រឿងភាគកូរ៉េបែប “ពីអ្នកគាំទ្រទៅជាគូស្នេហ៍” ប្រហែលជាប្រភេទរឿងដែលដក់ជាប់ក្នុងបេះដូងរបស់អ្នកគាំទ្រមិនតិចរូបទេ ដោយសារតែរឿងប្រភេទនេះបាននាំយកអារម្មណ៍រជើបរំជួលរបស់អ្នកគាំទ្រមកបង្ហាញនៅក្នុងសាច់រឿង ថែមទាំងបានរំលេចរឿងរ៉ាវពីក្រោយឆាករបស់តារាល្បីៗផងដែរ។

នៅថ្ងៃនេះ AMS ចង់ណែនាំរឿងភាគកូរ៉េ ៥ចំណងជើងដែលនិយាយពីស្នេហាកើតឡើងរវាងអ្នកគាំទ្រ និងអាយដល ទុកឱ្យប្រិយមិត្តទស្សនាបន្ថែមជាតិស្ករ មុនថ្ងៃបុណ្យនៃក្ដីស្រឡាញ់មកដល់។
១. Lovely Runner
រឿង Lovely Runner គឺជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការធ្វើដំណើរឆ្លងពេលវេលា ព្រហ្មលិខិត និងការលះបង់។ សាច់រឿងនិយាយពី Im Sol សម្ដែងដោយ Kim Hye-yoon ដែលជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់ Ryu Sun Jae សម្ដែងដោយ Byeon Woo-seok។ នាងមានការឈឺចាប់ជាខ្លាំងក្រោយតារាសំណព្វចិត្តរូបនេះបានជួបគ្រោះថ្នាក់។ ដោយអាថ៌កំបាំង នាងស្រាប់តែអាចធ្វើដំណើរត្រឡប់ទៅអតីតកាលវិញ មានឱកាសផ្លាស់ប្តូរវាសនា និងការពារតារាដែលនាងស្រឡាញ់។ ទីនេះហើយ ជាទីកន្លែងដែលស្នេហាបានកើតឡើង។
២. IDOL I
ជាភាពយន្តចេញថ្មីបំផុតក្នុងចំណោមរឿងប្រភេទនេះ IDOL I ដើរសាច់រឿងតាមមេធាវីដ៏ពូកែ Maeng Se-na សម្ដែងដោយ Choi Soo-young ខណៈនាងក៏បានលួចគាំទ្រតារាប្រុស Do Ra-ik សម្ដែងដោយ Kim Jae-young មួយទំហឹងផងដែរ។ ជារឿងនឹកស្ថានមិនដល់ Ra-ik បានធ្លាក់ខ្លួនក្លាយជាជនសង្ស័យក្នុងករណីឃាតកម្មមួយ ធ្វើឱ្យ Se-na បានយកអាជីពរបស់នាងមកប្រថុយដើម្បីការពារអាយដលក្នុងនាមជាមេធាវី និងជាក្តីសង្ឃឹមចុងក្រោយ។ ខណៈពេលដែលពួកគេធ្វើការរួមគ្នាដើម្បីស្វែងរកការពិត ទំនាក់ទំនងរបស់ពួកគេក៏បានរីកដុះដាលប្រែពីគូអ្នកគាំទ្រ និងតារាក្នុងដួងចិត្ត ហើយក៏ពីមេធាវី និងកូនក្ដី មកជាសេចក្តីស្នេហា។
៣. To the Beautiful You
To the Beautiful You គឺជារឿងភាគដែលបំផុសគំនិតចេញពី Manga រឿង Hana Kimi និយាយពីតួអង្គ Goo Jae Hee សម្ដែងដោយ Sulli ដែលតែងតែកោតសរសើរ និងទទួលបានកម្លាំងចិត្តរាល់ពេលដែលគេបានជួបនឹងកីឡាករលោតកម្ពស់ Kang Tae Joon សម្ដែងដោយ Minho។ វាសនាអភ័ព្វ Tae Joon បានរងរបួសរហូតបាត់បង់ទំនុកចិត្តក្នុងកីឡាមួយនេះ ដែលនាំឱ្យ Jae Hee ត្រូវក្លែងខ្លួនជាប្រុស បន្លំចូលរៀនក្នុងសាលាដែលទទួលតែសិស្សប្រុសសុទ្ធ ក្នុងគោលបំណងទៅគាំទ្រអាយដលរបស់ខ្លួន។
៤. The Heavenly Idol
The Heavenly Idol ជារឿងភាគដែលមានរសជាតិថ្មីប្លែកជាងគេក្នុងចំណោមភាពយន្តប្រភេទនេះ ដែលមានទាំងសាច់រឿងបែបកំប្លែង និង Fantasy។ សាច់រឿងបានចាប់ផ្ដើមនៅពេលដែលវិញ្ញាណរបស់សម្ដេចប៉ាបក្នុងសាសនាកាតូលិកម្នាក់បានជាប់គាំងនៅក្នុងខ្លួនរបស់អាយដលមិនសូវល្បីឈ្មោះម្នាក់ គឺ Woo Yeon Woo សម្ដែងដោយ Kim Min-kyu។ នៅគ្រានោះ អ្នកគាំទ្រម្នាក់ឈ្មោះ Kim Dal សម្ដែងដោយ Ko Bo-Gyeol ត្រូវចូលខ្លួនមកជួយលោក ឱ្យអាចសម្របខ្លួនក្នុងវិស័យសិល្បៈ និងលាក់អត្តសញ្ញាណពិត។ ពេលវេលានេះហើយដែលស្នេហាបានកើតឡើងសន្សឹមៗ។
៥. The Universe’s Star
រឿង The Universe’s Star ដើរសាច់រឿងជុំវិញជីវិតតារាចម្រៀងល្បីឈ្មោះ Woo Joo សម្ដែងដោយ Suho និងយមទូតស្រី Byul សម្ដែងដោយ Ji Woo ដែលបាក់ចិត្តគាំទ្រ Woo Joo ដូចគ្នា។ ទំនាក់ទំនងរបស់ពួកគេបានវិវត្តន៍ពីការគាំទ្រ ទៅជាការជឿទុកចិត្តគ្នា និងចុងក្រោយបានក្លាយជាសេចក្តីស្រឡាញ់ ដែលទម្លុះព្រំដែនរវាងមនុស្សមកពីភពពីរផ្សេងគ្នា៕
























