ដេប៉ាតឺម៉ង ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានគេស្គាល់ថាជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សដ៏ឈានមុខគេមួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា។ ប៉ុន្តែតាមរយៈលទ្ធផលនៃការស្ទង់មតិ បានបង្ហាញថា និស្សិតដែលបញ្ចប់ការសិក្សាពី DMC គឺមានប្រហែលតែ ១៥% ប៉ុណ្ណោះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មាន។
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានគូសបញ្ជាក់ថា គិតចាប់តាំងពីការបង្កើតឡើងមក DMC មាននិស្សិតបញ្ចប់ការសិក្សាសរុបចំនួន ៥២៩ នាក់។ លោកថា ទោះបីជាតួលេខ ១៥% នៃអ្នកដែលបញ្ចប់ការសិក្សាពី DMC ធ្វើការក្នុងស្ថាប័នសារព័ត៌មាន មើលទៅហាក់បីដូចជាតិចតួច ប៉ុន្តែបើគិតលើចំនួនជាក់ស្តែង វាគឺជាចំនួនមួយដ៏សមរម្យ និងអាចទទួលយកបាន បើធៀបទៅនឹងចំនួនប្រព័ន្ធផ្សព្វផ្សាយ ឬស្ថាប័នសារព័ត៌មានឯករាជ្យ ដែលមានលទ្ធភាពស្រូបទាញនិស្សិតទាំងនោះ។
លោក អ៊ុង ប៊ុនអ៊ី បានពន្យល់បន្ថែមថា ទីផ្សារការងារបច្ចុប្បន្នមានភាពទូលំទូលាយខ្លាំងលើផ្នែកទំនាក់ទំនងសាធារណៈ, ការផលិតមាតិកាប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាផ្នែក Digital Marketing Advertising មានភាពទូលំទូលាយជាងជំនាញសារព័ត៌មាន ដែលបានទាក់ទាញនិស្សិតរបស់ DMC ទៅធ្វើការក្នុងផ្នែកទាំងអស់នេះបានច្រើនជាង។ មិនតែប៉ុណ្ណោះ ផ្នែកទាំងអស់នេះ ក្រៅតែពីផ្តល់ការងារទូលំទូលាយជាង ហើយក៏អាចផ្តល់នូវប្រាក់បៀវត្សខ្ពស់ដល់និស្សិត បើធៀបទៅនឹងការងារក្នុងវិស័យសារព័ត៌មាន។
ជុំវិញបញ្ហានេះ លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មាន បានបង្ហាញការឯកភាព ដោយថា និស្សិត DMC ភាគច្រើនមានកម្រិតវិជ្ជាជីវៈខ្ពស់ និងចំណេះដឹងភាសាអង់គ្លេសល្អ តែអង្គភាពសារព័ត៌មានភាសាបរទេសមួយចំនួននៅកម្ពុជា និងភ្នាក់ងារសារព័ត៌មាននានា មិនអាចទទួលយកពួកគេទាំងអស់បាន ព្រោះតែមានចំនួនកំណត់។ ដូច្នេះទើបនិស្សិតដែលចេញពី DMC ភាគច្រើនសម្រេចចិត្តទៅធ្វើការឱ្យក្រុមហ៊ុនឯកជន ឬអង្គការសង្គមស៊ីវិល។
យោងតាមលទ្ធផល នៃការស្ទង់មតិលើអតីតនិស្សិតដែលបញ្ចប់ការសិក្សារយៈពេល ៣ ឆ្នាំចុងក្រោយ បានបង្ហាញថា និស្សិតដែលបញ្ចប់ការសិក្សាពី DMC មានឱកាសការងារខ្ពស់រហូតដល់ ៩៥% ដោយអ្នកដែលនៅសេសសល់ គឺកំពុងបន្តការសិក្សាថ្នាក់ក្រោយឧត្ដម។
តាមរបាយការណ៍របស់ក្រសួងព័ត៌មាន ដែលចេញផ្សាយកាលពីដើមឆ្នាំនេះ បច្ចុប្បន្នមានប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីប្រតិបត្តិការនៅកម្ពុជាសរុបចំនួន ១៥៧៥អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណដែលរួមមានវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ មានចំនួន ៦៧៥អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលមានដូចជា គេហទំព័រ ទូរទស្សន៍អនឡាញ សរុបចំនួន ៩០០អង្គភាព។ ដោយឡែកចំនួនអ្នកសារព័ត៌មាន ដែលបានចុះបញ្ជី និងចេញប័ណ្ណដោយក្រសួង មានសរុបចំនួន ១២ ១១៥ បណ្ណ៕