ការជំរុញឱ្យយុវជនចូលរួមលេងកីឡាផ្សារភ្ជាប់ការអាន គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងសង្គមដែលមានសក្ដានុពល សុខភាពមាំមួន និងចំណេះដឹងខ្ពស់។ ស្របគ្នានេះ ក្រសួងក៏បានជំរុញយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ» យ៉ាងតិចប្រចាំជីវិត ដើម្បីឱ្យយុវជនមានសុខភាពមាំមួន និងជៀសឆ្ងាយពីគ្រឿងញៀន។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅប្រទេសជឿនលឿន គេលើកកម្ពស់ការរត់ ការដើរ ការជិះកង់ ជាសកម្មភាពដែលគេធ្វើជាប្រចាំក្នុងជីវិតរបស់គេ។ ដូចគ្នានេះ កម្ពុជាក៏បានដាក់ចេញយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ» យ៉ាងតិចប្រចាំជីវិត»។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការរត់មិនត្រឹមជួយផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់សុខភាពផ្លូវចិត្តខ្លាំងដែរ។ ឯកឧត្តមបន្តថា បើប្រទេសមួយមានសុខភាពល្អ នាំឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ហើយកម្លាំងផលិតកម្មរបស់ប្រទេសនោះ ក៏ជួយដល់សេដ្ឋកិច្ចល្អដែរ។
រដ្ឋលេខាធិការក្រសួងអប់រំ បានជំរុញឱ្យយុវជនកម្ពុជា មានសារតីចូលរួមលើកកម្ពស់សកម្មភាពលេងកីឡា និងបណ្ដុះទម្លាប់អានផងដែរ ដើម្បីក្លាយជាយុវជនដែលមានទាំងសុខភាព ចំណេះដឹង និងសីលធម៌រស់នៅល្អ។
កញ្ញា យ៉ាន់ សុជី ប្រធានក្លឹប ជីរ៉ាន់ កម្ពុជា (GeeRUN Cambodia)
កញ្ញា យ៉ាន់ សុជី ប្រធានក្លឹប ជីរ៉ាន់ កម្ពុជា (GeeRUN Cambodia) និងជាកីឡាការិនីតំណាងខេត្តព្រៃវែង យល់ថា ការលេងកីឡា ដូចជាការរត់ និងការអាន គឺផ្សារភ្ជាប់គ្នាទាំងកាយសម្បទារ និងផ្នែកស្មារតី (ខួរក្បាល) ដែលនាំឱ្យមានសុខភាពល្អ កាយសម្បទារល្អ ប្រាជ្ញាឆ្លាតវៃ ហើយធ្វើការងារអ្វីក៏សម្រេចបានលទ្ធផលល្អ។ ដូច្នេះ យុវជនត្រូវការទាំងសមត្ថភាព និងសុខភាព ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាព និងជោគជ័យ។
ក្នុងនាមជាកីឡាការិនីផ្នែករត់មួយរូប កញ្ញាសង្ឃឹមថា យុវជនទាំងអស់គ្នា នឹងចូលរួមលេងកីឡា ចូលរួមលើកកម្ពស់ការអាន ដើម្បីកសាងសង្គមដ៏មានសក្ដានុពល។
លោក វ៉ាន់ ភារ៉ា កីឡាករជម្រើសជាតិផ្នែករត់ម៉ារ៉ាតុង ៤២គីឡូម៉ែត្រ
ជាមួយគ្នានេះ លោក វ៉ាន់ ភារ៉ា កីឡាករជម្រើសជាតិផ្នែករត់ម៉ារ៉ាតុង ៤២គីឡូម៉ែត្រ និយាយថា ការរត់ និងការអាន ពិតមានសារៈសំខាន់ ព្រោះការរត់ជួយឱ្យមានសុខភាពល្អ ហើយការអានជួយឱ្យខួរក្បាលវាងវៃល្អ។ លោក វ៉ាន់ ភារ៉ា បន្តថា ក្រោយការហ្វឹកហាត់ លោកតែងតែចំណាយពេលអានសៀវភៅដែលខ្លួនចូលចិត្ត។
កីឡាករជម្រើសជាតិផ្នែករត់ម៉ារ៉ាតុង រូបនេះ ក៏បានលើកទឹកចិត្តយុវជន សិស្សានុសិស្ស ចូលរួមហាត់កីឡា អានសៀវភៅ ខិតខំរៀនសូត្រ ដើម្បីឱ្យប្រទេសជាតិរីកចម្រើនទៅមុខទៀត និងជៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន៕