ការឡើងថ្លៃប្រេងឥន្ធនៈជាសកល កំពុងជំរុញឱ្យយុវជនកម្ពុជា ពិចារណាផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរ ពីជិះម៉ូតូដោយខ្លួនឯង ទៅជាជិះរថយន្តក្រុងវិញ។ ស្ថានភាពនេះ បង្ហាញពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់និស្សិត និងអ្នកធ្វើការដែលមានប្រាក់ចំណូលមធ្យម ខណៈពេលតម្លៃប្រេងសាំងឡើងថ្លៃ។
លោក រុណ ដារ៉ាវ៉ាត់ ជានិស្សិតជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុន និងជាបុគ្គលិកក្រុមហ៊ុនផងដែរ បានប្រាប់ AMS ថា សាំងឡើងថ្លៃ បានបង្កផលលំបាកជាច្រើនក្នុងការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួន។
លោក រុណ ដារ៉ាវ៉ាត់ ជានិស្សិតជំនាញស្ថាបត្យកម្ម ឆ្នាំទី៥ នៃសាកលវិទ្យាល័យន័រតុន
“ខ្ញុំត្រូវចំណាយបន្ថែមទៅលើសាំងដែលកំពុងតែឡើងថ្លៃ ធ្វើឱ្យខ្ញុំលំបាកក្នុងការសន្សំ ក៏ដូចជាលំបាកក្នុងការជិះម៉ូតូខ្លួនឯង។ នោះហើយបានជាខ្ញុំជ្រើសរើសយកការធ្វើដំណើរតាមរយៈឡានក្រុង”
លោក រុណ ដារ៉ាវ៉ាត់ បន្ថែមថា ការជ្រើសរើសជិះរថយន្តក្រុងសាធារណៈ ធ្វើដំណើរផ្លូវឆ្ងាយក្នុងទីក្រុង គឺជាជម្រើសល្អ ប៉ុន្តែក៏ផ្ដល់ផលវិបាកដែរ ដូចជានៅពេលត្រូវការបន្ទាន់ ឬប្រញាប់។ ទោះជាយ៉ាងណា វាជាជម្រើសល្អ ដោយអាចជួយសន្សំសំចៃ និងកាត់បន្ថយការចំណាយលើថ្លៃសាំងបានមួយផ្នែក។
លោក សេងហ៊ុយ ជានិស្សិតជំនាញស្ថាបត្យកម្ម ម្នាក់ទៀត នៃសាកលវិទ្យាល័យន័រតុន លើកឡើងថា រូបលោកធ្លាប់ធ្វើដំណើរដោយរថយន្តក្រុងសាធារណៈជាច្រើនដងមកហើយ ដោយសារមិនអស់ថវិកាព្រោះតែលោកមានកាតនិស្សិត។
លោក សេងហ៊ុយ ជានិស្សិតជំនាញស្ថាបត្យកម្ម ឆ្នាំទី៥ នៃសាកលវិទ្យាល័យន័រតុន
លោក សេងហ៊ុយ ក៏បានលើកទឹកចិត្តដល់យុវជផ្សេងទៀតឱ្យចូលរួមគាំទ្រការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈឱ្យបានច្រើន ព្រោះចំណេញច្រើន និងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងផង។
កាលពីថ្ងៃចន្ទ (២៣ មីនា) ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ដោយលើកទឹកចិត្តដល់បុគ្គលិកអប់រំ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស ជ្រើសរើសមធ្យោបាយធ្វើដំណើរសាធារណៈ មធ្យោបាយធ្វើដំណើររួមគ្នា និងជ្រើសរើសមធ្យោបាយធ្វើដំណើរដែលប្រើប្រាស់ប្រេងឥន្ធនៈតិច ឬមិនប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីរួមចំណែកសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ៕