ក្រុមយុវជនស្ម័គ្រចិត្ត «នគរសង្រ្កាន្ត» បានបង្ហាញពីក្តីសប្បាយរីករាយ និងការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដែលគ្រោងរៀបចំយ៉ាងអធិកអធមនៅរាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។

ក្រុមយុវជនស្ម័គ្រចិត្ត «នគរសង្រ្កាន្ត» បានបង្ហាញពីក្តីសប្បាយរីករាយ និងការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដែលគ្រោងរៀបចំយ៉ាងអធិកអធមនៅរាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គ្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ព្រឹត្តិការណ៍នេះនឹងរៀបចំនៅទីតាំងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ រួមមាន វត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ បរិវេណសួនច្បារវឌ្ឍនៈ ដល់ផ្សាររាត្រី បរិវេណសួនច្បារវត្តបទុមវតី ផ្លូវបាសាក់ និងផ្លូវទួលទំពូងជាដើម។
ទន្ទឹមនឹងនេះ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តទាំងអស់កំពុងធ្វើការហាត់សមយ៉ាងសកម្ម ដើម្បីត្រៀមបង្ហាញអត្តសញ្ញាណជាតិខ្មែរ តាមរយៈក្បួនដង្ហែដែលមានការរៀបចំផែនការ ប្រកបដោយអត្ថន័យ និងគំនិតច្នៃប្រឌិត ក្នុងការតុបតែងក្បួនឱ្យមានភាពស្រស់ស្អាត និងទាក់ទាញ ។
យុវជន សៅ សុជាតា អាយុ១៨ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្តឆ្នាំនេះ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការដង្ហែក្បួនជាមួយយុវជនផ្សេងៗ ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីជាតិខ្មែរ។

យុវជនរូបនេះនិយាយដោយទឹកមុខសប្បាយរីករាយថា «ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងក្បួនដង្ហែព្រឹត្តិការណ៍នគរសង្រ្កាន្តនេះ។ ខ្ញុំមានមោទនភាពក្នុងនាមជាយុវជនម្នាក់ ដែលបានរួមចំណែកបង្ហាញវប្បធម៌ខ្មែរ ដល់សាធារណជន និងភ្ញៀវទេសចរបរទេស ឱ្យស្គាល់ពីវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា»។
ចំណែកយុវជនម្នាក់ទៀត កញ្ញា សយ សាន់ដាណេ អាយុ២០ឆ្នាំ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ ព្រោះព្រឹត្តិការណ៍នេះមានសារៈសំខាន់ក្នុងការបង្ហាញដល់អន្តរជាតិពីសាមគ្គីភាពរបស់ប្រជាជនខ្មែរ និងជាការរួមគ្នាលេងល្បែងប្រជាប្រិយ រាំបទប្រពៃណីខ្មែរ និងចូលរួមសកម្មភាពវប្បធម៌ផ្សេងៗទៀត។
បើតាមការឱ្យដឹងពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) យុវជនស្ម័គ្រចិត្តប្រមាណ ៣២០០នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីចូលរួមសម្តែងរបាំប្រជាប្រិយ លេងល្បែងប្រជាប្រិយ និងសម្តែងទស្សនីយភាពវប្បធម៌ចម្រុះ។
ថ្លែងក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ឆ្នាំ២០២៦ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរទំនៀមទម្លាប់ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងអត្តសញ្ញាណជាតិ តាមរយៈពិធីសាសនា ម្ហូបអាហារ ល្បែងប្រជាប្រិយ និងកម្មវិធីវប្បធម៌ជាច្រើន។

លើសពីនេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាអាចប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីពង្រឹងស្មារតីខ្មែរ និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញកំពុងមមាញឹករៀបចំតុបតែងលម្អទីកន្លែងសំខាន់ៗជាច្រើន ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ដោយបានតុបតែងសួនច្បារសាធារណៈ និងទីតាំងវប្បធម៌ប្រវត្តិសាស្ត្រសំខាន់ៗ ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ និងតាមបណ្តោយមហាវិថីនានា ក្នុងរាជធានីភ្នំពេញ។
នៅតំបន់វត្តភ្នំ ក៏មានការកសាង រូបសំណាកសេះពណ៌មាសដ៏អង់អាច និង រូបសំណាកចាប៉ីដងវែងដ៏ធំមួយ ដែលបានរៀបចំរួចរាល់ ព្រមជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត ដើម្បីបង្កើនសោភណភាពសម្រាប់ព្រឹត្តិការណ៍នេះ៕
