បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជាង៤ខែដើមឆ្នាំនេះសត្វទន្សោង៤ក្បាលបានងាប់នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខណៈសហគមន៍ព្រួយបារម្ភពីការដាក់អន្ទាក់

ជាង៤ខែដើមឆ្នាំនេះសត្វទន្សោង៤ក្បាលបានងាប់នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខណៈសហគមន៍ព្រួយបារម្ភពីការដាក់អន្ទាក់

ភ្នំពេញ៖សត្វទន្សោងចំនួនបួនក្បាលដែលជាសត្វកម្របំផុតលើលោកបានស្លាប់ក្នុងរយៈពេលជាង៤ខែដើមឆ្នាំនេះ។ពួកវាត្រូវបាន
គេប្រទះឃើញងាប់នៅសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ននៃខេត្តឧត្តរមានជ័យ។

Advertisement

ព្រះតេជគុណ ថូ ធូរស់ ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័ន បានសង្ឃដីការប្រាប់បណ្ដាញព័ត៌មានAMSនៅថ្ងៃទី៧ ខែឧសភាថា សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានគេប្រទះឃើញងាប់កាលពីព្រឹកថ្ងៃទី៥ ខែឧសភាដោយ មាន​ស្លាកស្នាម របួសជើង។សត្វដ៏គួរអាសូរស្លាប់នៅស្នាមភ្លោះផ្លូវ នៃភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែល​ស្ថិត​ក្នុង សហគមន៍តំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។ព្រះសង្ឃប្រធានសហគមន៍អង្គនេះបាន​សន្និដ្ឋានថា ការ​ស្លាប់នៃសត្វ​ទន្សោងឈ្មោលគឺដោយសារអន្ទាក់ និងវ័យរបស់វា។

ព្រះតេជគុណ ថូ ធូរស់ បានរំលឹកថា នៅមុនថ្ងៃប្រទះឃើញទន្សោងនេះងាប់គឺកាលពីថ្ងៃទី៣ ខែឧសភា សត្វទន្សោង​មួយ​ក្បាល​នេះបានដើរចេញពីសហគមន៍តំបន់ការពារទៅកាន់បរិវេណខាងក្រៅសហគមន៍ ដោយមានសភាពឈឺជើង ដោយដើរបានចំនួន ២០-៣០ ម៉ែត្រឈប់ម្ដង ។បន្ទាប់ពីទទួលបានពត៌មាននេះហើយ ក្រុមការងារអភិរក្សមានមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការ​សហគមន៍បានតាមឃ្លាំមើលសកម្មភាពសត្វទន្សោងមួយក្បាលនេះយ៉ាងយល់ចិត្តទុកដាក់ លុះព្រឹកថ្ងៃទី៥ ខែឧសភា សត្វទន្សោងនេះក៏បានស្លាប់មន្ត្រីឧទ្យានុរក្សនិងគណៈកម្មការសហគមន៍បានដឹកយកទៅកប់នៅស្នាក់ការមន្ត្រីឧទ្យានុរក្សនៅស្នាក់ការភ្នំអណ្តូង ស្ថិតនៅឃុំលំទង ស្រុកអន្លង់វែង។

ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខវ័នបានបញ្ជាក់បន្ថែមថា ចាប់ពីដើមឆ្នាំមកមានសត្វទន្សោងឈ្មោល៣ក្បាល និងញី១ក្បាលបានស្លាប់ ។ក្នុងនេះមានទន្សោង២ក្បាលត្រូវបានស្លាប់ដោយបន្សល់ទុកតែគ្រោងឆ្អឹង ខណៈសាច់ត្រូវជនល្មើស​ពន្លះយកសាច់ទៅអស់ និង២ក្បាលងាប់ដោយសារជំងឺ”។

បច្ចុប្បន្ននៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នមានសត្វទន្សោងប្រមាណជាង១០០ក្បាល ហើយក្នុងឆ្នាំកន្លងមកគេឃើញកូន​ទន្សោង​កូនថ្មីៗច្រើន ដែលតាមការប៉ាន់ប្រមាណចំនួនមានការកើនឡើង។ទោះជាយ៉ាងណា​ប្រធានសហគមន៍តំបន់ការពារធម្មជាតិសង្ឃ​រុក្ខវ័ន​ បានសម្ដែងនូវការព្រួយបារម្ភដោយសារតែការដាក់អន្ទាក់ និងការតាមប្រមាញ់សត្វព្រៃពីសំណាក់ជនខិលខូច​នៅតែកើត​មានបន្តបន្ទាប់។

សូមជម្រាបថា សហគមន៍សង្ឃរុក្ខវ័ន មានទីតាំងស្ថិតក្នុងខេត្តឧត្តរមានជ័យ គឺជាតំបន់អភិរក្សដ៏សំខាន់មួយដែលសម្បូរ​ទៅ​ដោយដើមឈើតូចធំជាច្រើនប្រភេទ ។ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ប្រកបជីវចម្រុះ។ទីនេះក៏ជាតំបន់អេកូរទេសចរណ៍​ធម្មជាតិ​ដ៏មាន​សក្តានុពលមួយកន្លែង ដែលមិនអាចកាត់ថ្លៃបាន។លើសពីនេះបានផ្តល់អនុផលព្រៃឈើដែលជាប្រភពចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។ ព្រៃសហគមន៍នេះមានទំហំ​សរុប​៣០.២៥៦​ហិកតា ដែលលាតសន្ធឹងក្នុង​ស្រុក​ចំនួន៣ រួមមានក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ព្រៃសហគមន៍សង្ឃរុក្ខវ័ន​ស្ថិត​នៅចម្ងាយ ៤០គីឡូម៉ែត្រភាគឦសាន នៃក្រុងសំរោងខេត្តឧត្តរមានជ័យ ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា