រាល់ព្រឹក រឿងដែលឪពុកម្តាយស្ទើរតែគ្រប់ផ្ទះជួបប្រទះ គឺការរអ៊ូរទាំរបស់កូនៗថា «ខ្ញុំមិនចង់ទៅសាលារៀន» មិនថា កូនតូច ឬកូនធំនោះទេ។ នៅពេលឮបែបនេះ ឪពុកម្តាយច្បាស់ជាពិបាកចិត្ត និងបារម្ភពីអនាគតរបស់ពួកគេ។

រាល់ព្រឹក រឿងដែលឪពុកម្តាយស្ទើរតែគ្រប់ផ្ទះជួបប្រទះ គឺការរអ៊ូរទាំរបស់កូនៗថា «ខ្ញុំមិនចង់ទៅសាលារៀន» មិនថា កូនតូច ឬកូនធំនោះទេ។ នៅពេលឮបែបនេះ ឪពុកម្តាយច្បាស់ជាពិបាកចិត្ត និងបារម្ភពីអនាគតរបស់ពួកគេ។
ប៉ុន្តែ មុននឹងខឹង ឬបន្ទោសកូន សូមមាតាបិតាយល់ពីមូលហេតុពិតប្រាកដ និងវិធីជួយពួកគេដូចខាងក្រោម៖
១. ហេតុអ្វីបានជាកូននិយាយថា «មិនចង់ទៅសាលា»?
អ្នកជំនាញប្រាប់ថា ភាគច្រើនកូននិយាយពាក្យនេះ មិនមែនមកពីពួកគេចង់បោះបង់ការរៀនសូត្រពិតប្រាកដឡើយ ប៉ុន្តែវាជាសញ្ញាបង្ហាញថា ការរៀនសូត្រដដែលៗជាច្រើនខែ ធ្វើឱ្យពួកគេអស់កម្លាំង និងធុញទ្រាន់ ឬវាអាចជាបញ្ហាមេរៀនពិបាកពេក ស្ត្រេសនឹងការប្រឡង ជួបគ្រូកាច ឬមានជម្លោះជាមួយមិត្តភក្តិ។
ដូច្នេះអ្វីដែលឪពុកម្តាយគួរធ្វើដំបូងគេ គឺត្រូវយល់ស្របនឹងអារម្មណ៍កូនជាមុនសិន។ និយាយទៅកាន់កូនដោយទន់ភ្លន់ថា «ម៉ាក់/ប៉ា យល់ថា រឿងនេះពិតជាពិបាកសម្រាប់កូនណាស់មែនទេ?» ការធ្វើបែបនេះ ធ្វើឱ្យកូនមានអារម្មណ៍ថាកក់ក្តៅ និងមានសុវត្ថិភាពក្នុងការនិយាយរឿងរ៉ាវប្រាប់យើង។
២. វិធីជួយកូនទៅតាមអាយុ
សម្រាប់កូនតូច (ថ្នាក់មត្តេយ្យ) ៖ មូលហេតុដែលគេមិនចង់ទៅសាលារៀន ព្រោះតែ ហត់ ងងុយគេង ឬខ្លាចការបែកពីឪពុកម្តាយ។ ដូច្នេះ សូមបង្កើតទម្លាប់ពេលព្រឹកឱ្យរីករាយ (ដូចជា ញ៉ាំបាយព្រឹកជុំគ្នា ឬធ្វើកាយវិការលាគ្នាដដែលៗបែបប្លែកៗ) ហើយបន្ថែមការឱប និងផ្តល់ភាពកក់ក្តៅឱ្យបានច្រើនមុន និងក្រោយពេលពួកគេទៅសាលា។

សម្រាប់កូនកម្រិតបឋម (ថ្នាក់ទី១ ដល់ ទី៦) ៖ ក្នុងវ័យនេះ ពួកគេចាប់ផ្តើមវង្វេងមេរៀន ខ្មាសគេពេលធ្វើលំហាត់មិនត្រូវ ឬមិនដឹងថាត្រូវលេងជាមួយមិត្តភក្តិណា។ ដូច្នេះ សូមឱ្យកូនជួយរៀបចំខ្លួនខ្លះៗ (ដូចជារើសម្ហូបប្រអប់ទៅរៀនដោយខ្លួនឯង) ដើម្បីឱ្យគេមានអារម្មណ៍ថាជាមនុស្សធំ។ ពេលបាយល្ងាច ជៀសវាងសួរដេញដោលរឿងរៀនសូត្រ ប៉ុន្តែគួរដូរមកសួរថា «ថ្ងៃនេះមានរឿងអីប្លែកខ្លះកូន?» ឬ «មានរឿងអីធ្វើឱ្យកូនសើចខ្លះថ្ងៃនេះ?»។
សម្រាប់កូនធំ (អនុវិទ្យាល័យ និងវិទ្យាល័យ) ៖ វ័យនេះ ពួកគេច្រើនជួបនឹងសម្ពាធរៀនយកពិន្ទុត្រៀមប្រឡង បញ្ហាស្នេហាដំបូង ឬមានអារម្មណ៍ថាមេរៀនខ្លះមិនដឹងរៀនទៅធ្វើអី។ ដូច្នេះឪពុកម្តាយ ត្រូវធ្វើខ្លួនជា «មិត្តភក្តិ» ដែលចាំស្តាប់ មិនមែនចាំតែស្តីបន្ទោសឡើយ។ បង្រៀនកូនថា សាលារៀនជាកន្លែងសាកល្បង បើធ្វើខុស ឬប្រឡងធ្លាក់ខ្លះក៏មិនអីដែរ សំខាន់គឺត្រូវព្យាយាមម្តងទៀត។
៣. ពេលណាដែលឪពុកម្តាយត្រូវលូកដៃជួយ?
បើកូនគ្រាន់តែរអ៊ូរទាំតាមតុបាយ វារឿងធម្មតាទេ។ ប៉ុន្តែ បើកូនមានសញ្ញាទាំងនេះ ឪពុកម្តាយត្រូវតែប្រញាប់សាកសួរ និងទាក់ទងទៅគ្រូបន្ទុកថ្នាក់ភ្លាម៖
ឈឺខ្លួនប្រាណ ៖ ឧស្សាហ៍ឈឺពោះ ឬឈឺក្បាលជាញឹកញាប់ (តែនៅពេលព្រឹកជិតទៅរៀន) ឬយំខ្លាំងៗមិនព្រមចុះពីលើឡាន/ម៉ូតូ។
ប្តូរចរិត ៖ ស្រាប់តែប្រែជាស្ងប់ស្ងាត់ខ្លាំង ដកខ្លួនឯងចេញពីផ្ទះ មិននិយាយរកអ្នកណា ឬដេកមិនលក់។
ខ្លាចរហូត ៖ បង្ហាញការភ័យខ្លាចខ្លាំង និងស្អប់សាលារៀនជាប់ជានិច្ច (អាចមកពីមានគេធ្វើបាប ឬ Bullying នៅក្នុងសាលា)។

📌 សារដាស់តឿនសម្រាប់ឪពុកម្តាយ
ការដែលកូននិយាយថា មិនចង់ទៅសាលារៀន ឬស្អប់សាលារៀន មិនមែនមានន័យថាកូនយើងជាក្មេងមិនល្អនោះទេ។ សូម្បីតែមនុស្សធំ ក៏មានថ្ងៃខ្លះខ្ជិល និងមិនចង់ទៅធ្វើការដែរ។ ភារកិច្ចរបស់ឪពុកម្តាយ គឺមិនមែនទៅបង្ខំឱ្យកូនត្រូវតែស្រឡាញ់សាលារៀនគ្រប់ពេលនោះទេ ប៉ុន្តែគឺធ្វើជា «បង្អែក និងកន្លែងសុវត្ថិភាព» សម្រាប់កូន។ នៅពេលកូនដឹងថា រាល់ការពិបាកចិត្តរបស់គេ តែងតែមានឪពុកម្តាយយល់ចិត្ត និងចាំជួយ ពួកគេនឹងមានកម្លាំងចិត្តតស៊ូទៅមុខទៀតដោយខ្លួនឯង៕
ប្រែសម្រួលពី ៖ parents.com
