បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យជាតិវៀតណាម ដាក់គោលដៅក្លាយជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេ នៅអាស៊ី ក្នុងឆ្នាំ ២០៤៥

សាកលវិទ្យាល័យជាតិវៀតណាម ដាក់គោលដៅក្លាយជាសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេ នៅអាស៊ី ក្នុងឆ្នាំ ២០៤៥

ឧបនាយករដ្ឋមន្ត្រីវៀតណាម ឡេ ថាញ់ឡុង បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ ដើម្បីអនុម័តកម្មវិធីអភិវឌ្ឍសាកលវិទ្យាល័យជាតិវៀតណាម ក្នុងទីក្រុងហូជីមិញ (VNU-HCM) ឱ្យទៅជាស្ថាប័នឧត្តមសិក្សាឈានមុខគេមួយរបស់អាស៊ី ក្នុងចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដោយមានចក្ខុវិស័យក្លាយជាប្រព័ន្ធសាកលវិទ្យាល័យស្រាវជ្រាវកំពូលរបស់អាស៊ី នៅឆ្នាំ២០៤៥, នេះបើយោងតាម កាសែតវៀតណាម VN Express

Advertisement

សាកលវិទ្យាល័យនេះត្រូវបានគេរំពឹងថានឹងបម្រើជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ការអភិវឌ្ឍ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ព្រមទាំងលើកកម្ពស់ការចាប់ផ្តើមអាជីវកម្ម ដោយរួមចំណែកដល់ការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ជាពិសេសនៅតំបន់ភាគអាគ្នេយ៍។

គោលដៅរួម គឺដើម្បីអភិវឌ្ឍ VNU-HCM ជាប្រព័ន្ធសាកលវិទ្យាល័យពហុជំនាញ ដែលត្រូវបានចាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតនៅអាស៊ី និងបម្រើជាចំណុចកណ្តាលជាតិសម្រាប់ការអប់រំឧត្តមសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍។ សាកលវិទ្យាល័យនេះមានភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ អ្នកមានទេពកោសល្យឆ្នើម ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ លើកកម្ពស់បរិវត្តកម្មឌីជីថល និងសហគ្រិនភាព ដឹកនាំនិន្នាការសិក្សា និងបច្ចេកវិទ្យា ព្រមទាំងរួមចំណែកក្នុងការបង្កើតគោលនយោបាយជាតិ។

ការវិនិយោគអាទិភាពនឹងផ្ដោតលើវិស័យសំខាន់ៗរួមមាន វិទ្យាសាស្ត្រមូលដ្ឋាន, វិស្វកម្ម និងបច្ចេកវិទ្យា, បច្ចេកវិទ្យាយុទ្ធសាស្ត្រ, បច្ចេកវិទ្យាស្នូល និងឌីជីថល ព្រមទាំងជំនាញ សេដ្ឋកិច្ច អភិបាលកិច្ច ការសិក្សាបរិស្ថាន វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។

នៅឆ្នាំ២០៣០ សាកលវិទ្យាល័យ VNU-HCM មានគោលដៅជាប់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០០នៅអាស៊ី ដោយមានយ៉ាងហោចណាស់មុខវិជ្ជាមួយជាប់ចំណាត់ថ្នាក់ក្នុងចំណោម ១០០ សាកលវិទ្យាល័យកំពូលៗរបស់ពិភពលោក។ ជំនាញបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រមូលដ្ឋានត្រូវបានកំណត់គោលដៅដើម្បីឈានដល់តំណែងក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១៥០-២៥០ របស់ពិភពលោក។ ខណៈពេលដែលសមាមាត្រនៃសាស្ត្រាចារ្យ មានសញ្ញាបត្របណ្ឌិតត្រូវបានគេរំពឹងថា នឹងឈានដល់ ៧៥% សាកលវិទ្យាល័យមានគម្រោងបណ្តុះបណ្តាល និងទាក់ទាញអ្នកវិទ្យាសាស្ត្រវ័យក្មេង និងឈានមុខគេយ៉ាងហោចណាស់ ១៥០០ នាក់ រួមជាមួយសាស្ត្រាចារ្យទស្សនកិច្ច ១០០ នាក់ និងអ្នកជំនាញខាងនវានុវត្តន៍ ១០០ នាក់។

យ៉ាងហោចណាស់ ៦០% នៃកម្មវិធីវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យាត្រូវបានកំណត់ឱ្យបង្រៀនជាភាសា​អង់គ្លេស។ ខណៈនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវបានគេព្យាករថា នឹងមានយ៉ាងហោចណាស់ ៣០% នៃការចុះឈ្មោះចូលរៀនសរុប ដោយបេក្ខជនបណ្ឌិតមានចំនួន ៤០% នៃក្រុមនេះ។

ដោយសម្លឹងមើលទៅឆ្នាំ២០៤៥, VNU-HCM ត្រូវបានគេមើលឃើញថា ជាប្រព័ន្ធសាកលវិទ្យាល័យស្រាវជ្រាវឈានមុខគេនៅអាស៊ី ដោយមានយ៉ាងហោចណាស់បួនមុខវិជ្ជាជាប់ចំណាត់ថ្នាក់ក្នុងចំណោម ៥០ មុខវិជ្ជាកំពូលរបស់ពិភពលោក។

ដើម្បីសម្រេចគោលដៅទាំងនេះ កម្មវិធីនេះគូសបញ្ជាក់ពីក្រុមភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួនប្រាំមួយ។ ទី១​ ផ្ដោតលើការកែលម្អយន្តការ និងគោលនយោបាយដើម្បីទាក់ទាញ និងរក្សាអ្នកជំនាញកំពូលៗ អ្នកវិទ្យាសាស្ត្រអន្តរជាតិ និងបញ្ញវន្តវៀតណាមនៅក្រៅប្រទេស។

ទី២ ផ្តល់អាទិភាពដល់ការអភិវឌ្ឍសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកគ្រប់គ្រងតាមរយៈការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងសាកលវិទ្យាល័យ ការគិតជាយុទ្ធសាស្ត្រ និងការធ្វើសមាហរណកម្មអន្តរជាតិ រួមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាស។

ទី៣ ផ្តោតលើការកែលម្អគុណភាពបណ្តុះបណ្តាលទៅតាមស្តង់ដារអន្តរជាតិ ដោយផ្តល់អាទិភាពដល់គណិតវិទ្យា បញ្ញាសិប្បនិម្មិត និងឧបករណ៍អេឡិចត្រូនិក និងការបង្កើនការអប់រំក្រោយឧត្តមសិក្សាតាមរយៈការលើកលែងថ្លៃសិក្សា និងការផ្តល់អាហារូបករណ៍សម្រាប់បេក្ខជនបណ្ឌិត។

ទី៤ មានគោលបំណងជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តន៍កម្មឌីជីថលល តាមរយៈក្រុមស្រាវជ្រាវឱ្យកាន់តែរឹងមាំ ការបង្កើនការបោះពុម្ពផ្សាយអន្តរជាតិ និងការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍមជ្ឈមណ្ឌលនវានុវត្តន៍ VNU-HCM ជាមជ្ឈមណ្ឌលស្នូលដែលភ្ជាប់រដ្ឋ ស្ថាប័នសិក្សា និងអាជីវកម្ម។

ទី៥ ផ្តោតលើការអភិវឌ្ឍតំបន់ទីក្រុង VNU-HCM ទៅជាទីក្រុងសាកលវិទ្យាល័យដែលមានបច្ចេកវិទ្យាខ្ពស់ បៃតង ឆ្លាតវៃ និងទំនើប និងទី៦ លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការចូលរួមក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យសកល និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័នឈានមុខគេលើពិភពលោក៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា