តាកែវ៖សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ។ការលើកឡើងនេះក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តតាកែវ។

តាកែវ៖សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ។ការលើកឡើងនេះក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តតាកែវ។

កាលពីព្រឹកថ្ងៃទី៧ ខែឧសភាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តតាកែវជាថ្មី ខណៈតាកែវជាខេត្តទី៤ ដែលសម្ដេចបានកំណត់ជាគោលដៅ ក្នុងការចុះជួបមន្ត្រីរាជការ តាមបណ្ដាខេត្តនានាបន្ទាប់ពីខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺ និងកំពុងឆ្ពោះទៅបណ្ដាខេត្តផ្សេងៗទៀត។

ក្នុងឱកាសនេះដែរសម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តតាកែវទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេស ការរួមគ្នារក្សាឱ្យបាន នូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចល នានាក្នុងសង្គម។ សម្តេចបានរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេស បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ។

សម្ដេចតេជោ បានធ្វើការណែនាំឱ្យបន្តយកចិត្តទុកដាក់ គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន។ សម្ដេចតេជោបន្តថា គប្បីយកចិត្តទុកដាក់ចំពោះពួកគាត់ ជាក់ស្តែងកន្លងមក យើងបានបញ្ចូលគ្នាជាសមាគមអតីតយុទ្ធជន និងនិវត្តជន គឺជាការផ្តល់ការយកចិត្តទុកដាក់លើជនស៊ីវិលចូលនិវត្តន៍ ជៀសវាងទុកពួកគាត់នៅក្នុងភាពឯកោ ។សម្តេច ក៏បានណែនាំឱ្យផ្តល់ភាពកក់ក្តៅដល់ពួកគាត់ និងរៀបចំកម្មវិធី ជួបជុំ ឱ្យតម្លៃលើមន្ត្រីជើងចាស់ ដែលធ្លាប់លះបង់ លើការបម្រើការងារជូនជាតិនាពេលកន្លងមក ។

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ស្ត្រីប្រឹងប្រែង និងចូលរួមប្រឡងយកតួនាទីជាស្មៀនឲ្យបានច្រើន និងមានចំនួនស្ត្រីកាន់តែច្រើនក្នុងរចនាសម្ព័ន្ធក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន ។

សម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តតាកែវ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមព្រំដែន ជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត






