ការសម្រេចចិត្តដកខ្លួនជាឯកតោភាគីរបស់រដ្ឋាភិបាលថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) និងការឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបោះជំហានសំខាន់មួយនៅក្នុង «ល្បែងអុកនយោបាយ » ដែលមានលក្ខណៈយុទ្ធសាស្ត្រ ពហុវិមាត្រ និងប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញរវាងប្រទេសទាំងពីរ។
បន្ទាប់ពីថៃដកខ្លួន កម្ពុជាក៏បានផ្តួចផ្តើមយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយដោយសន្តិវិធីលើបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ អ្នកវិភាគមើលឃើញថា នេះគ្រាន់តែជាវិធីសាស្ត្រឆ្លើយតបមួយប៉ុណ្ណោះ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានយល់ឃើញថា នៅមានព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងកាលៈទេសៈ និងជំហាននានា ដែលភាគីទាំងពីរបាន និងកំពុងអនុវត្ត ពាក់ព័ន្ធនឹងច្បាប់សមុទ្រ ហើយព្រឹត្តិការណ៍ទាំងនោះបង្កជាឥទ្ធិពល និងជំរុញឱ្យមានការប្រែប្រួលចំពោះភាគីទាំងពីរទៅវិញទៅមក។
លោក ឆាំង យុ លើកឧទាហរណ៍ថា ការដាក់ពង្រាយកម្លាំងយោធានៅតាមបណ្ដោយព្រំដែន ព្រមទាំងការត្រៀមលក្ខណៈប្រយុទ្ធរួចជាស្រេច សុទ្ធសឹងតែជាសកម្មភាព ដែលជះឥទ្ធិពលដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោកបានបន្ថែមថា សកម្មភាពរបស់រដ្ឋាភិបាលថៃពាក់ព័ន្ធនឹងការបោះបង់ចោល MOU 2001 អាចមានមូលហេតុចម្បងមួយ គឺការចង់បម្រើផលប្រយោជន៍ដល់ក្រុមឥស្សរជនជាន់ខ្ពស់របស់ថៃ ច្រើនជាងការឆ្លើយតបទៅនឹងកាលៈទេសៈពាក់ព័ន្ធនឹងកម្ពុជា។ នេះគឺជាផ្នែកមួយនៃ «យុទ្ធសាស្ត្រប្រតិដ្ឋសាច់រឿង» របស់ថៃ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង ឬបម្រើដល់របៀបវារៈនយោបាយក្នុងស្រុករបស់ខ្លួនប៉ុណ្ណោះ។
អ្នកជំនាញដដែលលើកឡើងថា ដើម្បីស្វែងយល់ពីជំហររបស់ថៃ កម្ពុជាមិនត្រូវផ្តោតមើលតែលើហេតុការណ៍ដាច់ដោយឡែកណាមួយនោះទេ ប៉ុន្តែត្រូវមើលឱ្យឃើញពីទិដ្ឋភាពទាំងមូល។ សកម្មភាពទាំងឡាយមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា និងជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ធំមួយរបស់ប្រទេសថៃ។ ដូចភាសិតដែលលើកឡើងថា យើងត្រូវមើលទិដ្ឋភាពព្រៃជារួម ជាជាងផ្តោតមើលតែលើដើមឈើត្រឹមតែប៉ុន្មានដើម ទើបអាចយល់ច្បាស់ពីចរិតលក្ខណៈនៃនយោបាយប្រាកដនិយមដែលកំពុងកើតមាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នានេះ។
គណៈរដ្ឋមន្ត្រីថៃបានអនុម័តការលុបចោលកិច្ចព្រមព្រៀងដែនសមុទ្រឆ្នាំ២០០១ ជាមួយកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី ៥ ឧសភា។
អស់រយៈពេលជាង ២៥ឆ្នាំមកនេះ MOU 2001 គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ប្រកបដោយស្មារតីសហប្រតិបត្តិការ និងសុច្ឆន្ទៈ។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សង្ឃឹមថា កម្ពុជា និងថៃ នឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕