយតបយេនឌ័រនៅឡើយទេ។ ការប្រើប្រាស់ភាសា និងការរើសអើង ត្រូវបានរកឃើញក្នុងការបង្រៀន ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
ដោយឡែក បញ្ហាប្រឈមទី៣ គឺ កង្វះបរិក្ខាអនាម័យទឹកស្អាតតាមសាលារៀន, សាលារៀននៅតាមជនបទជាច្រើន នៅមានខ្វះខាតសម្ភារៈបរិក្ខាជាមូលដ្ឋាន ដូចជាបង្គន់អនាម័យដាច់ដោយឡែកសម្រាប់សិស្សស្រី ដែលនេះជាឧបសគ្គមួយចម្បងសម្រាប់ក្មេងស្រីវ័យជំទង់ ជាពិសេសអំឡុងពេលមានរដូវ។
ចាប់តាំងពីឆ្នាំ២០២៣ អង្គការ UWS បានផ្តើមអនុវត្តគម្រោងស្តីពីការលើកកម្ពស់ការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារី នៅក្នុងសហគមន៍ដាច់ស្រយាល ដោយអនុវត្តនៅតាមសាលាបឋមសិក្សាចំនួន ៩៧កន្លែង ក្នុងខេត្តគោលដៅចំនួន៧ រួមមាន រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កោះកុង ឧត្តរមានជ័យ និងព្រះវិហារ ដោយបានជួយគាំទ្រសិស្សស្រីប្រមាណ ៨៤៣២នាក់ ឱ្យទទួលបានសេវាអប់រំកាន់តែប្រសើរ ដែលមានការចូលរួមពីឪពុកម្តាយ និងអាណាព្យាបាលរបស់ពួកគេផងដែរ។
លោក Chris Williamson ប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃស្ថានទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានសម្តែងមោទនភាព ក្នុងការផ្តល់មូលនិធិសម្រាប់គម្រោងល៊ើកកម្ពស់ការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារី នៅក្នុងសហគមន៍ដាច់ស្រយាល ដល់ UWS កម្ពុជា ដែលបានគាំទ្រដល់់ក្មេងស្រីប្រហែល ៨៥០០នាក់ នៅទូទាំងសហគមន៍ដាច់ស្រយាល ដែលពីមុនមិនបានចូលរៀន ឬប្រឈមនឹងហានិភ័យ នៃការបោះបង់ការសិក្សា ឱ្យទទួលបានសិក្សាឡើងវិញ ជាមួយការកែលម្អបរិក្ខារ ការបណ្តុះបណ្តាលគ្រូ និងបរិស្ថានសិក្សាដែលមានសុវត្ថិភាពជាងមុន។ ហើយថា ទាំងអស់នេះអាចសម្រេចទៅបាន ក៏ដោយសារមានការសហការយ៉ាងជិតស្និទ្ធរវាង UWS អាជ្ញាធរ និងក្រុមគ្រួសារ។

ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តគម្រោងស្តីពីការបង្កើនការចូលរួមក្នុងការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារីរស់នៅសហគមន៍ដាច់ស្រយាល របស់ UWS គឺឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តបញ្រ្ចាបយេនឌ័រ ក្នុងវិស័យអប់រំ និងគ្របដណ្តប់លើគ្រប់អនុវិស័យ សំដៅលុបបំបាត់អំពើហិង្សា ការជួញដូរស្រ្ដីនិងកុមារ ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទគ្រប់រូបភាព ការផ្ដល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ការផ្ដល់អំណាចដល់ស្រ្ដី ព្រមទាំងបន្ដលើកកម្ពស់ការចូលរួមរបស់ស្រ្ដីក្នុងការងារគ្រប់គ្រង និងដឹកនាំឱ្យកាន់តែល្អប្រសើរឡើង។

បើតាម ឯកឧត្តម ហូ សំបូរ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ដោយបង្រួមខ្លឹមសារគោលនយោបាយអប់រំឱ្យនៅតែមួយគឺ “ធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំ ប្រកប ដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងសុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត”៕
