ក្នុងឱកាសនាំក្រុមគ្រួសារទៅកម្សាន្តនៅតំបន់ទន្លេសាប ចុងឃ្នៀស ខេត្តសៀមរាប ក្រោយបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំនៅសហព័ន្ធរុស្ស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយតំណាងសមាគមអ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស និងបានសម្រេចរក្សាទុកកំណើនភាគលាភពីចំណូលសេវាទេសចរណ៍សម្រាប់សហគមន៍ជាបន្តទៀត។
នៅលើបណ្តាញសង្គម សម្តេចធិបតីបានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចបានស្តាប់ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ព្រមទាំងសំណូមពរពាក់ព័ន្ធនឹងការបែងចែកភាគលាភចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរ និងសហគមន៍។
សម្តេចបានបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង រាជរដ្ឋាភិបាលបានសម្រេចដំឡើងភាគលាភជូនសហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីបានពិភាក្សាជាមួយអគ្គនាយកគ្រឹះស្ថានអង្គរ និងឆ្លើយតបតាមសំណូមពររបស់សហគមន៍ សម្តេចធិបតីបានសម្រេចឯកភាពជាគោលការណ៍ឱ្យរក្សាទុកកំណើនភាគលាភនេះជូនសហគមន៍ដដែល ទោះបីជាតម្លៃប្រេងឥន្ធនៈអាចនឹងធ្លាក់ចុះនាពេលខាងមុខក៏ដោយ ដើម្បីបន្តបង្កើនចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចធិបតីបានអំពាវនាវឱ្យសហគមន៍បន្តពង្រឹងសាមគ្គីភាព រៀបចំ និងផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព និងតម្លាភាព ដើម្បីពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាតំបន់ចុងឃ្នៀសកាន់តែច្រើនថែមទៀត៕





























