ត្បិតចង់អភិរក្សបន្តដល់កូនចៅជំនាន់ក្រោយ អ្នកស្រុកអង្គរបន្តទំនៀមទម្លាប់តាំងពីបុរាណដោយបានរៀបចំ «ពិធីឡើងអ្នកតា និងបញ្ជូនអ្នកតាឡើងគោក» នៅប្រាសាទវត្តអធ្វា។ កិច្ចពិធីដ៏វិសេសវិសាលមួយនេះជាជំនឿបុរាណរបស់សហគមន៍អ្នកស្រុកអង្គរ។
ស្ថិតនៅប្រាង្គកណ្ដាលនៃប្រាសាទវត្តអធ្វា ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់បានរួបរួមគ្នាប្រារព្ធកិច្ចពិធី «ពិធីឡើងអ្នកតា និងបញ្ជូនអ្នកតាឡើងគោក» ដែលជាជំនឿ និងទំនៀមទម្លាប់តាំងពីបុរាណ ដែលពួកគាត់ជឿថាកិច្ចពិធីនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមនុស្ស ជំនឿ និងធម្មជាតិ។ បើតាមទំនៀមទម្លាប់ ពិធីនេះមានអត្ថន័យសំខាន់ៗ ដូចជា៖
- ការចាប់ផ្តើមរដូវកាលថ្មី៖ ខុសពីពិធីឡើងអ្នកតានៅខែមាឃ (បញ្ជូនអ្នកតាចុះទឹក) ដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់ ពិធីក្នុងខែពិសាខនេះ គឺជាសញ្ញាណនៃការ «បញ្ជូនអ្នកតាឡើងគោក» ដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សា។
- ការសុំសេចក្តីសុខ និងទឹកភ្លៀង៖ អ្នកភូមិរៀបចំពិធីនេះឡើងក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខសប្បាយដល់សហគមន៍ និងបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការងារកសិកម្ម ស្របពេលដែលរដូវភ្ជួររាស់ចាប់ផ្តើមចូលមកដល់។
ទោះបីជាស្ថិតក្នុងសម័យកាលទំនើបយ៉ាងណាក្តី ក៏កិច្ចពិធីតាមបែបបុរាណនេះនៅតែបន្តរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួន។ ការអភិរក្សមត៌កអរូបីក្នុងតំបន់អង្គរ គឺជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលត្រូវបានថែរក្សាតកូនតចៅ៕
រូបភាព ៖ ក្រសួងវប្បធម៌