ហាណូយ – ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានចេញសេចក្តីព្រាងប្រកាសសម្រាប់សាធារណជនចូលរួមផ្តល់មតិ ស្តីពីការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យអប់រំឧត្តមសិក្សា ក្នុងគោលបំណងបង្កើតក្របខណ្ឌច្បាប់រួម សម្រាប់ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងដំណោះស្រាយពាក់ព័ន្ធផ្សេងៗនៅទូទាំងវិស័យនេះ។
យោងតាមសារព័ត៌មាន Viet Nam News សេចក្តីព្រាងនេះ នឹងអនុវត្តចំពោះគ្រឹះស្ថានឧត្តមសិក្សា អង្គការ និងបុគ្គលពាក់ព័ន្ធនឹងការបង្រៀន ការស្រាវជ្រាវ ការគ្រប់គ្រង និងសេវាកម្មគាំទ្រ ព្រមទាំងសហគ្រាសដែលផ្តល់វេទិកាឌីជីថល និងដំណោះស្រាយ AI ផងដែរ។
តាមសេចក្តីព្រាង ការប្រើប្រាស់បច្ចេកវិទ្យានឹងត្រូវអនុវត្តយ៉ាងទូលំទូលាយលើការបណ្តុះបណ្តាល ការវាយតម្លៃ ការស្រាវជ្រាវ និងការគ្រប់គ្រងគ្រឹះស្ថាន សម្រាប់និស្សិត។ សាកលវិទ្យាល័យអាចជ្រើសរើសដំណោះស្រាយបច្ចេកវិទ្យាដែលសមស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងស្ថានភាពជាក់ស្តែងរបស់ខ្លួន ប៉ុន្តែត្រូវធានាថា ការអនុវត្តមានការគ្រប់គ្រងត្រឹមត្រូវ និងរក្សាបាននូវភាពសុចរិតក្នុងការសិក្សា។
សម្រាប់ការប្រឡង និងការវាយតម្លៃ គ្រឹះស្ថានឧត្តមសិក្សាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ដោយត្រូវធានាថាមានភាពត្រឹមត្រូវ អព្យាក្រឹត តម្លាភាព និងយុត្តិធម៌ ស្របតាមលទ្ធផលសិក្សារបស់កម្មវិធីអប់រំ។
សេចក្តីព្រាងនេះក៏តម្រូវឱ្យមានការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកសិក្សាយ៉ាងតឹងរ៉ឹង មានប្រព័ន្ធត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងធានាថា ទិន្នន័យវាយតម្លៃមានភាពត្រឹមត្រូវ អាចតាមដានប្រភពបាន និងរក្សាទុកដោយសុវត្ថិភាព។ គ្រឹះស្ថានអប់រំត្រូវប្រកាសជាសាធារណៈអំពីលក្ខខណ្ឌ និងស្តង់ដារវាយតម្លៃ ព្រមទាំងផ្តល់យន្តការសម្រាប់ពន្យល់ និងពិនិត្យលទ្ធផលឡើងវិញ។
ទន្ទឹមនឹងនេះ ការប្រើប្រាស់ AI ក្នុងការវាយតម្លៃ ត្រូវមានតួនាទីជាឧបករណ៍ជំនួយដល់ការងារសិក្សា មិនមែនជំនួសតួនាទីគ្រូបង្រៀន ឬធ្វើឱ្យប៉ះពាល់ដល់ភាពសុចរិត នៃការវាយតម្លៃឡើយ។
ចំពោះការគ្រប់គ្រងវិញ សេចក្តីព្រាងនេះបានអំពាវនាវឱ្យមានការបម្លែងឌីជីថលយ៉ាងទូលំទូលាយ ដោយយកទិន្នន័យជាមូលដ្ឋានសម្រាប់ការគ្រប់គ្រង និងការសម្រេចចិត្ត ដើម្បីធានាតម្លាភាព និងការទទួលខុសត្រូវ។
គ្រឹះស្ថានអប់រំត្រូវអភិវឌ្ឍប្រព័ន្ធទិន្នន័យដែលមានការតភ្ជាប់គ្នា មានស្តង់ដារ និងសុវត្ថិភាព ដើម្បីគាំទ្រដល់ការគ្រប់គ្រង ការបង្រៀន ការស្រាវជ្រាវ ការព្យាករណ៍ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕