បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

Advertisement

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បុរសជនជាតិចិនដែលមានឈ្មោះថា Le រស់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei បានជួបនឹងអាការញាក់ត្របកភ្នែកខាងស្តាំអស់រយៈពេលជាច្រើនថ្ងៃមិនបាត់ ទោះបីជាគាត់បានសម្រាកភ្នែក និងស្អំទឹកក្តៅឧណ្ហៗហើយក៏ដោយ។

ផ្ទុយពីជំនឿនៅក្នុងប្រទេសកម្ពុជា នៅក្នុងប្រទេសចិនមានជំនឿថា ការញាក់ភ្នែកខាងស្តាំនឹងនាំមកនូវរឿងស៊យ ឬគ្រោះអាក្រក់ ស្របពេលដែលការញាក់ភ្នែកខាងឆ្វេងនឹងនាំមកនូវលាភសំណាង ឬទ្រព្យសម្បត្តិ។

ដោយមានជំនឿទៅលើរឿងនេះស្រាប់ លោក Le កាន់តែព្រួយបារម្ភចំពោះអាការញាក់ភ្នែករបស់ខ្លួន។ លោកបានជ្រើសរើសស្វែងរកព័ត៌មានទាក់ទងនឹងបញ្ហានេះនៅលើអ៊ីនធឺណិត ជំនួសឱ្យការទៅជួបគ្រូពេទ្យ ដោយបានរកឃើញការអះអាងថា ការទះត្របកភ្នែកអាចបណ្តេញគ្រោះចង្រៃបាន។

យោងតាមសារព័ត៌មាន Changjiang Daily លោក Le បានទះតំបន់ជុំវិញភ្នែកស្តាំរបស់គាត់អស់រយៈពេលបីថ្ងៃ។ ជាលទ្ធផល ត្របកភ្នែករបស់លោកពិតជាឈប់កន្ត្រាក់មែន ក៏ប៉ុន្តែភ្នែករបស់លោកបានជួបនឹងបញ្ហាដែលធ្ងន់ធ្ងរជាងមុនទៅទៀត។ ជាក់ស្តែង គំហើញរបស់លោកបានរួមតូច រហូតអាចមើលឃើញតែផ្លូវត្រង់ទៅមុខប៉ុណ្ណោះ ចំណែកឯគំហើញពីចំហៀង (Peripheral vision) ទាំងសងខាងបានបាត់បង់ទាំងស្រុង។

លុះជួបនឹងស្ថានភាពបែបនេះ លោក Le បានទៅជួបគ្រូពេទ្យជំនាញ ហើយធ្វើរោគវិនិច្ឆ័យរកឃើញថា លោកមានជំងឺរបើកបាតភ្នែក (Retinal Detachment)។ ជាសំណាងល្អ ក្រោយការវះកាត់រួចរាល់ គ្រូពេទ្យអាចស្តារគំហើញរបស់លោក Le ឱ្យត្រឡប់មកមើលឃើញជាធម្មតាវិញ។

គ្រូពេទ្យបានពន្យល់ថា បាតភ្នែករបស់មនុស្សមានកម្រាស់ជាមធ្យមតិចជាង ០.៣ មីលីម៉ែត្រប៉ុណ្ណោះ ហើយការទះខ្លាំងៗអាចបញ្ជូនកម្លាំងទង្គិច ដែលនាំឱ្យមានបញ្ហារបើកបាតភ្នែកនេះបាន។

គ្រូពេទ្យបានលើកឡើងបន្ថែមទៀតថា ការកន្ត្រាក់ ឬញាក់ត្របកភ្នែករយៈពេលខ្លីភាគច្រើន គឺកើតចេញពីការដែលភ្នែកសម្រាកមិនគ្រប់គ្រាន់ ភាពនឿយហត់ ការគេងមិនលក់ ឬភាពតានតឹង ហើយវានឹងធូរស្បើយទៅវិញនៅពេលដែលបានសម្រាកគ្រប់គ្រាន់។ ប៉ុន្តែ ប្រសិនបើការកន្ត្រាក់នោះអូសបន្លាយលើសពី ១ សប្តាហ៍ ហើយរាលដាលដល់ថ្ពាល់ ឬចុងមាត់ នោះអ្នកជំងឺគួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យជាបន្ទាន់៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា