ផលិតកម្ម BELIFT LAB ដែលជាបុត្រសម្ព័ន្ធរបស់ HYBE បានចេញមុខបញ្ជាក់ជាផ្លូវការជាថ្មីកាលពីថ្ងៃទី១៥ ខែមីនា ថា Heeseung នឹងមិនវិលត្រឡប់មកចូលរួមជាមួយក្រុម ENHYPEN វិញឡើយ។ ការប្រកាសនេះបានធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការប្រកាសដ៏ភ្ញាក់ផ្អើលជុំវិញថាតារាចម្រៀងរូបនេះបានសម្រេចចិត្តចាកចេញពីក្រុមដើម្បីអាជីពជាសិល្បករទោល។
យោងតាម The Korea Herald តំណាងក្រុមហ៊ុនបានលើកឡើងថា «យើងសម្រេចចិត្តគោរពតាមទិសដៅសិល្បៈផ្ទាល់ខ្លួនរបស់ Heeseung» និងបានបន្ថែមថាកាលវិភាគដ៏មមាញឹករបស់ ENHYPEN គឺជាឧបសគ្គដែលមិនអាចឱ្យលោកបន្តសកម្មភាពក្រុម និងទោលទន្ទឹមគ្នាបាន។
ទោះយ៉ាងណាការបញ្ជាក់ជំហរដាច់អហង្ការបស់ក្រុមហ៊ុនមិនបានជួយបន្ថយភាពតានតឹងទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យអ្នកគាំទ្រអន្តរជាតិមកពីបណ្ដាប្រទេសជាច្រើនដូចជា ហ្វីលីពីន ចិន សិង្ហបុរី និងឥណ្ឌាបង្កើនយុទ្ធនាការតវ៉ាកាន់តែខ្លាំងឡើង។ ENGENE បានចង្អុលបង្ហាញពីភាពមិនប្រក្រតីជាច្រើនដូចជាការលុបចោលកម្មវិធី Fan call ភ្លាមៗ ការផ្អាកកម្មវិធី ‘En-o’clock’ និងការលុបចោលសំបុត្រយន្តហោះទៅកាន់មហោស្រពតន្ត្រីនៅមែលប៊នត្រឹមតែ ២ ថ្ងៃមុនព្រឹត្តិការណ៍។ ជាងនេះទៀតការប្រើពាក្យថា «ត្រូវបានណែនាំដោយក្រុមហ៊ុន» ក្នុងសំបុត្ររបស់ Heeseung រឹតតែធ្វើឱ្យមហាជនជឿថាការចាកចេញនេះមិនមែនជាឆន្ទៈពិតប្រាកដរបស់សិល្បករ ១០០% ឡើយ។
សហគមន៍អ្នកគាំទ្របានលើកឡើងថាក្នុងវិស័យខេប៉ុបមានសិល្បករជាច្រើនដែលអាចបន្តអាជីពទោលផង និងសកម្មភាពក្រុមផងទោះបីជានៅក្រោមផលិតកម្មផ្សេងគ្នាក៏ដោយ។ ប៉ុន្តែការបំបែក Heeseung ចេញពីក្រុមភ្លាមៗដោយគ្មានការលាគ្នាពីសមាជិកដទៃត្រូវបានអ្នកគាំទ្រចាត់ទុកថាជាការរឹតត្បិតសិទ្ធិសេរីភាព ការគាបសង្កត់ និងជាការរៀបចំដែលខ្វះតម្លាភាព។ បច្ចុប្បន្នយុទ្ធនាការតវ៉ានៅខាងក្រៅការិយាល័យ HYBE ទាំងក្នុងទីក្រុងសេអ៊ូល និងបណ្ដាប្រទេសផ្សេងៗត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី ២១ ខែមីនា ខណៈដែលអ្នកគាំទ្រនៅតែប្រកាន់ជំហររង់ចាំការបកស្រាយដែលមានហេតុផលជាងនេះពីសំណាក់ BELIFT LAB៕