បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការទស្សនៈពិភពលោក ប្រារព្ធខួប ៥៦ឆ្នាំ នៃការផ្លាស់ប្រែជីវិតកុមារនៅកម្ពុជា

អង្គការទស្សនៈពិភពលោក ប្រារព្ធខួប ៥៦ឆ្នាំ នៃការផ្លាស់ប្រែជីវិតកុមារនៅកម្ពុជា

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា នេះ បានប្រារព្ធខួប ៥៦ ឆ្នាំ នៃការជួយគាំទ្រដល់កុមារ និងសហគមន៍ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួន ក្នុងការធានាថាកុមារគ្រប់រូប នឹងធំធាត់ឡើងប្រកបដោយសុខភាពល្អ ទទួលបានការអប់រំ ការការពារ និងទទួលបានសិទ្ធិអំណាច ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

Advertisement

អស់រយៈពេលជាងប្រាំទសវត្សរ៍មកនេះ អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធីផ្តោតលើវិស័យសំខាន់ៗ រួមមាន វិស័យអប់រំ សុខាភិបាល និងអាហារូបត្ថម្ភ ការការពារកុមារ ទឹកស្អាត និងអនាម័យ (WASH) ជីវភាពរស់នៅ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបរិយាបន្នសង្គម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានពង្រឹងប្រព័ន្ធ ព្រមទាំងពង្រឹងអំណាចដល់សហគមន៍ក្នុងការដឹកនាំការអភិវឌ្ឍដោយខ្លួនឯង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសារទរខួបទី៥៦ របស់អង្គការទស្សនៈពិភពលោក ក៏ដូចជាទិវាកុមារអន្តរជាតិ ខួបលើកទី៧៧ ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ការរៀបចំខួបទី៥៦នេះ ជាការរៀបចំកម្មវិធី នៃភាពដឹងគុណ ភាពធន់ និងកី្ដសង្ឃឹម។

តាងនាមឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់អង្គការទស្សនៈពិភពលោក ដែលបានផ្ដល់ការគាំទ្រដល់កុមារកម្ពុជា ប្រជាជនកម្ពុជា ក្នុងរយៈពេល ៥៦ឆ្នាំកន្លងមកនេះ ជាពិសេស ការគាំទ្រដល់វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យផ្សេងៗទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយគ្នានេះ លោក ជេនស៍ អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ខួបអនុស្សាវរីយ៍នេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីអតីតកាល និងភាពធន់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តជាថ្មីចំពោះកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាផងដែរ។ “រួមគ្នាជាមួយសហគមន៍ និងដៃគូសហការ យើងបានឃើញការផ្លាស់ប្រែគួរឱ្យកត់សម្គាល់ ដោយកុមារជាច្រើននៅតែបន្តស្ថិតក្នុងភាពងាយរងគ្រោះ។ ការប្តេជ្ញាចិត្តរបស់យើង គឺការបន្តធ្វើការងារ ដើម្បីឱ្យកុមារគ្រប់រូបអាចរស់នៅក្នុងជីវិតដែលពោរពេញដោយភាពបរិបូរណ៍“។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានបន្តបត់បែនទៅតាមបញ្ហាប្រឈមនានាដែលកំពុងកើតមាន រាប់ចាប់តាំងពីការប្រែប្រួលអាកាសធាតុ និងទឹកជំនន់ រហូតដល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការភៀសសឹកដោយសារភាពតានតឹងនៅតាមព្រំដែន ដើម្បីធានាថា កុមារ និងគ្រួសារងាយរងគ្រោះទទួលបានការគាំទ្រទាន់ពេលវេលា ព្រមទាំងធានាបាននូវការអភិវឌ្ឍរយៈពេលវែង ។

នៅក្នុងឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកកម្ពុជា បានផ្តល់ផលវិជ្ជមានដល់ប្រជាពលរដ្ឋចំនួនជាង ៥,៤ លាននាក់ រួមមានកុមារ ៣,១ លាននាក់ ដែលស្មើនឹងជិតមួយភាគបី នៃចំនួនប្រជាជនសរុបនៅក្នុងប្រទេស — នៅទូទាំង ២០ ខេត្ត និងរាជធានីភ្នំពេញ ដែលគ្របដណ្តប់លើ ៨៤ ភាគរយនៃផ្ទៃប្រទេស។ កម្មវិធី ទាំងនោះបានប្រតិបត្តិការនៅក្នុង ៦៥ ភាគរយ នៃឃុំ/សង្កាត់ចំនួន ១.០៧១ របស់កម្ពុជា ដែលមានស្រុក/ខណ្ឌចំនួន ១២៨ គាំទ្រដល់មណ្ឌលសុខភាពចំនួន ៨៦៨ និងសាលាបឋមសិក្សាចំនួន ៤.៨៦១៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា