ភ្នំពេញ៖ទិវាយោគៈអន្តរជាតិលើកទី១២ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើ នៅក្រុងសៀមរាប និងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងពង្រឹងទំនាក់ទំនងវប្បធម៌ ព្រម ទាំងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
កម្មវិធីទិវាយោគៈអន្តរជាតិឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្រុងសៀមរាបកាលពីថ្ងៃទី១៩ ខែមិថុនា និងនៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារតេជោមាស តេជោយ៉ត។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋ ឥណ្ឌា ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទិវាយោគៈអន្តរជាតិឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «យោគៈដើម្បីអាយុយឺនយូរ» ដែលជាការរំលឹកអំពីសារៈសំខាន់នៃការថែរក្សាសុខភាពប្រកបដោយតុល្យភាពរវាងរាងកាយ ផ្លូវចិត្ត និងស្មារតី នៅគ្រប់ ដំណាក់កាលនៃជីវិត។
ឯកឧត្តមបានបន្តថា បច្ចុប្បន្ន មនុស្សកាន់តែច្រើននៅជុំវិញពិភពលោក បានទទួលស្គាល់ថា យោគៈអាចជួយលើកកម្ពស់សុខភាពទូទៅ និងបង្កើនគុណភាពជីវិតបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ការប្រារព្ធទិវាយោគៈនៅកម្ពុជា ក៏មានគោលបំណងជំរុញការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃយោគៈ និងជួយពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន រវាងកម្ពុជា និងឥណ្ឌាផងដែរ។
ដោយឡែកឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា យោគៈជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឱ្យមនុស្សមានសុខភាពល្អ ទាំងផ្នែកកាយសម្បទា ផ្លូវចិត្ត និងស្មារតី។ ការអនុវត្តយោគៈជាប្រចាំ អាចជួយលើកកម្ពស់គុណភាពជីវិត និងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួរជម្រាបថា យោគៈមានដើមកំណើតនៅប្រទេសឥណ្ឌាតាំងពីសម័យបុរាណ និងត្រូវបានចាត់ទុកជាការអនុវត្តដែលផ្សារភ្ជាប់រវាងរាងកាយ ចិត្ត និងធម្មជាតិ។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ យោគៈបានរីករាលដាលទៅកាន់បណ្តាប្រទេសជាច្រើននៅលើពិភពលោក និងត្រូវបានអនុវត្តដោយមនុស្សរាប់លាននាក់ ដោយសារអត្ថប្រយោជន៍របស់វាចំពោះសុខភាព និងសុខុមាលភាព។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៤ ប្រទេសសមាជិកចំនួន ១៧៧ បានគាំទ្រការអនុម័តរបស់អង្គការសហប្រជាជាតិ ក្នុងការកំណត់យកថ្ងៃទី២១ ខែមិថុនា ជា «ទិវាយោគៈអន្តរជាតិ»។ ចាប់តាំងពីឆ្នាំ២០១៥មក កម្ពុជាបានប្រារព្ធទិវានេះជាប្រចាំដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃយោគៈ និងការរស់នៅប្រកបដោយសុខភាពល្អ៕
អត្ថបទ៖ជាវ ចន្ធូ
រូបភាព៖ រិន រចនា