បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​ទំនោរភ្លើតភ្លើនរបស់យុវជនក្នុងថ្ងៃ១៤កុម្ភៈ ថយចុះ ខណៈសាលារៀនប្រើវិធានការអប់រំ និងវិន័យ

​ទំនោរភ្លើតភ្លើនរបស់យុវជនក្នុងថ្ងៃ១៤កុម្ភៈ ថយចុះ ខណៈសាលារៀនប្រើវិធានការអប់រំ និងវិន័យ

បើក្រឡេកទៅមើលកាលពី១០ឆ្នាំមុន​ នៅពេលជិតដល់ ឬដល់ថ្ងៃទី១៤កុម្ភៈ យុវជនភាគច្រើន​ដែល​ជាសិស្សានុសិស្ស តែងតែធ្វើ​សកម្មភាពភ្លើតភ្លើន ប្រាសចាកវប្បធម៌ និង​ប្រពៃណីខ្មែរ, ប៉ុន្តែ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ទំនោរភ្លើតភ្លើន​របស់យុវជនជាសិស្សានុសិស្ស​ចំពោះថ្ងៃ១៤កុម្ភៈ បានថយចុះច្រើន​គួរ​ឱ្យ​កត់សម្គាល់។

Advertisement

លោក នុត ងួន​លី នាយក​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង រាជធានីភ្នំពេញ មានប្រសាសន៍ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា ភាពជ្រួលជ្រើមរបស់សិស្សានុសិស្សក្នុងថ្ងៃនៃក្ដីស្រឡាញ់ ១៤កុម្ភៈ បានថមថយច្រើន បើប្រៀបធៀបកាលពីអំឡុងឆ្នាំ២០១០ ឬ២០១៥ ដែលយុវជនភាគច្រើនភ្លើតភ្លើន យល់ច្រឡំថ្ងៃ ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ។

នាយក​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង មានប្រសាសន៍ថា ដោយទទួល​ការ​ណែនាំពីមន្ទីរ ក៏​ដូចជា​ក្រសួងអប់រំ សាលាតែងតែធ្វើ​ការ​អប់រំសិស្សានុសិស្ស ក្នុងនោះ សាលាក៏មានយុទ្ធសាស្រ្តអប់រំដូចជា ធ្វើយ៉ាងណាណែនាំសិស្សឱ្យយល់ថា ថ្ងៃ១៤កុម្ភៈ មិនមែនជាថ្ងៃបុណ្យរបស់ប្រទេសខ្មែរ ហើយក៏មិនមែនជាថ្ងៃបុណ្យរបស់ប្រទេសណាមួយដែរ (មានប្រភពមកពីអឺរ៉ុប) ប៉ុន្តែជាថ្ងៃដែលគេកំណត់ថា ជាថ្ងៃនៃសេចក្ដីស្រឡាញ់ ដែលអាចថែរក្សាគ្នាទៅវិញទៅមក។ ចំណុចមួយទៀត សាលា​ណែនាំសិស្សឱ្យដឹងថា ថ្ងៃនៃក្ដីស្រឡាញ់ ១៤កុម្ភៈនេះ ជាថ្ងៃបង្ហាញក្ដីស្រឡាញ់ទូលំទូលាយ មិនមែនសម្រាប់តែសេចក្ដីស្នេហាប្រុស និងស្រីនោះទេ។

លោក នុត ងួន​លី នាយក​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង រាជធានីភ្នំពេញ

លោក នុត ងួន​លី បន្ថែមថា សាលាក៏បានណែនាំសិស្សអំពីតម្លៃវប្បធម៌ និងប្រពៃណីខ្មែរ ដូចជា សេចក្ដីថ្លៃថ្នូរ ការគោរពខ្លួនឯង និងការគោរពអ្នកដទៃជាដើម។ សាលាក៏បានកំណត់វិន័យច្បាស់លាស់ មិនឱ្យសិស្សប្រព្រឹត្តិអកប្បកិរិយាមិនសមសម្យនៅទីសាធារណៈ និងហាមឃាត់មិនឱ្យមានការជូនផ្កា ជូនកាដូ​ ប៉ាតម្ស៉ៅ និងហាមអ្នកលក់ដូរទាំងនៅក្នុងសាលារៀន និងជុំវិញបរិវេណសាលាមិនឱ្យមានលក់កាដូ លក់ផ្កា ដោយសាលាបានសហការជាមួយអជ្ញាធរដែលមានសមត្ថកិច្ច។

“ថ្ងៃ១៤កុម្ភៈ​ជាថ្ងៃបង្ហាញក្ដីស្រឡាញ់ទៅដល់អ្នកមានគុណ មានតាបិតា លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ តាមគេហដ្ឋាន បើសិស្សមានទឹកចិត្តស្រឡាញ់ អាចបង្ហាញក្ដីស្រឡាញ់ ដើម្បីឱ្យគាត់សប្បាយចិត្ត ដោយសារគាត់មានគុណមកលើយើង”

លោក ឆុំ សុភក្តិ នាយកសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប មានប្រសាសន៍ដូចគ្នាដែរថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្សានុសិស្សមិនមានភាពជ្រួលជ្រើមចំពោះថ្ងៃ១៤ កុម្ភៈនោះទេ ព្រោះពួកគេបានយល់ដឹងពីអត្ថន័យថ្ងៃ ១៤កុម្ភៈ ហើយសិស្សានុសិស្សក៏បានផ្ដល់ក្ដីស្រឡាញ់បែបជាមនុស្សធម៌វិញ។ បើតាម​លោក សុភក្តិ នៅថ្ងៃ១៤កុម្ភៈនោះ សិស្សានុសិស្សបានរៀបចំជាវត្ថុអនុស្សាវរីយ៍ ក៏ដូចជាផ្កា ជូនលោកគ្រូ អ្នកគ្រូ ដើម្បីបង្ហាញអំពីការគោរពដឹងគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំប្រឹងប្រែងបង្រៀនពួកគេ ហើយពួកគេបានសន្យានឹងខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើជាសិស្សល្អសម្រាប់លោកគ្រូ អ្នកគ្រូទាំងអស់។ ជាពិសេស សិស្សនុសិស្សក៏មានរៀបចំបាច់ផ្កា និងសម្ភារមួយចំនួនជូនក្រុមគ្រួសាររបស់ពួកគារផងដែរ។

លោក ឆុំ សុភក្តិ នាយកសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

លោក បេង ឆវីរៈ នាយកអនុវិទ្យាល័យពោធិ៍សាត់ នៅខេត្តពោធិ៍សាត់ឯណោះវិញ ក៏​កត់សម្គាល់ឃើញដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់ពីឆ្នាំ២០២៣មក សិស្សានុសិស្សលែងមានការជ្រួលជ្រើមចំពោះថ្ងៃ១៤ កុម្ភៈទៀតហើយ។ បើតាមលោក ឆវីរៈ ការលែងជ្រួលជ្រើមនេះ ក៏​ដោយសារពួកគេយល់ដឹងពីអត្ថន័យថ្ងៃនៃក្ដីស្រឡាញ់ គឺឱ្យទៅកាន់ឪពុកម្ដាយ បងប្អូន ញាតិមិត្ត និងរឿងផ្សេងៗទៀត។

លោក បេង ឆវីរៈ នាយកសាលា អនុវិទ្យាល័យពោធិ៍សាត់

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍​ថា លោក​ក៏សង្កេតឃើញបច្ចុប្បន្នមិនសូវមានប្អូនៗយុវវ័យជ្រួលជ្រើមចំពោះថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤កុម្ភៈដូចពីមុនដែរ។ លោកថា មុនថមថយ ក៏ដោយសារមានការពន្យល់ណែនាំពីអ្នកជំនាញ សារព័ត៌មាន ក្រសួងអប់រំ ក្រសួងវប្បធម៌ ទើបនាំឱ្យមានការយល់ដឹងច្រើន ប៉ុន្តែនៅតែមានខ្លះ តែមិនសូវច្រើនដូចពីមុន ដូចជាមានការលក់ផ្កាច្រើនតាមផ្លូវ តាមផ្សារជាដើមនោះ។ លោកបណ្ឌិត ឈត ប៊ុនថង បន្តថា នេះជាសេចក្ដីរីករាយមួយ ក្នុងការខិតខំប្រឹងប្រែងអប់រំណែនាំតម្រង់ទិសក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លងទៅ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង ក៏​បានណែនាំដល់ឱ្យយុវជនកុំសប្បាយនឹងទទួលយកឥទ្ធិពលវប្បធម៌បរទេសដោយភ្លេចលើកកម្ពស់ ឬថែរក្សាវប្បធម៌ខ្លួនឯង ប៉ុន្តែបើទទួលយកឥទ្ធិពលបរទេស គួរយកវប្បធម៌ណាដែលល្អ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា